កុមារក្រីក្រនៅភ្នំពេញត្រូវបង្ខំចិត្តចេញរកចំណូលជួយគ្រួសារ ទោះប្រឈមសុវត្ថិភាព

ខណៈ​ក្មេងៗ​ផ្សេងទៀត​កំពុង​សប្បាយ​ដើរ​លេង​ជាមួយ​ក្រុមគ្រួសារនៅ​តាម​សួន​ច្បារ​  វីរៈ​បុត្រ​ ​អាយុ ​​១៤ឆ្នាំ កំពុង​ដើរ​លក់​ផ្លែឈើ និង​ម្ជូរ​ នៅ​តាម​សួន​ច្បារ​មាត់​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ។ ​វីរៈបុត្រ​​ និយាយ​ថា​ខ្លួន​​ជួយ​រក​លុយ​ឱ្យ​ម្តាយ ​ដើម្បីផ្គត់ផ្គង់​ជីវភាពគ្រួសារ និង​ការ​សិក្សា​របស់ខ្លួន។

កុមារាវ័យ១៤ឆ្នាំ វីរៈបុត្រ កំពុងតែដើរលក់ផ្លែឈើកញ្ចប់នៅសួនច្បារមុខព្រះបរមរាជវាំង និងនៅម្តុំមាត់ទន្លេ។ រូបកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ រូបថតដោយ៖ ទុយ អេងលី

វីរៈបុត្រ ដែល​រៀន​ថ្នាក់​ទី​៧ និយាយថា៖ «ខ្ញុំក៏ហត់ខ្លះដែរ​បង ចាប់ផ្តើមលក់ពីម៉ោង២ដល់ម៉ោង៨ ទៅម៉ោង៩យប់។ ស្ម័គ្រ​ពីខ្លួនឯង! ពីព្រោះអីបើយើងមិនខំរកនឹងអត់លុយទៅរៀន​»។

វីរៈ​បុត្រ ​គឺ​ជាក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ជា​ច្រើន​ទៀត ដែល​ដើរ​លក់​ចំណី ផ្លែឈើ សៀវភៅ ផ្កា និង​សម្ភារៈ​ផ្សេងៗ នៅតាម​ទីសាធារណៈ ភោជនីយដ្ឋាន បៀរហ្គាដិនផ្សេងៗ។ ក្មេង​ៗ ​ដែល​អ្នកសារព័ត៌មាន​បាន​សម្ភាសឱ្យដឹងថា​ម្តាយ​របស់​ពួកគេ​បានឱ្យកូន​មកជួយ​លក់ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់ជីវភាព និងចំណាយទៅលើការ​សិក្សា​របស់​ពួកគេ​ផង​ដែរ។

មានរាងខ្ពស់ សម្បុរខ្មៅស្រអែម និង​ទើប​កាត់​សក់​ម៉ូតក្មេងៗទាន់សម័យ វីរៈ​បុត្រ ដែល​រៀន​នៅ​វិទ្យាល័យ ជា ស៊ីម​ សាមគ្គី​សន្ធរ​ម៉ុក រៀបរាប់​ថាខ្លួន​តែងតែមកជួយលក់ដូរម្តាយជាស្រ្តីមេម៉ាយ នៅតាមសួនច្បារមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ។

ម៉ោងប្រមាណ៦ល្ងាច ក្នុង​សម្លៀកបំពាក់​អាវយឺតពណ៌ស និងខោខូវប៊យពណ៌ខៀវ វីរៈបុត្រ កំពុង​ដើរ​កាន់ថាសដែលមានកញ្ចប់ផ្លៃឈើខ្ចប់រួចជាស្រេចប្រមាណ២០កញ្ចប់​ ដូចជាខ្នុរ ស្វាយ ពុទ្រា​ ម្នាស់ ត្របែក អំពិល ក្រូចថ្លុង សាច់ណែម ពងក្រួច និងពងទាស្ងោរជាដើម។ ក្នុង​មួយ​ថ្ងៃៗ ម្តាយ​រៀបចំ​ឱ្យ​វីរៈបុត្រ​លក់ចាប់ពី៨០ទៅ១០០កញ្ចប់ ដោយទទួលបានប្រាក់ចំណូលប្រហែល២០ម៉ឺនរៀល។

កំពុងតែអង្គុយសម្រាកបន្តិច បន្ទាប់ពីដើរលក់តាមសួន និងតាមទូកមួយសន្ទុះធំ កុមារា វីរៈបុត្រ និយាយ​ថាក្នុងមួយថ្ងៃ គាត់ត្រូវចំណាយពេលយ៉ាងតិច​៧ម៉ោង ដើម្បី​ជួយលក់ដូរម្តាយ ដោយត្រូវចាប់ផ្តើមលក់ពីម៉ោង២រសៀលរហូតដល់ម៉ោង៨យប់​ ឬក៏អាចឈានដល់ម៉ោង៩យប់ អាស្រ័យ​លក់អស់​លឿន។

វីរៈបុត្រ កំពុងលក់ផ្លែឈើកញ្ចប់ជូនភ្ញៀវនៅលើទូកទេសចរណ៍។ រូបកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។​ រូបថតដោយ៖ ទុយ អេងលី

អ្នកស្រី ហែម សុគន្ធា អាយុ៤០ឆ្នាំ ត្រូវជាម្តាយរបស់ វីរៈបុត្រ រៀបរាប់ថាអ្នកស្រី គឺ​ជា​ស្រ្តីមេម៉ាយ ចាប់តាំងពីវីរៈបុត្រ មានអាយុ៦ខែ ហើយសព្វថ្ងៃអ្នកស្រីត្រូវទទួលបន្ទុកចិញ្ចឹម​កូន២នាក់ និងម្តាយចាស់ជរាម្នាក់​ ដោយជួលផ្ទះល្វែងជាន់ទីមួយ ស្ថិត​​នៅ​ម្តុំ​សំណង់​១២ ក្នុង​តម្លៃ២០០ដុល្លារក្នុងមួយខែ។ អ្នកស្រីក៏ត្រូវចំណាយប្រាក់​ប្រមាណ២០០ដុល្លារក្នុងមួយឆ្នាំ ដើម្បី​ទិញ​ថ្នាំព្យាបាលជំងឺទឹកដក់ក្នុងប្រមាត់ ដែលអ្នកស្រី​ឈឺរយៈពេលជាង៣ឆ្នាំមកហើយ។

អ្នកស្រីឱ្យ​​ដឹង​ថា ដោយសារកត្តាជីវភាព និងមានបំណងចង់ឱ្យ​កូនៗចេញមករៀនសូត្រពីសង្គមខាងក្រៅ អ្នកស្រីយល់ឃើញថាការដែលមកលក់ដូរនៅតាមសួនច្បារ​ មិនមែនជាការងារធ្ងន់ធ្ងរពេកឡើយ។ អ្នកស្រី​បន្ថែម​ថាអ្នកស្រី​ក៏​បារម្ភ​អំពី​សុវត្ថិភាព​របស់​កូន ហើយ​ក៏​មិនសូវ​ឱ្យកូន​លក់លើសពីម៉ោង៨ទៅម៉ោង៩យប់ឡើយ​។  ទោះ​ជាយ៉ាងណា អ្នកស្រីបញ្ជាក់​ថាអ្នកស្រី​នៅ​តែ​ជំរុញលើកទឹកចិត្ត​​ឱ្យ​កូន​បន្ត​ការ​សិក្សា។

អ្នកស្រី ហែម សុគន្ធា និយាយថា៖ «និយាយរួម បងចង់និយាយថា តាមពិតពេលក្មេងនៅតូច បងអត់ចង់ប្រើទេអូន ដូចថាបងយល់ ដូចថាការប្រើប្រាស់កម្លាំងក្មេង គឺវាខុស តែគ្រាន់ថាពេលខ្លះយើងគ្មានជម្រើស។ យើងគ្មានជម្រើសណាអូន ហើយណាមួយបានគាត់មកអ៊ីចឹងទៅ ក៏យើងធូរមួយ​កម្រិតដែរ»។

អ្នកស្រី​បន្ថែមថា៖ «បងអាណិតគាត់​ និយាយរួមបងអត់ចង់​ឱ្យគាត់មក តែណាមួយយើង​ឱ្យ​គាត់នៅផ្ទះ គាត់ថាគាត់មកជួយលក់។ តែមកលក់ពេលខ្លះឃើញកូនដើរលក់អាណិត អាណិត មែនអត់អាណិតទេ ពេលខ្លះអាណិតអ៊ីចឹង ថាបើសិនជាគាត់មានប៉ាអ៊ីចឹងណា! តែធ្វើម៉េចអូន ជីវភាពយើងចេះតែប្រឹងទៅ»។

មិនខុស​គ្នា​ប៉ុន្មាន កុមារា សុធី អាយុ១០ឆ្នាំ ជាអ្នកលក់ដូរភេសជ្ជៈ និងស្លាបមាន់អាំង នៅម្តុំមាត់ទន្លេ មិនឆ្ងាយប៉ុន្មានពី​​ទីសក្ការៈព្រះ​​អង្គ​ដង្កើ​​។

អ្នកស្រី ធីតា អាយុ៤១ឆ្នាំ ត្រូវជាម្តាយរបស់​សុធី រៀបរាប់​ថាអ្នកស្រីមានកូននៅក្នុងបន្ទុក៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ហើយ​ក្រុមគ្រួសារ​បានចាកចេញពីស្រុកកំណើតនៅ​ស្រុកកោះធំ ខេត្តកណ្តាល មករស់នៅទីក្រុងភ្នំពេញ ប្រហែល១០ឆ្នាំមកហើយ ដោយជួលបន្ទប់ស្នាក់នៅក្នុងមួយខែ តម្លៃ​៤០ដុល្លារ។ អ្នកស្រីអះអាង​ថា​អ្នកស្រី​បាន​ឱ្យកូនៗ ជួយលក់ដូរ ដើម្បី​រក​​ចំណូល ដោយគាត់យល់ថាវាមិនមែនជាការងារដែលប្រើកម្លាំងធ្ងន់ពេកនោះទេ។

កុមារា សុធី កំពុងតែអង្គុយជួយលក់ដូរភេសជ្ជៈជាមួយម្តាយនៅមាត់ទន្លេនាពេលរាត្រី។ រូបថតថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ រូបថតដោយ៖ ទុយ អេង លី

ក្រៅ​ពី​ត្រូវ​រក​ចំណូល​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ អ្នកស្រី ធីតា ក៏ត្រូវសងបំណុលគេ​ផង​ដែរ ដោយ​ក្នុង​មួយ​ខែ​អ្នកស្រី​ត្រូវ​បង់​ជាង​១០០ដុល្លារ។

ទោះ​ជាយ៉ាងណា អ្នកស្រី ធីតា ក៏​បារម្ភ​អំពី​សុវត្ថិភាពរបស់​​កូន​ផង​ដែរ ដោយ​អ្នកស្រី​មិនហ៊ាន​ឱ្យ​កូនៗ ជួយលក់ដូរដល់យប់ជ្រៅនោះឡើយ។

អ្នកស្រីនិយាយ​ថា​៖ «សុខចិត្តត្រឹមម៉ោង៩អី​ឱ្យ​ពួកគាត់ទៅគេង! [ខ្ញុំ​]លក់ដល់ម៉ោងប្រហែលជា១០ ឬក៏១១យប់ ពេលខ្លះក៏ឈានទៅដល់ម៉ោង១២»

អ្នកស្រីនៅ​តែបារម្ភអំពី​អនាគត​កូន​ៗ ដូច្នេះអ្នកស្រី និងស្វាមី បានប្តេជ្ញា​ចិត្ត​ឱ្យកូនៗ ​បានទៅសាលារៀនសូត្រ បើទោះបីជាកូនៗ​ ហត់នឿយពីការលក់ដូរជាមួយអ្នកស្រីនៅពេលយប់ក៏ដោយ។

អ្នកស្រី​បន្ថែម​ថា៖ «តស៊ូ​ឱ្យគាត់រៀនទាស់អស់ពីលទ្ធភាព បញ្ជូនគាត់ទៅរៀន អាហ្នឹងបានគិតទៀត។ ​តែបើថាឥឡូវ វារក៏ដោយ លូនក៏ដោយ ​ឱ្យទៅរៀនហើយ»។

ចំណែក​កុមារី ម៉េងហ៊ង អាយុ១៣ឆ្នាំ កំពុងតែលក់ផ្លែឈើ​ និង​ម្ជូរ​ នៅតាមសួន ភោជនីយដ្ឋាន នៅឯត្រើយខាងកើតទល់មុខព្រះបរមរាជវាំង ក្បែរសណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ម៉េងហ៊ង ឱ្យដឹងថា ដោយសារតែឪពុកម្តាយជំពាក់លុយធនាគារច្រើន ទើបនាងក៏ដូចជាបងប្អូនទាំងអស់ ចេញមកជួយលក់ដូរ ដើម្បីរកលុយជួយសម្រួល​ជីវភាពគ្រួសារ និង​សង​បំណុលគ្រួសារ។ ម៉េងហ៊ង ដែល​ជាកូនទី៣ក្នុង​ចំណោម​បងប្អូន៤នាក់ និង​កំពុងតែរៀនថ្នាក់ទី៦ បានចេញលក់ដូរ នៅម៉ោង៥ល្ងាច រហូតដល់ម៉ោង១០យប់ ឬក៏អាចឈានទៅដល់ម៉ោង១១យប់​។ នាងត្អូញត្អែរនឿយហត់​ពី​ការលក់ដូរដល់យប់ជ្រៅ ហើយ​មិន​មាន​ពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ។ ទោះជាយ៉ាងណា នាង​ចាត់​ទុក​ការ​ចេញ​មក​លក់​ខាងក្រៅនេះ ដោយសារ​មិន​មាន​ជម្រើសឡើយ។

ម៉េងហ៊ង និយាយថា៖ « ដោយសារខ្ញុំឃើញប៉ាម៉ាក់ខ្ញុំគាត់ពិបាក ជំពាក់លុយគេច្រើន! [ជំពាក់ធានាគារ] ពីព្រោះម៉ាក់ខ្ញុំគាត់អ្នកខ្ចីហ្នឹង។ ហត់ដែរ! តែធ្វើម៉េច អឺ…ពិបាកអ៊ីចឹង! ខ្ញុំស្ម័គ្រ​ចិត្តខ្លួនឯងហ្នឹង»។

កុមារាម្នាក់កំពុងតែដើរលក់ផ្លែឈើកញ្ចប់នៅសួនច្បារមុខព្រះបរមរាជវាំង។ រូបកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។​ រូបថតដោយ៖ ទុយ អេងលី

អ្នក​ស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្រ្តី និងកុមារនៃសមាគមសិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា​បើទោះបីជាការងារដែលកុមារដើរលក់ដូរតាមសួន ជាប្រភេទ​ការងារមិនសូវជាប្រើកម្លាំងខ្លាំងយ៉ាងណាក៏ដោយ​ តែវានៅតែស្ថិតនៅក្នុងទម្រង់ការជួញដូរកម្លាំងពលកម្មកុមារ​ ដោយអ្នកស្រីយល់ឃើញថាកុមារ​ត្រូវតែទទួលបានការសិក្សារៀនសូត្រ ការចិញ្ចឹម​បីបាច់ពីគ្រួសារ ជាពិសេសគឺការគាំពារពីសង្គម។

អ្នកស្រី​​និយាយថា៖ «​បើយើងមើលជារួម នេះគឺជាការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារហើយ នៅក្នុងទម្រង់មួយនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មហើយ ដោយសារតែយើងមើលឃើញថាកុមារគាត់ត្រូវទទួលបាននូវការការពារ ការចិញ្ចឹម​បីបាច់ថែរក្សា ការផ្តល់ឱកាស​ឱ្យគាត់បានរៀនសូត្របានគ្រប់គ្រាន់។ អ៊ីចឹងដោយសារតែឪពុកម្តាយគាត់មានបញ្ហាជីវភាព ហើយគាត់ខ្វះលុយខ្វះកាក់អ៊ីចឹង ត្រូវបង្ខំ​ឱ្យគាត់ទៅធ្វើការងារលក់ដូរពេលយប់ពេលអ៊ីចឹង»។

អ្នកស្រីបន្ថែមថា​រដ្ឋាភិបាលគួរតែមានកញ្ចប់ថវិកាជួយដល់សិស្សក្រីក្រ ដើម្បី​ឱ្យពួកគាត់បានរៀនសូត្រ។

អ្នកស្រី ម៉ៅ ម៉ាប់ និយាយថា៖ «គាត់គឺជាសមាជិកសង្គមមួយ អ៊ីចឹងរដ្ឋាភិបាលគួរតែមានកាតព្វកិច្ចនៅក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹង ព្រោះយើងឃើញថាគួរតែមានកញ្ចប់ថវិកាសម្រាប់ជួយទៅដល់អ្នកដែលក្រីក្រ មានជីវភាពខ្វះខាត ហើយជាពិសេសគឺសម្រាប់ក្មេងៗ»។ អ្នកស្រីបន្ថែមថា៖​ «អ៊ីចឹងក្នុងនាមរដ្ឋាភិបាល គឺមើលការងារខុសត្រូវដល់ប្រជាពលរដ្ឋរបស់ខ្លួន គឺត្រូវតែមានកាតព្វកិច្ចមួយ ក្នុងការមានកញ្ចប់ថវិកាជួយទៅដល់កូនសិស្សក្រីក្រ ដើម្បី​ឱ្យគាត់បានរៀនសូត្របានអ៊ីចឹង ហើយគួរតែមានមុខរបរបង្កើនសេដ្ឋកិច្ចជាតិ ដើម្បីជួយទៅដល់សេដ្ឋកិច្ចគ្រួសារ»។

របាយការណ៍មួយ​របស់អង្គការយូនីសេហ្វ ​ឱ្យដឹង​ថា​ចាប់ពីឆ្នាំ​២០១១-២០១៥ កុមារកម្ពុជាជាងមួយលានកន្លះ បានប្រឈមនឹងការ​រំលោភ​កម្លាំងពលកម្មធ្ងន់ធ្ងរ។ ក្នុងចំណោម​កុមារទាំងអស់​នោះ ភាគច្រើនជាកុមារកំព្រា កុមារ​អនាថា កុមារលក់ដូរតាមដងផ្លូវ ឬកុមារលក់តាមសួន និងតាមហាងនានាក្នុងរាជធានីភ្នំពេញ។ កុមារទាំងនោះ ភាគច្រើនបំផុតបានរងនូវការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរពីឪពុកម្តាយ ភ្ញៀវ និងនិយោជករបស់ពួកគេ។

អង្គការយូនីសេហ្វ បាន​​ចេញផ្សាយ​របាយការណ៍មួយទៀតកាលពី​ឆ្នាំ២០១៧ និង​មាន​ចំណងជើងថា «ផលប៉ះពាល់លើកុមារនៃការធ្វើចំណាកស្រុកមករាជធានីភ្នំពេញ» បង្ហាញថាកុមារដែលធ្វើចំណាកស្រុក​តាមឪពុកម្តាយ មួយភាគធំបានបោះបង់ការសិក្សា គ្មានការការពារ និងរងការកេងប្រវ័ញ្ចពលកម្ម ដោយសារជីវភាពគ្រួសារក្រីក្រ។

លោក តូច ចាន់នី អ្នកនាំពាក្យ​​ក្រសួង​សង្គមកិច្ច មាន​ប្រសាសន៍​ថា​ក្រសួង​មិនអនុញ្ញាត​ឱ្យមាន​ក្មេងៗ លក់ដូរនៅតាមសួន និងតាមចិញ្ចើម​ផ្លូវនោះទេ ដោយសារ​វាប៉ះពាល់សុវត្ថិភាពកុមារ ជាពិសេស គឺប៉ះពាល់ដល់ការសិក្សា​របស់​ពួកគេ។

លោក​បញ្ជាក់​ថា​៖ «តាមពិតទៅ ពាក់​ព័ន្ធនឹងដែលលក់តាមចិញ្ចើម​ថ្នល់ហ្នឹង គឺមែនទែនទៅ យើងមិនអនុញ្ញាតទេ។ ទីមួយគាត់ប្រឈមនឹងគ្រោះថ្នាក់ ហានិភ័យជាមួយនឹងចរាចរណ៍អីហ្នឹងណា។ គាត់អាដែងរបស់របរគាត់លក់ រត់ឆ្លងចុះ ឆ្លងឡើង នេះជាបញ្ហាបាទ! មានបញ្ហាដទៃច្រើនទៀត ធ្វើ​ឱ្យគាត់ខាតបង់ការសិក្សា គាត់មិនបានទៅសាលាទៅអ៊ីចឹង»។

លោក តូច ចាន់​នី បន្ថែម​ថាក្រសួងបានអនុវត្តវិធានការមួយ​ចំនួន ដោយអញ្ជើញអាណាព្យាបាល ក៏ដូចជាក្មេងៗ ជាច្រើនទៅណែនាំ។ ប៉ុន្តែលោក​បញ្ជាក់​ថា​ក្រសួង​មិន​មាន​សិទ្ធអំណាចទៅចាប់ ឬក៏ទៅឃាត់ពួកគាត់មិនឱ្យលក់ដូរឡើយ។ លោកអំពាវនាវ​ឱ្យ​ក្រសួងដែលជាប់ពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា ជាពិសេស គឺអាជ្ញាធរមាន​សមត្ថកិច្ចតាមតំបន់ ដែលមានសិទ្ធិ​គ្រប់​គ្រាន់ក្នុងការហាមឃាត់ពួកគាត់ មិន​ឱ្យដើរលក់ដូរតាមសួនសាធារណៈ។

ត្រឡប់ទៅ​កុមារា វីរៈ​បុត្រ​ វិញ បើទោះបីជាមានពេលវេលារៀនសូត្រនៅពេលព្រឹក និងបានរៀនគួរបន្ថែមក្រៅម៉ោងខ្លះៗក៏ដោយ វីរៈបុត្រ ហាក់បីដូចជាមិនសូវជាមានជំនឿចិត្តថាអាចនឹងសម្រេចបំណងប្រាថ្នាធ្វើជានគរ​បាលម្នាក់​ នាពេលអនាគត​បាន​ឡើយ។

វីរៈបុត្រនិយាយ​ហាក់​ដូចជា​អស់​សង្ឃឹមជាមួយសំឡេងខ្សោយ​ថា៖ «អាចនឹងធ្វើអត់បានទេ [ធ្វើ​ប៉ូលិសព្រោះអីខ្ញុំរៀន​ផង ហើយលក់ផង ព្រោះអីយើងនៅរៀនផង។ យើងនៅលក់ផង ហើយយើងអត់មានពេលឈប់ទៀត»

អត្ថបទដោយ៖ ទុយ អេងលី (សគូរ៉ា)