វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

ភ្នំពេញ៖ គម្រោងពហុវិស័យ​សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា គឺជាផ្នែកមួយ​​​នៃ​កម្មវិធី​សកលស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ការពង្រឹងភាពធន់​នឹងអាកាសធាតុ ក្រោមគំនិត​ផ្តួចផ្តើម​ពិសេសស្តីពី​ពិភពលោក​មួយគ្មាន​ភាពអត់ឃ្លាន ​(One World, No Hunger Initiative) របស់ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ ចនិង​អភិវឌ្ឍន៏​​នៃសាធារណៈរដ្ឋសហពន្ឋ័​អាល្លឺម៉ង់ ​តាមរយៈ​អង្គការ ជី អាយ ហ្សីត​។ គម្រោងនេះ បាន​ចូលរួម​​ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និង​ភាពអត់ឃ្លាន​នៅក្នុង​ពិភពលោក ដោយផ្តោតការយកចិត្ត​ទុកដាក់​​ទៅលើការលើកកម្ពស់​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ​របស់​កុមារ​ និងស្រ្តីក្នុងវ័យបន្តពូជ។​

ដោយឡែក​នៅប្រទេស​កម្ពុជា គម្រោង​ពហុវិស័យ​សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា MUSEFO គឺ​ជាជំនួយ​ឥតសំណង​របស់រដ្ឋាភិបាល​នៃសាធារណៈរដ្ឋ​សហពន្ឋ័អាល្លឺម៉ង់ ​តាមរយៈ​អង្គការ ជី អាយ ហ្សីត​ ដែលបានចុះកិច្ចព្រមព្រៀង​អនុវត្ត​ជាមួយរាជរដ្ធាភិបាលកម្ពុជា តំណាងដោយ​ក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៏​វិស័យ​កសិកម្ មនិងជនបទ។ ​គម្រោង​ MUSEFO នេះ បាន​ចូលរួមចំណែក​ធ្វើឱ្យប្រសើរ​ឡើងនូវ​ស្ថានភាព​​​សន្តិសុខស្បៀង​ និងអាហារូបត្ថម្ភ​ របស់ជន​ក្រីក្រ​និង​ជនងាយរង​គ្រោះ ពិសេស​កុមារ និងស្រ្តី​ក្នុងវ័យ​បន្តពូជ​នៅក្នុងខេត្តកំពត និងកំពង់ធំ តាមរយៈ ទី១. ការផ្តល់​សេវា​លើកកម្ពស់​​សុខភាពនិង​សេវា​អាហារូបត្ថម្ភ​។ ទី២. ​ការធ្វើកសិកម្ម​ដោយ​គិតគូរដល់អាហារូបត្ថម្ភ​តាមរយៈការបង្កើន​ផលិតកម្ម​កសិកម្ម​ចម្រុះ​មុខដំណាំ​សម្រាប់​​បរិភាគ​ក្នុងគ្រួសារផង​ និងលក់​នៅ​លើទីផ្សារផង។ ទី៣. ការផ្តល់​ចំណេះដឹង ​និង​ធ្វើ​សកម្មភាព​​ដើម្បីផ្លាស់​ប្តូរ​ឥរិយាបទបុគ្គលនិង​សង្គម និងទី៤. អភិបាលកិច្ចលើ​វិស័យ​សន្តិសុខស្បៀង ​និង​អាហារូបត្ថម្ភ។

គម្រោង MUSEFO ក៏បានជួយ​ដល់​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍វិស័យ​កសិកម្ម និងជនបទ ក្នុងការអនុវត្ត​​នូវ​ផែនការ​សកម្មភាព​​នានា នៅក្នុង​យុទ្ធសាស្រ្ត​​​ជាតិ​ស្តីពីសន្តិសុខស្បៀង​ និង​អាហារូបត្ថម្ភ ក្នុងចលនា​បង្កើន​អាហារូបត្ថម្ភនៅកម្ពុជា ព្រមទាំងជួយ​កសាងសមត្ថភាព​របស់​គ្រូ​បង្គោល​លើវិស័យ​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ​​​សម្រាប់ធ្វើការ​បណ្តុះ​បណ្តាល​បន្ត​នៅថ្នាក់​ជាតិ​និងថ្នាក់ក្រោម​ជាតិ។ នៅពេលបច្ចុប្បន្ននេះ គម្រោង​​ក៏​​នៅជួយផ្សព្វផ្សាយ​យុទ្ធសាស្រ្ត​ជាតិស្តីពី​​សន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ទៅដល់​ថ្នាក់​ក្រោមជាតិ ជួយគាំទ្រការឆ្លើយតបទៅនឹង​ការរាតត្បាត​នៃជំងឺ​កូវីដ១៩ ដូចជា៖ ការផ្តល់​កញ្ចប់​​អាហារជូន​ស្រ្តីមានផ្ទៃពោះ ការផលិតវីដេអូ​អប់រំ និងការប្រមូល​ទិន្នន័យពីផលប៉ះពាល់​ដោយសារជំងឺ​កូវីដ១៩​​​ទៅលើ​ការទទួលបានស្បៀង ការមានស្បៀង និងប្រាក់ចំណូលគ្រួសារនីមួយៗ ជាដើម។ លើសពីនេះ គម្រោងបាន​ជួយ​រៀបចំ​កិច្ចសន្ទនា​ថ្នាក់ជាតិ​ស្តីពី​ប្រព័ន្ធស្បៀង​នៅកម្ពុជានិងផ្តល់សម្ភាៈ ​VideoConference សម្រាប់ ២៤ខេត្ត​​​​​​​និងជួយកសាង​សមត្ថភាព​​ដល់​ក្រុមប្រឹក្សាឃុំ​ សង្កាត់ លើវិស័យសន្តិសុខ​ស្បៀង​​និង​អាហារូបត្ថម្ភ។

ដោយឡែកនៅខេត្តកំពត និងកំពង់ធំគម្រោងពហុវិស័យសន្តិសុខ​ស្បៀង​​ និង​អាហារូបត្ថម្ភ​នៅកម្ពុជា បានចូលរួម​ចំណែក​បង្កើនការមានស្បៀង​ និងការ​ទទួលបាន​ស្បៀង​ដែល​មានសារៈជាតិចិញ្ចឹម តាមរយៈ​​ការបង្កើន​ផលិតកម្មកសិកម្មចម្រុះ​ និងធ្វើឱ្យ​ប្រសើរឡើង​នូវសេវា​អាហារូបត្ថម្ភ​​សម្រាប់ស្រ្តីមានផ្ទៃពោះ និង​កុមារអាយុ​ក្រោម២ឆ្នាំ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​កម្មវិធីជាតិ​អាហារូបត្ថម្ភ ពិសេសជួយដល់​មន្ទីរ​សុខាភិបាល មណ្ឌល​សុខភាព​ខេត្តកំពត និងកំពង់ធំ ដើម្បីបង្កើត​ជាយន្តការផ្តល់ប្រឹក្សាលើបញ្ហា​អាហារូបត្ថម្ភ។ គម្រោង​បាន​និងកំពុងជួយដល់​ក្រុមគាំទ្រ​សុខភាពភូមិ ក្រុមប្រឹក្សាឃុំ តាមរយៈការផ្តល់សេវា​អប់រំ​អាហារូបត្ថម្ភ និងការបង្កើនការយល់ដឹង​អំពីសារៈសំខាន់នៃ​អាហារូបត្ថម្ភ​ ការរស់នៅស្អាត និងរបៀបធ្វើម្ហូបឱ្យមានសារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បីកាត់បន្ថយបញ្ហាកង្វះ​អាហារូបត្ថម្ភ​របស់ស្ត្រី និងកុមារ។

ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានអត្រា​ការបំបៅ​កូន​ដោយ​ទឹកដោះម្តាយឱ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០ គម្រោង GIZ MUSEFO បានសហការជាមួយ​អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ ​កំពុងរៀបចំដំណើរការសាកល្បង​ការអនុវត្តគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស ​និង​កន្លែងធ្វើការ។ គម្រោងនេះនឹងផ្តល់ជាវេទិកាមួយដល់ស្ត្រី​ដើម្បីពួកគាត់មានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ៗ​​ ដូចជាការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំការចិញ្ចឹមទារក និងកុមារ ការប្រឹក្សាលើរបបអាហារ និង​សុខភាព​​ស្រ្តីនិងច្បាប់ការងារ។ បន្ថែមលើនេះគម្រោងក៏នឹងផ្តល់ជូននូវដំណោះស្រាយសមស្រប​​ដែលអនុញ្ញាតឱ្យនិយោជិកជាស្ត្រីនៅតែអាចបន្តបំបៅកូនដោយទឹកដោះម្តាយនៅពេលពួកគាត់ត្រឡប់មកពីធ្វើការវិញ។

គម្រោង GIZ MUSEFO  បានសហការជាមួយ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ធ្វើការអន្តរាគមន៍ផ្តោតលើស្ត្រីក្នុងវ័យបន្តពូជជាពិសេសស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនដោយ​ទឹកដោះម្តាយ អ្នកថែទាំ បុរសជាប្តី និងសមាជិកគ្រួសារជាបុរសដែលមានកូនអាយុក្រោម២ឆ្នាំ ​ដើម្បីឱ្យ​ពួក​គាត់​មានចំណេះដឹង និងមានការផ្លាស់ប្តូរឥរិយាបថនៅក្នុងសហគមន៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីអភិបាលកិច្ចអាហារូបត្ថម្ភសហគមន៍ ជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាឃុំ​ដាក់​បញ្ចូល​សកម្មភាព​​អាហារូបត្ថម្ភដែលទាក់ទងនឹងកសិកម្ម អនាម័យទៅក្នុងផែនការវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ចងក្រង​ក្រុមយុវសិល្បៈសហគមន៍ដើម្បីជួយផ្សព្វផ្សាយសារសុខភាពស្តីពីអាហារូបត្ថម្ភ ការបរិភោគ​អាហារចម្រុះ ក៏ដូចជាការការពារការចម្លងជម្ងឺកូវីត១៩ រៀបចំទិវាផ្សេងៗ នៅសហគមន៍ដូចជា ទិវាសប្តាហ៍ពិភពលោក​បំបៅដោះ​កូនដោយទឹកដោះម្តាយ ទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងចូលរួមក្នុងយុទ្ធនាការ «​រួមគ្នា​ទទួល​ខុសត្រូវទប់​ស្កាត់ការចម្លងវីរុស-១៩» ជាដើម៕

ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller International-Cambodia)