ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​បន្តជួយគាំទ្រដល់ដំណាំកៅស៊ូប្រកប​ដោយចីរភាពនៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​ (AFD) និងអគ្គនាយកដ្ឋានកៅស៊ូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ១,៥លានអឺរ៉ូ ដើម្បីគាំទ្រដល់គម្រោងថ្នាក់តំបន់មួយស្តីពីការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្មលើខ្សែច្រវ៉ាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី កម្ពុជា ភូមា ឡាវ និងហ្វ៊ីលីពីន) ផលិតកៅស៊ូធម្មជាតិ៧៣% ក្នុងចំណោមកៅស៊ូធម្មជាតិទាំងអស់នៅលើពិភពលោក។ ប៉ុន្តែការដាំដុះកំពុងរងគ្រោះដោយកត្តាធំៗ ពីរ​យ៉ាងគឺ៖ ការឡើងកម្តៅអាកាសធាតុដែលអាចប៉ះពាល់ដល់លក្ខខណ្ឌនៃការដាំដុះ និងការថយចុះកម្លាំងពលកម្មក្នុងវិស័យនេះ។

ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​ (AFD) បានសម្រេចគាំទ្រដល់គម្រោងថ្នាក់តំបន់មួយស្តីពីការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្ម​លើខ្សែច្រវ៉ាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា FORSEA តាមរយៈការផ្តល់ជំនួយឥតសំណងចំនួន១,៥លានអឺរ៉ូ ដល់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវក្សេត្រសាស្រ្តសម្រាប់ការអភិវឌ្ឍ (CIRAD)។ គម្រោងខាងលើនឹងត្រូវដាក់ឱ្យដំណើរការនៅប្រទេសកម្ពុជាដោយរួមសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងនៅប្រទេសថៃ និងវៀតណាមផងដែរ។   គម្រោងនេះមានគោលដៅរួមចំណែកជួយដល់ប្រទេសទាំងនេះទប់ទល់ទៅនឹងបញ្ហាប្រឈមក្នុង​វិស័យកៅស៊ូ ដោយ​ផ្តល់ព័ត៌មានអំពីផលវិបាក (ផ្នែកបច្ចេកទេស សង្គម និងសេដ្ឋកិច្ច) នៃការផ្លាស់ប្តូរទាំងនេះ និងដោយបញ្ជាក់ច្បាស់អំពីដំណោះស្រាយនានា ដើម្បីធ្វើការបន្សាំឱ្យកាន់តែមានប្រសិទ្ធភាព។ ទិន្នន័យ​ទាំងអស់នឹងត្រូវចែករំលែកជាមួយតួអង្គសំខាន់ៗ គ្រប់កម្រិតនៃវិស័យកៅស៊ូ។

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​ផ្តល់ការគាំទ្រដល់វិស័យកៅស៊ូនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ ដោយដំបូងឡើយជួយលើការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារដែលជាការជួយដល់អាជីវកម្មខ្នាតតូចៗ។ បច្ចុប្បន្ន ការជួយជ្រោមជ្រែងនេះត្រូវបានពង្រីក ហើយទីភ្នាក់ងារ AFD ក៏ផ្តល់ការគាំទ្រផងដែរដល់គម្រោងផលិតកម្មកៅស៊ូប្រកបដោយចីរភាព ដែលត្រូវបានដាក់ឱ្យអនុវត្តដោយអង្គការ WWF និងគម្រោងពង្រឹងផលិតភាព និងគុណភាពវិស័យកៅស៊ូ ដោយរួមសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ។ ទីភ្នាក់ងារ AFD នឹងបន្តផ្តល់ការគាំទ្រដល់វិស័យនេះសម្រាប់ឆ្នាំខាងមុខៗ ទៀត។

លោកស្រី អូហ្វេលី បួរីស ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយដែលអាចបន្តជួយគាំទ្រដល់វិស័យកៅស៊ូនៅកម្ពុជា។ គម្រោង​នេះស្ថិតក្នុងក្របខ័ណ្ឌនៃការបន្តការផ្តល់ហិរញ្ញប្បទានក្នុងវិស័យអន្តរាគមន៍ជាយូរមកហើយ  របស់​ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងក្នុងការបន្សាំវិស័យកៅស៊ូទៅនឹងអាកាសធាតុ គឺមានសារសំខាន់ដោយសារប្រ​ជា​​ពលរដ្ឋនៅជនបទជាច្រើនទទួលបានចំណូលពីវិស័យនេះ។ ម៉្យាងទៀត គម្រោងនេះផ្តល់ឱកាសឱ្យយើងបន្តកិច្ចសហការប្រកបដោយគុណភាពជាមួយមជ្ឈមណ្ឌល CIRAD ដែលជាដៃគូដ៏យូរលង់ណាស់មកហើយរបស់ទីភ្នាក់ងារ AFD នៅក្នុងគម្រោងផ្តល់ការគាំទ្រដល់ប្រព័ន្ធដាំដុះដំណាំ​កៅស៊ូ»។

ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយដ្ឋានកៅស៊ូ បានលើកឡើងថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកៅស៊ូនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់​ ហើយបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យ​សេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពអ្នកដាំដំណាំកៅស៊ូនៅតាមទីជនបទ។ សមិទ្ធផលទាំងនេះអាចសម្រេចបានអាស្រ័យដោយមានការគាំទ្រពីទីភ្នាក់ងារ​ AFD ជាដៃគូអភិវឌ្ឍតែមួយគត់ដែលបានគាំទ្រវិស័យកៅស៊ូនៅកម្ពុជាក្នុងអំឡុង ២០ឆ្នាំចុងក្រោយនេះ។ ក្នុងថ្ងៃនេះ អគ្គនាយកដ្ឋានកៅស៊ូមានសេចក្តីរីករាយក្នុងការចុះហត្ថលេខាលើគម្រោង FORSEA និងបន្តកិច្ចសហប្រតិបត្តិការ​ដែលមានជាយូរមកហើយជាមួយទីភ្នាក់ងារ AFD និង CIRAD ដើម្បីលើកកម្ពស់ច្រវ៉ាក់ផលិតកម្មកៅស៊ូប្រកបដោយភាពធន់ និង​ចីរភាពនៅកម្ពុជា»។

ចំណែកលោក អេរីក ហ្គោអេ អ្នកសម្របសម្រួលមជ្ឈមណ្ឌល CIRAD នៃគម្រោង FORSEA វិញ បានគូសបញ្ជាក់ថា តាំងពីយូរណាស់មកហើយ មជ្ឈមណ្ឌល CIRAD បានចូលរួមចំណែកក្នុងសកម្មភាពសំខាន់ៗ របស់ទីភ្នាក់ងារ AFD ពាក់ព័ន្ធនឹងវិស័យកៅស៊ូនៅកម្ពុជា។ ជាមួយគម្រោង FORSEA មជ្ឈមណ្ឌល CIRAD នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំពេញការងារ ដើម្បីលើកស្ទួយជីវភាពផលិតករកៅស៊ូនៅអាស៊ីអាគ្នេយ៍ រួមជាមួយនឹងទីភ្នាក់ងារ AFD និងដៃគូបារាំងនានា ដែលបំពេញការងារលើការស្រាវជ្រាវ និងអភិវឌ្ឍដំណាំកៅស៊ូ ជាពិសេសនៅកម្ពុជា ក៏ដូចជាធានានូវនិរន្តរភាពនៃវិស័យនេះផងដែរ។​

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)៖ ទីភ្នាក់ងារ AFD ជាស្ថាប័នអនុវត្តគោលនយោបាយរបស់ប្រទេសបារាំងពាក់ព័ន្ធនឹងការអភិវឌ្ឍ និងសាមគ្គីភាពអន្តជាតិ។ តាមរយៈសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់វិស័យសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាតាមរយៈការងារ និងការបោះពុម្ពផ្សាយ ការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្សព្វផ្សាយនៅប្រទេសបារាំង ទីភ្នាក់ងារ AFD ផ្តល់ហិរញ្ញប្បទាន ជួយជ្រោមជ្រែង និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅកាន់ពិភពមួយកាន់តែមានភាពល្អប្រសើរ និងភាពធន់។ ជាមួយដៃគូរបស់ខ្លួន ទីភ្នាក់ងារ AFD ស្វែងរកដំណោះស្រាយប្រកបដោយការចែករំលែកជាមួយ និងសម្រាប់ប្រជាជនប៉ែកខាងត្បូង។ ក្រុមការងាររបស់ទីភ្នាក់ងារ AFD បំពេញការងារ​លើគម្រោងជាង ៤​០០០ ក្នុង ១១៥ប្រទេស និងដែនដីដែលមានវិបត្តិ សម្រាប់សម្បត្តិរួម ដូចជាអាកាសធាតុ សន្តិភាព សមភាពយែនឌ័រ វិស័យអប់រំ និងសុខាភិបាល។ ក្នុងន័យនេះ យើងចូលរួមចំណែកក្នុងការប្តេជ្ញាចិត្តរបស់ប្រទេស និងពលរដ្ឋបារាំងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ពិភពរួមគ្នាមួយ។ ទីភ្នាក់ងារ AFD បានចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅកម្ពុជាចាប់ពីឆ្នាំ១៩៩៣។ តាំងពីពេលនោះមក ទីភ្នាក់​ងារ AFD បានកៀរគរហិរញ្ញប្បទានចំនួនជាង៨០០លានអឺរ៉ូ ដែលមានគោលដៅក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅនៃការអភិវឌ្ឍប្រកប​ដោយចីរភាព៕

ប្រភព៖ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា