ជប៉ុនផ្តល់ 2,235,364 ដុល្លារអាមេរិកសម្រាប់ការជម្រុញការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន និងគ្រាប់បែកចង្កោម និងសម្រាប់ការកសាងសមត្ថភាពយុវជន

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកាសរុបចំនួន 2,235,364 ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោងរបស់​អង្គ​ការ​ក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខានៅថ្ងៃនេះ​ ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖

1. គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី1) (ថវិកាជំនួយ 873, 827 ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)

នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងគោលបំណងបង្កើនសមត្ថភាព និង ពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ក្នុងការធ្វើឲ្យដីនៅក្នុងប្រទេសមានសុវត្ថិភាព។ អង្គការនេះក៏នឹងផ្តល់ការបណ្តុះ បណ្តាលផ្នែកកសិកម្មសម្រាប់ការដាំដុះស្រូវដល់ប្រជាកសិករ តាមរយៈកសិដ្ឋានពិសោធន៍ ដែលធ្វើឡើងនៅទីតាំងដែលត្រូវបានបោសសម្អាត ព្រមទាំងជួយដល់ការបង្កើតសហករណ៍កសិកម្ម (AC) ដើម្បីបង្កើតទីផ្សារថ្មីៗ។

2. គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី1) (ថវិកាចំនួន 889, 424 ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)

នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថភាព ក្នុងការបោសសំអាតគ្រាប់បែកចង្កោម ទៅអង្គការ CMAC ដោយប្រើប្រាស់ម៉ាស៊ីនដោះមីន ម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងដ្រូន នៅតំបន់ដែលមានគ្រាប់មីន និងគ្រាប់បែកចង្កោម នៅលាយបញ្ចូលគ្នា។ អង្គការនេះ ក៏នឹងផ្តល់ការបណ្តុះបណ្តាលផ្នែកកសិកម្មសម្រាប់ការដាំដុះដំណាំកសិកម្មផ្សេងៗជាច្រើនប្រភេទទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា ទៅដល់ប្រជាកសិករ តាមរយៈ កសិដ្ឋានពិសោធន៍នៅលើទីតាំងដែលបានបោសសម្អាតហើយ ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។

៣. ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី2)
(ថវិកាចំនួន 472, 113 ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន (KnK)

នៅក្នុងគម្រោងនេះ អង្គការ KnK នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ សម្រាប់ឆ្នាំទី2 នៃគម្រោងដែលមានរយៈពេល 3ឆ្នាំនេះ យើងមានគោលបំណងពង្រឹងលក្ខខណ្ឌរបស់មជ្ឈមណ្ឌលសិក្សាសហគមន៍ (CLCs) បន្ថែមថ្មីចំនួន4 និង លើកកម្ពស់ការចូលរួមនៅក្នុង CLCs។ តាមរយៈការផ្តល់នូវខ្លឹមសារបណ្តុះបណ្តាលវិជ្ជាជីវៈ និងលក្ខខណ្ឌ CLCs ដែលមានភាពប្រសើរជាងមុន ទៅដល់យុវជន ពួកគេនឹងទទួលបានការអប់រំ ឬជំនាញ សម្រាប់បង្កើតមូលដ្ឋានគ្រឹះនៃជីវិតឲ្យបានកាន់តែប្រសើរនាពេលអនាគត។

កម្មវិធី​ជំនួយឥតសំណង​​សម្រាប់គម្រោងអង្គ​ការ​ក្រៅរដ្ឋាភិបាល​ជប៉ុន ​​បានចាប់ផ្តើម​នៅ​ប្រ​ទេសកម្ពុជា តាំងពីឆ្នាំ2002 ដើម្បីគាំទ្រដល់​សកម្មភាពអង្គការក្រៅ​រដ្ឋាភិបាល​ជប៉ុនក្នុងកិច្ច​ខិតខំ​​ប្រឹង​ប្រែង ដើម្បីជួយដល់​ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។​ ចាប់តាំងពីឆ្នាំ2002 មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ​44លាន ដុល្លារអាមេរិក​ ដល់គម្រោង​ចំនួន​136  ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​        សុខាភិបាល វិស័យ​កសិកម្ម​ និង​សកម្មភាព​បោស​សម្អាត​មីនក្នុងប្រទេសកម្ពុជា។

ប្រភពដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា