អ្នក​ជំនាញ​ថា​ ជំងឺ​កូវីដ-១៩​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ងាយ​ធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​

ក្នុងពេលដែលជំងឺកូវីដ-១៩កំពុងរីករាលដាលនៅទូទាំងសកលលោក រួមទាំងកម្ពុជាផងនោះ វិបត្តិនៃជំងឺដ៏កាចសាហាវមួយនេះក៏បានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងអំឡុងពេលដែលអាជ្ញាធរប្រើប្រាស់វិធានការបិទខ្ទប់ (Lockdown) ដើម្បីរឹតបន្តឹងការធ្វើដំណើរនិងការជួបជុំគ្នា។

កំពុងរៀបចំភេសជ្ជៈដាក់លក់នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកស្រី ជូ ពេជ្យលី រៀបរាប់ថា ក្នុងពេលដែលអាជ្ញាធរចេញវិធានការហាមឃាត់មិនឱ្យមានការចេញពីផ្ទះ អ្នកស្រីចាប់ផ្តើមមានអារម្មណ៍តានតឹង ដោយសារតែប្រឈមបញ្ហាជីវភាព និងព្រោះតែមិនអាចជួបជុំមនុស្សបានដូចមុនផង។

ស្ត្រីវ័យ៦៥ឆ្នាំរូបនេះ ឱ្យដឹងទៀតថា ក្នុងអំឡុងពេលដែលផ្ទុះជំងឺកូវីដ-១៩នេះ អ្នកស្រីបានជ្រើស​រើសយកវិធីសាស្ត្រជជែកលេងតាមរយៈទូរសព្ទជាមួយកូនៗរបស់អ្នកស្រីដែលនៅឯខេត្តកំពង់ឆ្នាំង ដើម្បីសាក​សួរ​សុខទុក្ខទៅវិញទៅមកនិងបំបាត់ការអផ្សុក។

នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «អូយស្រ្តេស [ភាពតានតឹងក្នុងអារម្មណ៍] ណាស់! នៅក្នុងផ្ទះយូរៗទៅ ដល់ពេលបាយលែងចង់ឆ្ងាញ់ហើយ។ ឮថាមិនឱ្យចេញៗ បើសិននៅតែក្នុងផ្ទះ បើអត់មានដីនៅខាងក្រោយ ប្រហែលជាពិបាកដែរ ឈឺហ្អាស! ដល់យើងបានដី ទៅជិះកង់លេងអ៊ីចឹងទៅ មានក្មេងៗអីលេងនៅក្រោយដីវាលដីហ្នឹង៣ហាត់[ហិកតា] ល្ងាចឡើងរាងគ្រាន់ [បាត់តាងតឹងក្នុងអារម្មណ៍]»។

ទោះយ៉ាងនេះក្តី អ្នកស្រីនៅតែបង្ហាញក្តីព្រួយបារម្ភដោយសារតែមិនដឹងថា តើជំងឺកូវីដ-១៩​នេះនឹងបញ្ចប់ទៅនៅពេលណា?

អ្នកស្រីនិយាយថា៖ «ហ្នឹង! មិនដឹងម៉េចទៀតផង បើសិនជាកើតឡើងទៀតអី មិនដឹងយ៉ាងម៉េចទេ»។

ពលរដ្ឋម្នាក់ទៀតជាអាជីវករលក់សាច់មាន់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កញ្ញា ហូ ស្រីនូ បានឱ្យដឹងថា ក្នុងតំបន់ដែលកញ្ញាស្នាក់នៅ ត្រូវបានអាជ្ញាធរកំណត់ដាក់ជា​តំបន់លឿងទុំ ដែលស្ថិតក្នុងការឆ្លងកម្រិតមធ្យម ខណៈមានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណ២ទៅ៣នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

កញ្ញា​ចាប់​ផ្តើម​មាន​អារម្មណ៍​ធុញថប់ ដោយសារមិន​អាចចេញពីផ្ទះបាន ហើយថា ទោះបីជាអាជ្ញាធរបានបិទបញ្ចប់វិធានការបិទខ្ទប់ក្តី ក៏កញ្ញានៅតែមានអារម្មណ៍ភ័យខ្លាចឆ្លងជំងឺនេះដដែល។

កញ្ញា ស្រីនូ និយាយថា៖ «ពេលហ្នឹងអផ្សុកណាស់បងអើយ! ព្រោះអីនៅក្នុងបន្ទប់អ៊ីចឹង អត់មានអ៊ីនធឺណិត ហើយរាងធុញថប់ណាស់ […] បើសិនជាអ្នកនៅភ្នំពេញអ៊ីចឹង ពេលកូវីដ បើគេឱ្យនៅផ្ទះឃុំខ្លួនអ៊ីចឹង វាអត់ដូចនៅស្រុកស្រែ។ នៅស្រុកស្រែ ដូចថាអារម្មណ៍គេរាងស្រស់​ស្រាយ បើយើងនៅក្នុងបន្ទប់ ដឹងតែធុញថប់»។

វិធានការ​បិទ​ខ្ទប់ដោយហាម​មិនឱ្យពលរដ្ឋ​អាច​ចេញ​ពី​ផ្ទះ​ និងការរឹតត្បិតមិនឱ្យជួបជុំមនុស្សច្រើននៅតាមទីសាធារណៈ មិនត្រឹម​តែ​​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​និង​ជីវភាព​របស់ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ដោយឡែក វិស័យអប់រំវិញ ក៏រងផលប៉ះពាល់ផងដែរ ដោយសារតែគ្រឹះ​ស្ថានសិក្សាទាំងរដ្ឋនិងឯកជនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយតម្រូវឱ្យសិស្សនិងនិស្សិតត្រូវនៅផ្ទះ ហើយសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញវិញ។ របត់នៃការសិក្សាថ្មីនេះក៏បានជះឥទ្ធិពលទៅដល់ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​អ្នករៀនសូត្រ ​ដោយសារតែមានការបារម្ភពីលទ្ធផលនៃការសិក្សាមានការធ្លាក់ចុះ។

ជានិសិ្សតពេទ្យ រៀននៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោក អេង ភិរុន ដែលកំពុង​អង្គុយលំហែនៅសួនក្តាន់ពីរ ​ក្បែរទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញការព្រួយបារម្ភចំពោះការសិក្សារបស់ខ្លួនថា ​នឹងមិនទទួលបានផលល្អដូចមុន ក្រោយពីសាកលវិទ្យាល័យនេះ តម្រូវឱ្យនិសិត្ស​សិក្សាតាមប្រព័ន្ធអនឡាញ។ លោកថា ការសិក្សាតាម​រយៈប្រព័ន្ធ​អនឡាញបាន​បង្ក​ឱ្យមានបញ្ហាលំបាកមួយចំនួន ដូចជា ការទំនាក់ទំនងជាមួយគ្រូ ការ​ពិភាក្សាក្នុងក្រុម និងការផ្តោតអារម្មណ៍ចំពោះការសិក្ សាជាដើម។

ដោយពាក់ម៉ាសជាប់នឹងមុខ លោក អេង ភិរុន‍ និយាយថា៖ «បញ្ហាចម្បង​រាល់ថ្ងៃនេះ ទី១ គឺលុយ​កាក់ ហើយទី២ ការរៀនសូត្រ។ ក្រៅពីហ្នឹង ខ្ញុំអត់សូវគិតទេ ដោយសារអាចដោះស្រាយបាន តែអា២ហ្នឹង វាពិបាកដោះស្រាយបន្តិច។ ព្រោះកូវីដអ៊ីចឹង យើងអត់អាចចេញក្រៅបាន ហើយ​ការរៀនសូត្រ គឺយើងត្រូវរៀននៅផ្ទះ រៀនតាមអនឡាញទៀត។ យើងដឹងហើយ រៀនតាមអនឡាញអត់ដូចរៀនក្នុងថ្នាក់ទេ សូម្បីតែសួរ សូម្បីតែឆ្ងល់អី ក៏ពិបាកសួរគ្រូ ពេលខ្លះមកពីអ៊ីនធឺណិតម្តងដើរម្តងអត់ដើរ អាហ្នឹងជាបញ្ហា»។

ចំពោះនិស្សិតរូបនេះ ការព្រួយបារម្ភពីបញ្ហាសិក្សានិងការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ គឺជាសម្ពាធផ្លូវចិត្តមួយសម្រាប់រូបលោក។

ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ត ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម នៃរាជ​បណ្ឌិត្យសភា​កម្ពុជា លោក​វេជ្ជបណ្ឌិត នុត សម្បត្តិ មានប្រសាសន៍ថា ប្រជាជនកម្ពុជា​កំពុងរងផលប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្នុងពេលដែលមានការរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ពិសេសគឺក្នុងពេលដែលអាជ្ញាធរចេញវិធានការបិទខ្ទប់។

លោកបន្តថា នេះជាស្ថានភាពថ្មីមួយដែលប្រជាជនកម្ពុជាមិនធ្លាប់បានជួបប្រទះចាប់តាំងពីមានរបបប្រល័យពូជសាសន៍ប៉ុលពតមក ដែលធ្វើឱ្យផ្លូវចិត្តរបស់ប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់ឆ្លងកាត់របបនេះកាន់តែរងសម្ពាធផ្លូវចិត្តខ្លាំង។

លោកបញ្ជាក់ថា៖ «ការរស់នៅរាល់ថ្ងៃជាមួយកូវីដ-១៩នេះ ធ្វើឱ្យប្រជាជនយើងមានសភាពស្រ្តេស​ខ្លាំងណាស់ ថប់អារម្មណ៍ខ្លាំងណាស់ ដោយសារគាត់មិនអាចធ្វើអ្វីដូចពីមុន ព្រោះត្រូវការគម្លាតសុវត្ថិភាព ត្រូវការពាក់ម៉ាស។ ពេលដែលឆ្លងក្នុងសហគមន៍​២០​កុម្ភៈនេះ​ទៀត មានការ​បិទរាជធានីភ្នំពេញ ខេត្តកណ្តាល និងបិទខេត្តមួយចំនួនទៀត។

លោក​បន្ថែមថា៖ «សភាពការដែលកើតឡើងនេះ ធ្វើឱ្យប្រជាជនរស់នៅមានសម្ពាធផ្លូវចិត្តខ្លាំង មិនអាចធ្វើអ្វីដូចចិត្តពីមុនបានផង មិនអាចប្រកបរបរអាជីវកម្មដូចពីមុនដែលមិនទាន់ឆ្លងកូវីដបានផង។ អ្នកខ្លះទៀតដែលគាត់ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម កាន់តែធ្វើឱ្យសម្ពាធផ្លូវចិត្តនេះ​ដែលពីមុនគាត់ធ្លាប់ជួប គាត់មានសម្ពាធកាន់តែធ្ងន់ ធ្វើឱ្យគាត់មានអារម្មណ៍ថា មានការកៀបសង្កត់ មានការលំបាកផ្លូវចិត្ត ពាក់ព័ន្ធផ្លូវអារម្មណ៍ច្រើនក្នុងរយៈពេលកន្លងមកនេះ»

បើតាមលោក កុសល ឌីណា អ្នកពិគ្រោះយោបល់ផ្នែកសុខភាពផ្លូវចិត្តនៅ​អង្គការ​​ចិត្ត​សង្គម​អន្តរវប្បធម៌ ហៅកាត់ថា ធីភីអូ (TPO) មានប្រសាសន៍ថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩​នេះ បានជះឥទ្ធិពលច្រើនដល់សុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់វ័យ មិនថាស្ថិត​នៅ​វ័យ​កុមារ វ័យ​ជំទង់ ឬ​វ័យចំណាស់នោះទេ។

បើតាមអ្នកជំនាញផ្នែកផ្លូវចិត្ត​​រូបនេះ នៅក្នុងអំឡុងពេលនេះ មានប្រជាពលរដ្ឋដែលមកទទួលសេវាពិគ្រោះយោបល់ច្រើន ហើយភាគច្រើនពួកគេបានបង្ហាញអារម្មណ៍ភ័យព្រួយ និងបម្រែបម្រួល​នៃដំណេកជាដើម ដែលលោកថា គឺជារោគសញ្ញានៃបញ្ហាផ្លូវចិត្ត។

លោកបន្តថា ចំនួនអ្នកមកទទួលការពិគ្រោះយោបល់ពីបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលកើតមានជំងឺកូវីដ-១៩ មានការកើនឡើង ដោយថា ជាមធ្យមលោកបានទទួលអ្នកមកពិគ្រោះយោបល់ពីបញ្ហាផ្លូវចិត្ត ចំនួន៣ទៅ៤នាក់ក្នុងមួយថ្ងៃ បើធៀបទៅនឹងមុនពេលដែលមិនទាន់មានជំងឺកូវីដ-១៩ មានមនុស្សប្រមាណតែ២នាក់ប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «ទី១ ការព្រួយបារម្ភភ័យខ្លាចការឆ្លង តើគាត់ឆ្លងអត់! នៅពេលដែលគាត់គិតតែពីការឆ្លង គាត់កាន់តែភ័យ កាន់តែខ្លាច អ៊ីចឹងទៅធ្វើឱ្យគាត់គិតច្រើនរហូតដល់គាត់ដេកអត់លក់ អ៊ីចឹងបញ្ហាសុខភាពរាងកាយហ្នឹង គាត់ត្អូញត្អែរដែរ។ បន្ទាប់មក កត្តាសេដ្ឋកិច្ចក៏មានការ​ត្អូញត្អែរដែរ ហើយករណីមួយចំនួនទៀត គាត់ចាប់ផ្តើមមានគំនិតចង់សម្លាប់ខ្លួននៅពេលដែលគាត់និយាយអំពីបញ្ហាសេដ្ឋកិច្ច ដោយសារបំណុលធនាគារ​កើតឡើង ប៉ុន្តែវាមិនមែនជាភាគរយច្រើនដែលយើងសម្គាល់ថា បញ្ហាសេដ្ឋកិច្ចដែលជំរុញឱ្យគាត់មានការគិតខ្លីនោះទេ»។

បើតាមអ្នកពិគ្រោះយោបល់ផ្នែកសុខភាពផ្លូវចិត្តរូបនេះ យុវជនគឺមានភាគរយខ្ពស់ជាងវ័យ​ដទៃ​ទៀតដែលបានមករកសេវាពិគ្រោះយោបល់ផ្នែកផ្លូវចិត្ត ដោយ​ពួកគេបារម្ភពីការសិក្សា ការ​ទំនាក់​ទំនងក្នុងសង្គម និងការរៀបចំផែនការទៅថ្ងៃអនាគត ជាដើម។

យ៉ាងណាក្តី លោកថា បន្ទាប់​ពីពលរដ្ឋមួយចំនួនបានទទួលការពិគ្រោះយោបល់ជាមួយអ្នកជំនាញ​រួចមក ពួកគាត់ទទួលបានសុខភាពផ្លូវចិត្តល្អប្រសើរឡើងវិញ។ ប៉ុន្តែ​អ្នកជំនាញក៏បានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តវិធីសាស្រ្តមួយចំនួន ដើម្បីដោះស្រាយភាពតានតឹងក្នុងចិត្ត ដោយ​ត្រូវ​កាត់បន្ថយការតាមដានព័ត៌​មាន​ក្លែងក្លាយ ការរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និង​ការធ្វើលំហាត់ប្រាណ ជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះកំពុងតែរីករាលដាលជាសកលនៅឡើយ។

លោកបានផ្តល់ជាយោបល់ថា៖ «អ្វីដែលយើងគួរធ្វើនៅពេលហ្នឹងគឺ ទី១ ទទួលស្គាល់នូវបញ្ហាដែលកំពុងកើតមានឡើង ហើយព្យាយាមរក្សាគម្លាត យើងនៅឱ្យឆ្ងាយ ហើយយើងរកពេលវេលាសម្រាក​ឱ្យគ្រប់គ្រាន់ កុំផ្តោតទៅលើបញ្ហាឬ​ព័ត៌មានដែលក្លែងក្លាយ​ច្រើន ពីព្រោះ​បញ្ហាមួយចំនួន​ដែលកើតឡើង​ហ្នឹង គឺបណ្តាលមកពីបញ្ហាព័ត៌មានក្លែងក្លាយជាច្រើនដែរ ដែលធ្វើឱ្យបញ្ហាផ្លូវចិត្តគាត់ហ្នឹងក៏ឆាប់ភ័យ ឆាប់​ខ្លាច។ យើងអាចធ្វើលំហាត់ប្រាណឬក៏ជជែកលេងនៅក្នុងរង្វង់គ្រួសារយើងតាមរយៈបណ្តាញសង្គមឬដោយផ្ទាល់ទៅតាមវិធានការអ៊ីចឹងទៅ ក៏ជាផ្នែកមួយជួយឱ្យសុខុមាលភាពផ្លូវចិត្តយើងវាបានល្អប្រសើរដែរ»

នៅកម្ពុជាការឆ្លងយ៉ាងរហ័សនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះ គឺចាប់ពីមានការឆ្លងចូលក្នុងសហគមន៍​ជាលើកទី៣ នៅថ្ងៃទី២០ ខែកុម្ភៈ។ ព្រឹត្តិការណ៍ឆ្លងចូលក្នុងសហគមន៍លើកទី៣​នេះ ធ្វើឱ្យ​មាន​អ្នកជំងឺឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ហេតុការណ៍នេះបានបង្កឱ្យ​​ពលរដ្ឋមួយចំនួនមាន​ការភ័យខ្លាច ព្រួយបារម្ភ តក់ស្លុត មានភាពតានតឹងក្នុងអារម្មណ៍ ជាហេតុនាំឱ្យសុខភាពផ្លូវចិត្តរបស់ពលរដ្ឋមួយចំនួនងាយរងផលប៉ះពាល់ ដោយសារតែភាពមិនប្រាកដប្រជានៃជំងឺនេះ៕

អត្ថបទ៖ ទួក ពិសិដ្ឋ (VOD)