ជប៉ុនផ្តល់ 852,189 ដុល្លារអាមេរិកសម្រាប់ការលើកកម្ពស់សុខភាព និងអនាម័យសហគមន៍ និងសម្រាប់ការបង្កើនការយល់ដឹងអំពីបញ្ហាបរិស្ថាន

393

រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកាសរុបចំនួន 852,189 ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោងរបស់​អង្គ​ការ​ក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរសម្រាប់អនុវត្តគម្រោងដូចតទៅ៖

1. គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី2) (ថវិកាជំនួយ 760,341 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ World Vision Japan (WVJ)

នៅក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តដំណើរការវគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព     អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្រ្តីសុខាភិបាល មន្ត្រីអភិវឌ្ឍន៍ជនបទ និងសហគមន៍នានា នៅក្នុងខេត្តព្រះវិហារ ក្នុងគោលបំណងកែលម្អវិធីសាស្ត្រក្នុងការរៀបចំចំណីអាហារ និងការប្រើប្រាស់ទឹកស្អាត។ អង្គការនេះក៏នឹងគាំទ្រក្នុងការបង្កើតគណៈកម្មាធិការគ្រប់គ្រងទឹកស្អាត និងក្រុមជនបង្គោលអនាម័យ ដើម្បីរក្សាគុណភាពទឹកស្អាត និងបរិស្ថានអនាម័យដែលល្អប្រសើរជាងមុន នៅក្នុងតំបន់គោលដៅ។

2. ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី1) (ថវិកាចំនួន 91,848 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ Nature Center Risen

នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការរៀបចំឯកសារអប់រំថ្មីៗ ដើម្បីកែលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ ការ    ផ្តល់នូវឧបករណ៍ផ្សេងៗ សម្រាប់ការស្រាវជ្រាវ និងការសង្កេតផ្នែកបរិស្ថាន និងការអនុវត្តការបណ្តុះបណ្តាលស្តីពីការអប់រំ   បរិស្ថាន ដោយសហការជាមួយវត្តអារាម និងមណ្ឌលសុខភាព។ តាមរយៈគម្រោងនេះ ប្រជាជនកម្ពុជាជាង 300នាក់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ។ គម្រោងនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថានជីវិតនៅក្នុងប្រទេសកម្ពុជាទាំងមូល។

កម្មវិធី​ជំនួយឥតសំណង​​សម្រាប់គម្រោងអង្គ​ការ​ក្រៅរដ្ឋាភិបាល​ជប៉ុន ​​បានចាប់ផ្តើម​នៅ​ប្រ​ទេសកម្ពុជា តាំងពីឆ្នាំ2002 ដើម្បីគាំទ្រដល់​សកម្មភាពអង្គការក្រៅ​រដ្ឋាភិបាល​ជប៉ុន ​​ក្នុងកិច្ច​ខិតខំ​​ប្រឹង​ប្រែង ដើម្បីជួយដល់​ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។​ ចាប់តាំងពីឆ្នាំ2002 មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ​45លាន ដុល្លារអាមេរិក​ ដល់គម្រោង​ចំនួន​ 138  ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម​ និង​សកម្មភាព​បោស​សម្អាត​មីនក្នុងប្រទេសកម្ពុជា។

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា