ទិកាពិភាក្សាស្តីពីសុវត្ថិភាពចំណីអាហារធ្វើនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង

ភ្នំពេញ៖ នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងនាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ នេះក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី សកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងគម្រោង MUSEFO នៃអង្គការ GIZ បានរួមគ្នារៀបចំនូវវេទិកាពិភាក្សាស្តីពី «សុវត្ថិភាពចំណីអាហារ» ក្រោមអធិបតីភាព ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអប់រំយុវជននិងកីទ្បា ក្រសួងកិច្ចការនារី សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិគម្រោង MUSEFO នៃអង្គការ GIZ សាកលវិទ្យាល័យ MSUV និង UBC ប្រទេសកាណាដា។ ព្រឹត្តិការណ៍អន្តរស្ថាប័នដ៏សំខាន់នេះត្រូវបានគាំទ្រដោយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងគម្រោង MUSEFO នៃអង្គការ GIZ។

កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភនៃ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិបានលើកឡើងថា៖ «បញ្ហាសុវត្ថិភាពចំណីអាហារគឺជាកង្វល់របស់យុវជនទាំងអស់។ យើងមានការព្រួយបារម្ភខ្លាំងណាស់លើចំណីអាហារដែលដាក់លក់លើទីផ្សារនាពេលសព្វថ្ងៃនេះ ជាពិសេសបន្លែ ផ្លែឈើ ត្រី សាច់ និងផលិតផលិតផលអាហារកែច្នៃ ដែលប្រើប្រាស់សារធាតុគីមីលើសកម្រិត។ យុវជនមានក្តីព្រួយបារម្មណ៍ថាចំណីអាហារដែលមានសារធាតុគីមីលើសកម្រិតទាំងនោះអាចបង្ករគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរក្នុងរយៈពេលវែងដូចជាជំងឺមហារីកជាដើម។ យើងខ្ញុំសូមស្នើសុំឱ្យសមត្ថកិច្ច និងអ្នកជំនាញគ្រប់លំដាប់ថ្នាក់មេត្តាត្រួតពិនិត្យជាប្រចាំនូវសុវត្ថិភាព និងគុណភាពចំណីអាហារ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយលើសារគ្រឹះការអប់រំស្តីពីសុវត្ថិភាពចំណីអាហារនេះ ឱ្យបានយល់ដឹងស៊ីជម្រៅក្នុងចំណោមសារណជនទូទាំងប្រទេសរួមទាំងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់ដូរផងដែរ»។ 

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា៖​ «អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល ដែលបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺ គឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារ។  ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាគរូស និងកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។ ថ្ងៃនេះជាឱកាសដ៏ល្អមួយដែលភាគីពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារទាំងអស់ រួមទាំងយុវជនបានមកជួបជុំគ្នាដើម្បីពិភាក្សាលើប្រធានបទដ៏សំខាន់នេះ»។  

ឯកឧត្ដម ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ «ក.ប.ប បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើសុវត្តិភាពចំណីអាហារដើម្បីធានាបាននូវសុខមាលភាពរបស់អ្នកប្រើប្រាស់។ ក្រុមការងារបច្ចេកទេស ក.ប.ប របស់យើងបានចុះត្រួតពិនិត្យទីផ្សារលក់ផលិតផលអាហារជាប្រចាំក្នុងបំណងធ្វើយ៉ាងណាឱ្យផលិតផលទាំងអស់ដែលដាក់លក់តាមទីផ្សារមានសុវត្ថិភាព និងអនុលោមតាមស្តង់ដារ និងបទបញ្ញត្តិ។ ទោះបីយ៉ាងណាយើងក៏នៅមានចំណុចខ្វះចន្លោះច្រើនដែលតម្រូវឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីការងារមានប្រសិទ្ធភាពខ្ពង់»។

លោកឱសថការី អាង ហ៊ុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់បានស្លាប់ក្នុងករណីពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន៤,៦៩៩នាក់»។

លោកស្រី Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ ថ្លែងថា៖ «អាហារូបត្ថម្ភស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ ប៉ុន្តែសុវត្ថិភាពចំណីអាហារក៏សំខាន់ដូចគ្នាដែរ។ យើងមិនអាចនិយាយអំពីប្រព័ន្ធស្បៀង របបអាហារសុខភាពល្អ និងអាហារូបត្ថម្ភដោយគ្មានសុវត្ថិភាពចំណីអាហារ។ អាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ»។

នៅក្នុងកិច្ចពិភាក្សាដែលមានវាគ្មិនចូលរួមមកពីអន្តរក្រសួងទាំង៦ ព្រមទាំងក្រុមយុវជជើងឯកអាហារូបត្ថម្ភអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ បានផ្តល់នូវសេចក្តីសន្និដ្ឋានសរុប ៧ចំណុចដូចខាងក្រោម៖

១. សុវត្ថិភាពចំណីអាហារគឺជាបញ្ហា និងកង្វល់រួមតម្រូវឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីដោះស្រាយ។

២. ដើម្បីឱ្យការអនុវត្តន៍លើដំណោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារមានប្រសិទ្ធភាពខ្ពស់ ដំបូងកម្ពុជាចាំបាច់ត្រូវបញ្ចប់និងប្រកាសដាក់ឱ្យយប្រើប្រាស់នូវច្បាប់ស្តីពីសុវត្តិភាពចំណីអាហារនេះឱ្យបានឆាប់រហ័ស និងពង្រឹងការអនុវត្តន៍ច្បាប់ថ្មីនេះឱ្យមានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់។

៣. គួរមានផែនការអនុវត្តលម្អិតដែលរំលេចពីសកម្មភាព ការទទួលខុសត្រូវ និងពេលវេលាច្បាស់លាស់ និងធនធានសមស្របសម្រាប់ក្រសួងស្ថាប័ននិមួយៗ និងអន្តរក្រសួង។

៤. គួរមានកម្មវិធីឃោសនាផ្សាយទ្រង់ទ្រាយធំលើផលប៉ះពាល់របស់ចំណីអាហារដែលគ្មានសុវត្តិភាពលើសុខភាពនិងសេដ្ធកិច្ចដោយមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំកំពូល។

៥. គួរមានការត្រួតពិនិត្យជាប្រចាំលើសុវត្តិភាពចំណីអាហារសម្រាប់ផលិតផលម្ហូបអាហារទាំងអស់ ហើយចាត់វិធានការម៉ឺងម៉ាត់លើអ្នកផលិត អ្នកចែកចាយ និងអ្នកលក់ដូរដែលរំលោភបំពានលើច្បាប់ ឬស្តង់ដារ និងបទបញ្ញត្តិពាក់ព័ន្ធសុវត្ថិភាពចំណីអាហារដែលមានជាធរមាន។

៦. ប្រើប្រាស់យន្តការដែលមានស្រាប់ ឬបង្កើតយន្តការថ្មីដោយមានការចូលរួមពីតំណាងយុវជនក្នុងដំណើរការដោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារ។

៧. ត្រូវបន្តពង្រឹងការចេញវិញ្ញាបនប័ត្របញ្ចាក់ជូនកសិករផលិត និងអ្នកលក់ដូរចំពោះបន្លែ ផ្លែឈើ និងចំណីអាហារដែលកំណត់ថាមានសុវត្ថិភាពដើម្បីធានា សុខមាលភាពរបស់អ្នកទទួលទាន៕

ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller International-Cambodia)