ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

214

ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើ​សាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ​។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។​

ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។ លើសពីនេះទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថាជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca​ ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះ​នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។

ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ចាំបាច់។ យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា