ជប៉ុនផ្តល់ ១,០៩៣,៨១៨ ដុល្លារអាមេរិកសម្រាប់ការលើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ និងការកសាងសមត្ថភាពយុវជន

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកាសរុបចំនួន ១,០៩៣,៨១៨ ដុល្លារអាមេរិកដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោង​អង្គ​ការ​ក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខានៅថ្ងៃទី០៩ ​ខែមីនា ឆ្នាំ​២០២២ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទំាងពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖

១. គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី៣) ទទួលបានថវិកាជំនួយ ៤៤៥,៩៩៤ ដុល្លារអាមេរិក
អង្គភាពទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន (KnK)
នៅក្នុងគម្រោងនេះ អង្គការ KnK នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ចោលការសិក្សា។ សម្រាប់ឆ្នាំទី៣ នៃគម្រោងនេះ មជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ នឹងត្រូវបានសាងសង់ ហើយមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន៤ ដែលរួមទាំងមជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ដែលទើបសាងសង់នេះនឹងត្រូវបានបំពាក់ជាមួយនឹងសម្ភារៈសិក្សា។ តាមរយៈការផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានភាពប្រសើរជាងមុន ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់យុវជន ពួកគេអាចទទួលបានជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះមួយសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគតរបស់ពួកគេ។

២. គម្រោងការរួមបញ្ចូលគ្នាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី៣) ដែលទទួលបានថវិកាចំនួន ៦៤៧,៨២៤ ដុល្លារអាមេរិក
អង្គភាពទទួលជំនួយ៖ អង្គការ World Vision Japan (WVJ)
ក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និង WASH ទឹកស្អាត និងអនាម័យដល់មន្ត្រីសុខាភិបាល និងមន្ត្រីអភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ក្នុងខេត្តព្រះវិហារផងដែរ។ សកម្មភាពជាបន្តបន្ទាប់ទាំងនេះចាប់តាំងពីឆ្នាំទីមួយនៃគម្រោង នឹងរួមចំណែកកែលម្អស្ថានភាពទាំងមូលនៃការអនុវត្តការផ្តល់អាហារ និងការប្រើប្រាស់ទឹកដែលមានសុវត្ថិភាពក្នុងខេត្តព្រះវិហារ និងជួយកុមារឱ្យមានការលូតលាស់ប្រកបដោយសុខភាពល្អ និងភាពរឹងមាំជាងមុន។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សម្រាប់គម្រោងទីមួយ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៤៤៦ពាន់​ដុល្លារ​អាមេរិក ​សម្រាប់​គម្រោង​ដែល​អនុវត្ត​ដោយអង្គការកុមារឥតព្រំដែន។ ចាប់តាំងពីឆ្នាំ២០០០មក អង្គការបាន និងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង។ អង្គការបាន​ចូល​រួម​ក្នុង​សកម្មភាពនានា ​ដូចជា​ការ​គាំទ្រ​ការងារ​ដល់​យុវជន​តាម​រយៈ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ខេត្ត​ប៉ៃលិន។ នៅក្នុងប្រទេសកម្ពុជា អត្រាបោះបង់ចោលការសិក្សារបស់យុវជននៅក្នុងខេត្តនេះមានកម្រិតខ្ពស់ ដែលធ្វើឱ្យបាត់បង់ឱកាសសម្រាប់ការអប់រំ និងការចាប់យកជំនាញសម្រាប់អនាគតរបស់ពួកគេ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការងារ​ជា​បន្តបន្ទាប់​របស់​អង្គការ ​ដើម្បី​ជម្នះ​ស្ថានភាព​ទាំងនេះ។ នៅក្នុងគម្រោងឆ្នាំទី៣ នៅខេត្តប៉ៃលិននេះ អង្គការនឹងសាងសង់មជ្ឈមណ្ឌលសិក្សាសហគមន៍ CLC ថ្មីចំនួនពីរ ហើយនឹងផ្តល់សម្ភារៈសិក្សាដល់ CLC ចំនួន៤ ដែលរួមទាំង CLC ដែលទើបសាងសង់ថ្មីនេះផងដែរ។ អង្គការក៏នឹងបន្តធ្វើការដើម្បីគាំទ្រដល់ការគ្រប់គ្រង CLC ពិនិត្យឡើងវិញនូវខ្លឹមសារនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងកែលម្អបរិស្ថាននៃ CLC ដែលបានអនុវត្តចាប់ពីឆ្នាំទី១មក។ ខ្ញុំ​សង្ឃឹម​ថា តាមរយៈ​គម្រោង​នេះ យុវជន​នឹង​ទទួល​បាន​ការងារ​ដែលមានស្ថិរភាព និង​មាន​ជីវិត​កាន់​តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត»។

សម្រាប់គម្រោងទីពីរ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ​ ៦៤៨​ពាន់​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​ដែល​អនុវត្ត​ដោយអង្គការ World Vision Japan។ ចាប់តាំងពីឆ្នាំ២០១០មក អង្គការបាននិងកំពុងចូលរួមក្នុងសកម្មភាពទាក់ទងនឹងសុខភាព ការអប់រំ និងការបង្កើនប្រាក់ចំណូល តាមរយៈការអភិវឌ្ឍក្នុងតំបន់ក្នុងខេត្តនានានៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានបន្តថ្លែងអំណរគុណដល់អង្គការ World Vision Japan សម្រាប់ការរួមចំណែករបស់ពួកគេអស់រយៈពេលជាយូរមកនេះ ក្នុងការកែលម្អស្ថានភាពសុខាភិបាលនៅក្នុងតំបន់ទាំងនោះ។ នៅក្នុងឆ្នាំទី៣នៃគម្រោងនេះ អង្គការនឹងបន្តសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីសុខភាពមាតា និងទារក អាហារូបត្ថម្ភ និងទឹក ដល់បុគ្គលិកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងសហគមន៍មូលដ្ឋាន។ តាមរយៈសកម្មភាពទាំងនេះសង្ឃឹមថាស្ថានភាពសុខភាព និងអាហារូបត្ថម្ភរបស់កុមារដែលរស់នៅក្នុងតំបន់ទាំងនោះ នឹងមានភាពប្រសើរឡើង ហើយប្រជាជនដែលរស់នៅទីនោះនឹងទទួលបានទឹកដែលមានសុវត្ថិភាពសម្រាប់ប្រើប្រាស់។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមទៀតថា៖ «ខ្ញុំសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដែលរួមមានវិស័យសុខាភិបាល និងបរិស្ថានអប់រំ។ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់កម្ចីហិរញ្ញប្បទានយេន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងការស្តារផ្លូវជាតិលេខ៥ ក៏ដូចជាសម្រាប់ការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ១៩ ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន ២០ពាន់លានយេន។ ការគាំទ្រទ្រង់ទ្រាយធំបែបនេះ ទំនោរជាទទួលបានការចាប់អារម្មណ៍ច្រើនពីប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុនចាត់ទុកថាវាមានសារៈសំខាន់ស្នើគ្នា ក្នុងការផ្តល់ការគាំទ្រនៅតាមតំបន់ជនបទដោយធ្វើការជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ តាមរយៈការប្រើប្រាស់ជំនួយឥតសំណងគូសាណូណិ និងជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោកយ៉ាងណាក៏ដោយ ប្រទេសជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានា»។ 

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤៨លានដុល្លារអាមេរិកដល់គម្រោងចំនួន១៤៥ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈលេខទូរសព្ទ័ះ៖ ០២៣-២១៧-១៦១ ទូរសារ៖ ០២៣-២១៤-៣៣០ អ៊ីម៉ែល៖ [email protected]​ លោកអ្នកអាចឆែកព័ត៌មានបន្ថែមតាមរយៈ គេហទំព័រ៖ http://www.kh.emb-japan.go.jp៕

ប្រភព៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា