សារ​របស់​ឯកឧត្តម មិកាមិ ម៉ា​សាហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​សម្រាប់​ការ​​ផ្ដល់​​ជំនួយ​វ៉ាក់សាំង

ថ្ងៃ​អង្គារ ទី១៣ ខែមិថុនានេះ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ AstraZeneca ចំនួន​ប្រមាណ១លានដូស​ដល់​កម្ពុជា​។ ជំនួយ​នេះ​ធ្វើ​ឡើង​ស្រប​តាម​ចំណង​មិត្ត​ភាព​រវាង​ ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែក​លើ​ស្ថានភាព​កូវីដ​១៩​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្ដល់​អាជ្ញាបណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន ​នឹងត្រូវបានដឹកជញ្ជូន​មក​ដល់ រាជធានី​​ភ្នំពេញ​ក្នុងពេលដ៏ឆាប់ខាងមុខនេះនៅ​ពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ខ្ញុំ​សង្ឃឹម​ថា​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ​១៩​ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ព្រួយ​បារម្មណ៍មួយចំនួន​​របស់​ប្រជា​ជន​កម្ពុជា​។

ប្រឈមមុខនឹង​ការ​រីករាលដាល​នៃមេរោគឆ្លង​ថ្មី​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះនេះ​​ ការ​ចាក់​វ៉ាក់​សាំង​ និងការ​​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ គឺជា​កត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​។  មកទល់ពេលនេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយស្មើនឹងសរុប​​ប្រមាណ​ ច្រើនជាង៥០​លាន​ដុល្លារអាមេរិកដល់​កម្ពុជា​​ដែល​រួម​មាន​ការ​ផ្ដល់​បរិក្ខារ​ពេទ្យ ការ​កែលម្អ​មន្ទីរពេទ្យ​ ការ​គាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់​ស្កាត់​​ការ​ចម្លង​ជម្ងឺ​តាម​ព្រំដែន​ ក៏ដូច​ជា​ការ​ផ្ដល់​បរិក្ខារ​សម្រាប់​ដឹក​ជញ្ជូន​ និង​រក្សាទុក​វ៉ាក់​សាំង​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។ យើង​ក៏បាន​ផ្ដល់​ជា​កម្ចី​ប្រមាណ ​២២៧​លាន​ដុល្លារ​អាមេរិក ដែលត្រូវបាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូវីដ​១៩  និង​សម្រាប់​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល។

​ក៏​សូម​ឆ្លៀត​ក្នុង​ឱកាស​នេះ​សម្ដែង​នូវ​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​ចំពោះ​អ្នកជំនាញ​សុខាភិបាល​​ និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែ​​ចាត់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ដែល​ត្រូវខិតខំ​ប្រឈម​នឹង​ស្ថានភាព​ដ៏លំបាក​នេះ។

ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩​ដែល​ជា​បញ្ហា​ពិភព​លោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួម​គ្នា​ជាមួយកម្ពុជា​ដែល​ជា​​មិត្ត​ដ៏​សំខាន់​របស់​យើង។

ខ្ញុំ​សង្ឃឹម​ថា​ស្ថាន​ភាព​នឹង​អាច​ល្អ​ប្រសើរឡើង​​ក្នុង​ពេល​ដ៏​ឆាប់ខាង​មុខ​​នេះ ហើយ​ការ​ផ្លាស់​ប្ដូរ​រវាង​​ប្រទេស​យើង​ទាំង​ពីរក៏ដូចជាក្នុងពិភពលោក​នឹង​អាចចាប់ផ្តើម​ឡើង​វិញ​។

ខ្ញុំ​សូម​បួង​សួង​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​មាន​សុខភាព​ល្អ និង​មានសុវត្ថិភាព​។

រូបភាពដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា