អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​​ចង់​បាន​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​ស្រប​ច្បាប់​

អ្នកស្រឡាញ់ភេទដូចគ្នា និងសង្គមស៊ីវិល ស្នើជាថ្មីដល់រដ្ឋាភិបាលផ្តល់​ឯកសារអាពាហ៍​ពិពាហ៍ និងការស្មុំកូនស្រប​ច្បាប់​​ដល់​អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែមន្ត្រីថា រដ្ឋាភិបាលត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិចារណាលើការស្នើនេះ។

អ្នកស្រឡាញ់ភេទដូចគ្នា លោក យ៉ន ពៅ វ័យ៤១ឆ្នាំ រស់នៅខេត្តព្រះវិហារ បាន​លើកឡើងថា ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាក្នុងសង្គមកម្ពុជា បាននិងកំពុងតែវិវឌ្ឍទៅរកភាពល្អប្រសើរ បើទោះបីជាផ្នត់គំនិតនៃការរើសអើងនៅមិនទាន់អាចលុបបំបាត់ចោលទាំងស្រុងក៏ដោយ។

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ហែបុណ្យផ្កាប្រាក់សាមគ្គីទៅកាន់វត្តពៅពិសី ស្ថិតនៅឃុំអូរគន្ទរ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock)

លោកថា៖ «វាមាន [ការរើសអើង] នៅពេលដែលយើងចេញទៅក្រៅឃុំអី វាមានតិចតួច! អ៊ីចឹងបានខ្ញុំឱ្យពិន្ទុថា ឥលូវនេះបាត់ក្នុងការរើសអើងខ្សឹបខ្សៀវគ្នាអាចបាន៧៥ភាគរយហើយ»។

សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នារូបនេះ បន្តថា បើទោះជាការរើសអើងមានការកាត់បន្ថយ ប៉ុន្តែលោកក៏ចង់​ឃើញអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិសេរីភាពក្នុងការ​​រៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ ព្រមទាំង​អាច​​ស្មុំកូន​ដោយស្របច្បាប់​ដូចអ្នកស្រឡាញ់ភេទផ្ទុយគ្នាផងដែរ។

លោក​និយាយថា៖ «ខាងរាជរដ្ឋាភិបាល ក៏សូមឱ្យជួយមានការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ឬស្មុំកូនឱ្យបានស្របច្បាប់។ ពួកខ្ញុំនឹងមិនចោលទេ នឹងបន្តសកម្មភាពដូចគ្នា ខ្ញុំនឹងបន្តរហូតទាល់តែបានបញ្ឈប់នៃការរើសអើងសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា»។

លោក យ៉ន ពៅ បានរៀបរាប់ដែរថា​​ លោកចាប់ផ្តើមស្គាល់អត្តសញ្ញាណរបស់ខ្លួនឯងតាំងពីអាយុ៩ឆ្នាំ ក្នុងពេលដែលមានរូបរាងកាយជាមនុស្សស្រី ប៉ុន្តែលោកមានអត្តចរិត ឫកពា និងចំណង់ចំណូលចិត្តជាមនុស្សប្រុសទៅវិញ។

នៅពេលឈានចូលដល់វ័យ១៨​ឆ្នាំ លោក យ៉ន ពៅ បានចាប់ផ្តើមកាត់សក់ខ្លី ខណៈដែលក្រុមគ្រួសាររបស់លោកមិនបានគាំទ្រនោះទេ ព្រមទាំងមានការរើសអើងពីប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជាមួយគ្នាផងដែរ។

លោក​ថា៖ «តាំងពីក្មេង និយាយរួមទៅ ពេលយើងដឹងក្តីច្បាស់លាស់ ៩ឆ្នាំ! ខ្ញុំប្រកែកនឹងម៉ែឪ ខ្ញុំមិនស្លៀកសំពត់ ស្លៀកសារុង។ ខ្ញុំមិនធ្វើទេការងារស្រី ខ្ញុំចូលចិត្តជួយភ្ជួរ ជួយរាស់បងអីអ៊ីចឹងទៅ។ ហើយល្បែងលេងដូចគ្នា មិនចេះលេងទេល្បែងស្រីៗ លេងតែល្បែងប្រុសៗទេ ដូចជាគប់កៅស៊ូ គប់លុយអីហ្នឹង គឺខ្ញុំចូលចិត្តលេងបាល់លេងអីអ៊ីចឹងទៅ»។

អ្នកសម្របសម្រួលផ្នែកចងក្រងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ប្រចាំសហគមន៍ឥន្ទធនូ (រ៉ក់) លោក ឈុំ រដ្ឋា មានប្រសាសន៍ថា អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាក្នុងពេលបច្ចុប្បន្នចាប់ផ្តើមបង្ហាញអត្តសញ្ញាណខ្លួនឯងជាសាធារណៈ ដោយពុំមានការអៀនខ្មាសដូចមុននោះឡើយ។

លោកបន្តថា សកម្មភាពដើម្បីបញ្រ្ជាបការយល់ដឹងពីសិទ្ធិសេរីភាពរបស់ពួកគេ ចាប់តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ក៏តែងតែមានការគាំទ្រពីក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងអាជ្ញាធរផង​ដែរ​។

លោកបន្ថែមថា អ្វីដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នាកំពុងតែប្រឈម គឺពួកគេចង់បានសិទ្ធិសេរីភាព​ផ្នែកផ្លូវច្បាប់ រួមមាន សិទ្ធិរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ សិទ្ធិស្មុំកូនយកមកចិញ្ចឹម និងតម្រូវការ​ឯកសារច្បាប់​ផ្សេងៗទៀត។

លោក ឈុំ រដ្ឋា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ៊ីចឹងហើយបានយើងកំពុងតែធ្វើការជាមួយគ្នា ទាំងអស់គ្នា ជាមួយសហគមន៍យើងក្តី ភាគីដែលពាក់ព័ន្ធក្តី ធ្វើម៉េចដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវ​ការរបស់យើងទាំង៣សំខាន់​។ ទី១ គឺយើងចង់បានអាពាហ៍ពិពាហ៍ យើងចង់ឱ្យមានច្បាប់ទទួលស្គាល់ ហើយនិងអនុញ្ញាតឱ្យពួកយើងគ្រប់គ្នារៀបការដោយអត់គិតពីភេទ អត់គិតពីយេន​ឌ័រ ដែលហៅថា សមភាពអាពាហ៍ពិបាហ៍។ ទី២​ យើងចង់ធ្វើម៉េចឱ្យមានការស្មុំកូន​ដោយស្របច្បាប់សម្រាប់គ្រួសារឥន្ទធនូ។ ហើយទី៣ មានការទទួលស្គាល់ឯកសារផ្លូវច្បាប់ផ្សេងៗ»។

ទោះជាយ៉ាងនេះក្តី អ្នកស្រលាញ់ភេទដូចគ្នាកំពុងតែធ្វើកិច្ចការយ៉ាងសកម្ម ដើម្បីធានាថា ក្រុមដែលមានសំឡេងភាគតិចមួយនេះអាចរស់នៅកាន់តែមានភាពស្មើ​គ្នាដូចពលរដ្ឋដទៃទៀត ជាពិសេសគឺពួកគេរំពឹងថា នឹងអាចទទួលបានសិទ្ធិរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់។

ការស្នើសុំរបស់អ្នកស្រលាញ់ភេទដូចគ្នានេះ បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជានិងពិភពលោកកំពុងប្រារព្ធទិវាអន្តរជាតិ «បញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា» ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

ដើម្បីចូលរួមប្រារព្ធសប្តាហ៍មោទកភាព និងទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២១នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយនូវកម្រងជីវប្រវត្តិសង្ខេបរបស់សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នាម្តងម្នាក់ៗ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលើកិច្ចប្រឹងប្រែងក្នុងការបំពេញការងាររបស់មេដឹកនាំជាអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងវិស័យសង្គមស៊ីវិល និងសកម្មជនអ្នកស្រឡាញ់ភេទដូចគ្នា។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលបានចូលរួមក្នុងយុទ្ធនាការនេះដែរ បានលើកឡើងថា ការចូលរួមក្នុងកម្មវិធីនេះគឺជាឱកាសមួយដើម្បីលើកកម្ពស់ការយល់ដឹងពីសិទ្ធិសេរីភាពអ្នកស្រឡាញ់ភេទដូចគ្នាទៅកាន់សង្គមកម្ពុជា ដែលកន្លងមកតែងតែមានការរើសអើង ការបំពាន ក្នុងរូបភាពផ្សេងៗគ្នា។

លោកស្រីបន្ថែមថា ច្បាប់របស់កម្ពុជាមិនទាន់បានធានាឱ្យបានពេញ​លេញចំពោះសិទ្ធិរបស់ពួកគេដូចពលរដ្ឋទូទៅឡើយ ដោយថា សិទ្ធិមួយចំនួនត្រូវបានដកហូតដោយសារតែការមិនទទួលស្គាល់នូវអត្តសញ្ញាណយេនឌ័ររបស់​ពួកគេ ការ​មិនទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍ដោយ​ស្របច្បាប់ពីអាជ្ញាធរ និងសិទ្ធស្មុំកូន ជាដើម។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ យល់ឃើញថា រដ្ឋាភិបាលគួរតែអនុញ្ញាត​ឱ្យអ្នកស្រឡាញ់ភេទដូចគ្នាទទួលបានសិទ្ធិរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ ជាពិសេសការដាក់​ចេញនូវច្បាប់ពាក់ព័ន្ធផ្សេងៗទៀតដើម្បីការពារសិទ្ធិសេរីភាពរបស់ពួកគេ។

លោកស្រី ចក់ សុភាព មានប្រសាសន៍បន្ថែមថា៖ «ក្នុងអនុសាសន៍ចុងក្រោយនៃការត្រួតពិនិត្យជាសកលស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលយើងហៅថា យន្តការ UPR យន្តការនេះគឺទទួលបាន​អនុសាសន៍ពីបណ្តាប្រទេសមួយចំនួន ហើយដែលជាអនុសាសន៍ខាងអង្គការសង្គមស៊ីវិលយើងក៏បានអំពាវនាវដូចគ្នាដែរ គឺអាជ្ញាធរលោកគួរតែដាក់ចេញនូវច្បាប់ពាក់ព័ន្ធ ដើម្បីលើកកម្ពស់និងធានាការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាហ្នឹង»។

លោកស្រីយល់ឃើញទៀតថា៖ «ការ​មានច្បាប់ពាក់ព័ន្ធទាំងអស់នេះ ជួយធានាដល់ការការ​ពារ​ដល់​សិទ្ធិរបស់ពួកគាត់ ព្រោះបច្ចុប្បន្ននេះ​ ដូចខ្ញុំបានគូសបញ្ជាក់អ៊ីចឹង​ គឺគាត់ប្រឈម ខណៈ​ដែលយើងជាពលរដ្ឋទូទៅ យើងអាចរៀបអាពាហ៍ពិពាហ៍ អាចធ្វើកិច្ចការផ្សេងៗបានដោយ​សេរី ប៉ុន្តែពួកគាត់ត្រូវបានប្រឈមដោយសារទិដ្ឋ​ភាពច្បាប់។ អ៊ីចឹងហើយ ការកែសម្រួលនៃ​ទិដ្ឋភាពច្បាប់ ការដាក់ចេញនូវច្បាប់ដែលអនុញ្ញាត​ឱ្យមានការរៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់​ភេទ​ដូចគ្នា ឬច្បាប់ប្រឆាំងការរើសអើងអីហ្នឹង គឺសំខាន់ណាស់»។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានថ្លែងថា បច្ចុប្បន្ន រដ្ឋាភិបាលបាននិងកំពុងពិចារណាចំពោះការស្នើឱ្យមានការចុះសំបុត្រអាពាហ៍​​ពិពាហ៍ និងឯកសារផ្លូវច្បាប់ផ្សេងៗទៀត ចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសំណើនេះអាចធ្វើទៅបាន គឺទាមទារ​ឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការពិចារណាជាមុនសិន។

លោក កត្តា អ៊ន បញ្ជាក់ថា៖ «វាជាជំហាន វាឆ្លើយតបទៅនឹងការតស៊ូរបស់ពួកគាត់ យើងឃើញថា ប្រទេសមួយចំនួនដូចជាអូស្រ្តាលី ដូចជាអាមេរិក ជាដើម រដ្ឋខ្លះគឺគេកំពុងតែពិចារណាអ៊ីចឹង។ ប៉ុន្តែកម្ពុជាយើង យើងកំពុងតែពិនិត្យមើល បច្ចុប្បន្ននេះ គឺការធានាបានសិទ្ធិសេរីភាពនៅក្នុងការស្រឡាញ់ភេទដូចគ្នា នៅក្នុងការរួមរស់ក្នុងភាពជាភេទដូចគ្នាជាលក្ខណៈគ្រួសារ»។

លោក​បន្ថែមថា៖ «ប៉ុន្តែក្របខណ្ឌច្បាប់ ជាដំណាក់កាលវែងឆ្ងាយតទៅទៀត ដែលទាមទារឱ្យអ្នកស្រឡាញ់ភេទដូចគ្នាប្រឹងប្រែងក្នុងការធានាបានការគោរពសិទ្ធិគ្នាទៅវិញទៅមក ការគោរពច្បាប់សង្គម ទំនៀមទម្លាប់ សុខភាព សុខាភិបាល តទៅទៀត ធ្វើយ៉ាងណាឱ្យសង្គមយើងទទួលស្គាល់ទូលំទូលាយ។ ខ្ញុំជឿថា នៅថ្ងៃមុខ នឹងមានការពិចារណាក្របខណ្ឌច្បាប់តទៅទៀត ជាពិសេសបណ្តាប្រទេសផ្សេងៗដែលគេកំពុងធ្វើ ហើយប្រទេសទាំងអស់នៅលើសកលលោកក៏នឹងពិចារណាបន្តបន្ទាប់​ទៀតនៅថ្ងៃ​មុខ»។

ដោយឡែក ចំពោះការអនុវត្តផ្ទាល់វិញ មេឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល លោក ហ៊ុន សុន មានប្រសាសន៍ថា អាជ្ញាធរមិនបានហាមឃាត់អ្នកស្រឡាញ់ភេទដូចគ្នាមិនឱ្យរៀបអាពាហ៍ពិពាហ៍នោះទេ ដោយគ្រាន់តែពួកគេមិនអាច​ទទួលបានសិទ្ធិចុះសំបុត្រ​​​អាពាហ៍​ពិពាហ៍​តែប៉ុណ្ណោះ ដោយសារនៅកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាត​នៅឡើយ។

លោក ហ៊ុន សុន បន្តថា៖ «គាត់ការ[រៀបមង្គលការ]ក៏ការចុះ យើងអត់មានសិទ្ធិចុះអេតាស៊ីវិលឱ្យគាត់ទេ ព្រោះវាអត់ទាន់មានច្បាប់។ កាលណាតែអត់ទាន់មានច្បាប់​ចែងមកអនុញ្ញាត​ថា ឥលូវអ្នកឯងចុះអេតាស៊ីវិលប្រុសនិងប្រុសក៏ចុះបាន ស្រីនិងស្រីក៏ចុះបាន យោងតាមមាត្រាទីប៉ុណ្ណេះ ប្រកាសរបស់​ក្រសួងមហាផ្ទៃ ឬក៏ព្រះរាជក្រឹត្យ អនុក្រឹត្យ​ អាហ្នឹងយើងធ្វើបានហើយ បើអត់ទាន់មាន យើង​ធ្វើម៉េចបាន»។

យ៉ាងណាក្តី បើតាមលោក ឈុំ រដ្ឋា អ្នកសម្របសម្រួលផ្នែកចងក្រងសហគមន៍អ្នកស្រឡាញ់ភេទ​ដូចគ្នាប្រចាំ​សហគមន៍ឥន្ទធនូ (រ៉ក់) បច្ចុប្បន្ន សហគមន៍នេះមានសមាជិកដែលជាអ្នកស្រឡាញ់ភេទដូចគ្នាប្រមាណជា២ ០០០​នាក់ដែល​មកពីគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

លោកបន្តថា តាមរយៈការស្រាវជ្រាវរបស់សហគមន៍ឥន្ទធនូក្នុងឆ្នាំ២០១៩ ដែលផ្តោតទៅលើក្រុមស្រ្តីដែលស្រឡាញ់ភេទដូចគ្នា​ បានរកឃើញថា ពួកគេកំពុងរងអំពើហិង្សាផ្នែកផ្លូវចិត្ត ផ្លូវភេទ និងផ្លូវកាយ ក្នុងរូបភាពបង្ខំឱ្យរៀបការ វាយដំ រហូតធ្វើឱ្យពួកគេមួយចំនួនប៉ុនប៉ងធ្វើអត្តឃាតផងដែរ៕

អត្ថបទ៖ លោក ទួក ពិសិដ្ឋ (VOD)