ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន 2,235,364 ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖
1. គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី1) (ថវិកាជំនួយ 873, 827 ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងគោលបំណងបង្កើនសមត្ថភាព និង ពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ក្នុងការធ្វើឲ្យដីនៅក្នុងប្រទេសមានសុវត្ថិភាព។ អង្គការនេះក៏នឹងផ្តល់ការបណ្តុះ បណ្តាលផ្នែកកសិកម្មសម្រាប់ការដាំដុះស្រូវដល់ប្រជាកសិករ តាមរយៈកសិដ្ឋានពិសោធន៍ ដែលធ្វើឡើងនៅទីតាំងដែលត្រូវបានបោសសម្អាត ព្រមទាំងជួយដល់ការបង្កើតសហករណ៍កសិកម្ម (AC) ដើម្បីបង្កើតទីផ្សារថ្មីៗ។
2. គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី1) (ថវិកាចំនួន 889, 424 ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថភាព ក្នុងការបោសសំអាតគ្រាប់បែកចង្កោម ទៅអង្គការ CMAC ដោយប្រើប្រាស់ម៉ាស៊ីនដោះមីន ម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងដ្រូន នៅតំបន់ដែលមានគ្រាប់មីន និងគ្រាប់បែកចង្កោម នៅលាយបញ្ចូលគ្នា។ អង្គការនេះ ក៏នឹងផ្តល់ការបណ្តុះបណ្តាលផ្នែកកសិកម្មសម្រាប់ការដាំដុះដំណាំកសិកម្មផ្សេងៗជាច្រើនប្រភេទទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា ទៅដល់ប្រជាកសិករ តាមរយៈ កសិដ្ឋានពិសោធន៍នៅលើទីតាំងដែលបានបោសសម្អាតហើយ ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។
៣. ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី2)
(ថវិកាចំនួន 472, 113 ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន (KnK)
នៅក្នុងគម្រោងនេះ អង្គការ KnK នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ សម្រាប់ឆ្នាំទី2 នៃគម្រោងដែលមានរយៈពេល 3ឆ្នាំនេះ យើងមានគោលបំណងពង្រឹងលក្ខខណ្ឌរបស់មជ្ឈមណ្ឌលសិក្សាសហគមន៍ (CLCs) បន្ថែមថ្មីចំនួន4 និង លើកកម្ពស់ការចូលរួមនៅក្នុង CLCs។ តាមរយៈការផ្តល់នូវខ្លឹមសារបណ្តុះបណ្តាលវិជ្ជាជីវៈ និងលក្ខខណ្ឌ CLCs ដែលមានភាពប្រសើរជាងមុន ទៅដល់យុវជន ពួកគេនឹងទទួលបានការអប់រំ ឬជំនាញ សម្រាប់បង្កើតមូលដ្ឋានគ្រឹះនៃជីវិតឲ្យបានកាន់តែប្រសើរនាពេលអនាគត។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ2002 ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ2002 មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង 44លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន136 ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យ សុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
ប្រភពដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា

