ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥២៧,១២២ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទំាងបី ដើម្បីអនុវត្តគម្រោងដូចតទៅ៖
១. គម្រោងសាងសង់ស្ពានបេតុងក្នុងស្រុកកោះធំ ខេត្តកណ្តាលដែលទទួលថវិកាចំនួន ១២៣,៨៣៥ ដុល្លារអាមេរិក។ អង្គភាពទទួលជំនួយ៖ រដ្ឋបាលឃុំលើកដែក។
ក្នុងគម្រោងនេះគឺស្ពានឈើដែលមានអាយុកាល៧០ឆ្នាំមួយកន្លែង នឹងត្រូវបានជំនួសដោយស្ពានបេតុងថ្មីមួយ។ ដោយសារភូមិនានាត្រូវបានបែងចែកដោយទន្លេ ប្រជាជនក្នុងភូមិ រួមទាំងកុមារនៅក្នុងវ័យសិក្សា និងស្ត្រីមានផ្ទៃពោះ គ្មានជម្រើសផ្សេងក្រៅពីធ្វើដំណើរឆ្លងកាត់ស្ពានចាស់នេះ ដើម្បីទៅសាលារៀន និងមណ្ឌលសុខភាព។ កសិករ និងអ្នកនេសាទ ប្រឈមនឹងការលំបាកក្នុងការនាំយកផលិតផលរបស់ពួកគេទាំងនៅស្រស់ៗ ទៅលក់នៅផ្សារក្នុងស្រុក ដោយសារត្រូវប្រើពេលវេលាដឹកជញ្ជូនយូរ។ មិនតែប៉ុណ្ណោះ ដោយសារហានិភ័យនៃការបាក់រលំស្ពាន រថយន្តពន្លត់អគ្គិភ័យមិនអាចឆ្លងកាត់ស្ពាននេះបានទេ។ យើងរំពឹងថា គម្រោងនេះនឹងកែលម្អស្ថានភាពទាំងអស់នេះ ហើយប្រជាជនជាង ៧,០០០ នាក់ នៅក្នុងតំបន់នេះ នឹងអាចធានាបាននូវសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។
២. គម្រោងសាងសង់ស្ពានក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះដែលទទួលបានថវិកាចំនួន ១៣៦,៧៩១ ដុល្លារអាមេរិក។ អង្គភាពទទួលជំនួយ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ។
ក្នុងគម្រោងនេះ ថវិកាជំនួយនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឡើងវិញនូវស្ពានមួយ ដែលទម្រក្បាលស្ពានទាំងសងខាង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកភ្លៀង និងកណ្តៀរ។ ប្រសិនបើស្ពាននេះដួលរលំ វានឹងរារាំងដល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោង។ ជាងនេះទៅទៀតស្ពានបច្ចុប្បន្នលិចទឹកប្រហែល ៥ដងក្នុងមួយឆ្នាំ ហើយមានការពិបាកក្នុងការឆ្លងកាត់ស្ពាននេះរហូតដល់ទឹកស្រកវិញ ដែលធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រមទាំងសកម្មភាពប្រចាំថ្ងៃ ដូចជាការទៅសាលារៀន និងមន្ទីរពេទ្យជាដើម។ យើងរំពឹងថា គម្រោងនេះនឹងកែលម្អស្ថានភាពទាំងអស់នេះ ហើយប្រជាជនជាង ៣,០០០ នាក់ នឹងមានលទ្ធភាពប្រើប្រាស់បរិក្ខារសាធារណៈបានពេញមួយឆ្នាំ។
៣. គម្រោងស្តារប្រព័ន្ធធារាសាស្ត្រទានកាំក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលបានថវិកាចំនួន ២៦៦,៤៩៦ ដុល្លារអាមេរិក។ អង្គភាពទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ។
ក្នុងគម្រោងនេះ ថវិកាជំនួយនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារទំនប់ទឹក និងសាងសង់ទ្វារទឹកចំនួនបីកន្លែង។ ប្រព័ន្ធធារាសាស្រ្តនេះ ត្រូវបានសាងសង់ក្នុងនៅទសវត្សរ៍ឆ្នាំ១៩៧០ ហើយត្រូវបានជួសជុលឡើងវិញដោយស្ថាប័នទទួលជំនួយ នៅក្នុងឆ្នាំ២០០៦។ ទោះយ៉ាងណា ទំនប់ទឹកមួយផ្នែកបានបាក់ដោយសារទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ ការស្រោចស្រពមិនអាចប្រព្រឹត្តទៅបានទេក្នុងរដូវប្រាំង លុះត្រាតែមានការបង្ហូរទឹកចេញពីអាងស្តុកទឹកនៅផ្នែកខាងលើនៃទំនប់អាងទានកាំ។ លើសពីនេះ ប្រព័ន្ធធារាសាស្ត្រនេះមិនអាចស្តុកទឹកភ្លៀងបានគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងទេ។ យើងរំពឹងថា គម្រោងនេះនឹងកែលម្អស្ថានភាពទាំងអស់នេះ ហើយប្រជាជនជាង ៤៤,០០០ នាក់នៅក្នុងតំបន់គម្រោង នឹងទទួលបានអត្ថប្រយោជន៍ពីអាងស្តុកទឹកដែលត្រូវបានស្តារឡើងវិញនេះ។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬក៏ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ក្នុងរយៈពេល៣០ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៥ លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៦៦៨ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
ប្រភព៖ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
