«សាលាអង្គការក្តីសង្ឃឹមថ្មី» នៅតែបន្តបេសកកម្មជួយកុមារក្នុងស្ថានភាព COVID-19

184

«ក្តីសង្ឃឹមថ្មី»​ ជាសាលាអង្គការមិនមែនរដ្ឋាភិបាលបានបង្កើតឡើងក្នុងឆ្នាំ2007 នៅក្នុងភូមិមណ្ឌលបី ខេត្តសៀមរាប បានបន្តផ្តល់ការអប់រំដោយឥតគិតថ្លៃដល់កុមារ យុវជន និងឧបត្ថម្ភដល់គ្រួសារក្រីក្រផ្នែកហិរញ្ញវត្ថុដោយសារអ្នកភូមិភាគច្រើនមានបញ្ហាហិរញ្ញវត្ថុខ្លាំង ជាពិសេសបុរសភាគច្រើនគ្មានការងារធ្វើ។

នេះបើយោងតាមលោក ប៊ន សុខ ហេង នាយកប្រតិបត្ដិ នៃសាលាអង្គការក្ដីសង្ឃឹមថ្មី លោកបានរៀបរាប់ថាសាលាទទួលថវិកាពីអ្នកគាំទ្រ និងអ្នកស្ម័គ្រចិត្តដែលអនុវត្តការងារសាងសង់ ជួសជុសដោយឥតគិតថ្លៃនៅក្នុងសាលារៀនសម្រាប់គ្រួសារក្រីក្រមួយចំនួនបន្ថែមទៀតលើមូលនិធិ I-Herb Charitable ដែលបានផ្តល់ការគាំទ្រប្រហែល 50ភាគរយ។

- Advertisement -

លោកបានបន្ថែមទៀតថាមានកម្មវិធីឧបត្ថម្ភមួយទៀតដែលមនុស្សម្នាក់អាចធ្វើវិភាគទាន 40ដុល្លាររៀងរាល់ខែដើម្បីផ្តល់ជាមូលនិធិដល់សិស្សដើម្បីឱ្យពួកគេអាចបន្ដការសិក្សាបាន។ លោក សុខ ហេង បានអំពាវនាវដល់ម្ចាស់ជំនួយ និងស្ថាប័នសប្បុរសធម៌នានានៅជុំវិញពិភពលោកផ្តល់ការគាំទ្រដល់សិស្ស ដើម្បីឱ្យពួកគេអាចទទួលបានការអប់រំដោយឥតគិតថ្លៃ និងធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងនៅក្នុងតំបន់ក្រីក្រនេះ។

លោក ប៊ន សុខ ហេង បាននិយាយថា៖ «អង្គការក្តីសង្ឃឹមថ្មីត្រូវបានបង្កើតឡើងក្នុងឆ្នាំ2007 ដោយស្ថាបនិកជនជាតិខ្មែរ ជាអង្គការដែលបានចុះឈ្មោះជាផ្លូវការជាអង្គការក្រៅរដ្ឋាភិបាល។ អង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជាមានទីតាំងស្ថិតនៅក្នុងសហគមន៍ក្រីក្រមួយដែលមានឈ្មោះថាមណ្ឌលបី នៅក្នុងក្រុងសៀមរាប។ ប្រជាជនដែលរស់នៅជុំវិញតំបន់នេះធ្វើការតាមហាងខារ៉ាអូខេ។ កុមារក៏ដើររើសសំរាម លក់ផ្កា កុមារមួយចំនួនសុំទាននៅប្រាសាទអង្គរវត្ត និងកុមារចំនួនទៀតឈានទៅដល់ការប្រើប្រាស់គ្រឿងញៀនទៀតផងដែរ។ ទាំងអស់នោះហើយជាមូលហេតុដែលនាំឱ្យមានការជួញដូរមនុស្ស នៅទីនេះយើងមានថ្នាក់មត្តេយ្យអាយុ 4ឆ្នាំ និង 5ឆ្នាំ ហើយក៏មានសាលាបឋមសិក្សាពីថ្នាក់ទី1 ដល់ទី5 ក្រៅពីនេះសិស្សត្រូវសិក្សាភាសាអង់គ្លេស កុំព្យូទ័រ និងជំនាញជីវិត»។

លោកបានបន្តទៀតថា៖ «យើងអាចបន្ដសកម្មភាពបានពីព្រោះមុន Covid យើងមានអ្នកស្ម័គ្រចិត្តមកបង្រៀននៅ ហើយអ្នកខ្លះធ្វើការជួសជុលសាលារៀនក្ដីសង្ឃឹមថ្មី ហើយអ្នកខ្លះទៀតធ្វើការតាមសហគមន៍ ដូចជាការសង់ផ្ទះសាងសង់បង្គន់អនាម័យ និងជីកអណ្តូងទឹកសម្រាប់សហគមន៍ក្រីក្រ។ ពួកគេក៏បានផ្តល់ការបរិច្ចាគដល់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជាផងដែរ។ យើងជួយផ្គត់ផ្គង់ដល់សិស្សដែលសិក្សាជាមួយអង្គការក្ដីសង្ឃឹមថ្មី ហើយយើងថែមទាំងជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ពួកគេនៅតាមសហគមន៍ផងដែរ»។

សាលាក្តីសង្ឃឹមថ្មីរកថវិកាបានដោយខ្លួនឯងតាមរយៈ ភោជនីយដ្ឋាន ពីកម្មវិធីអ្នកស្ម័គ្រចិត្ត និងទេសចរណ៍ ហើយ 50ភាគរយ បានមកពីម្ចាស់ជំនួយគឺ I-Herb Charitable Foundation។ យើងមានកម្មវិធីឧបត្ថម្ភផ្សេងៗ ទៀតដែលមានន័យថាអ្នកឧបត្ថម្ភអាចផ្តល់វិភាគទានចំនួន  40ដុល្លារក្នុងមួយខែដើម្បីជួយឧបត្ថម្ភដល់សិស្សរបស់យើងដើម្បីធានាឱ្យពួកគេមកសិក្សានៅសាលាអង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជានេះ៕

ប្រភព និងរូបភាពដោយ៖ A24 News Agency