ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន 754, 321 ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រ ទី12 ខែកុម្ភៈ ឆ្នាំ2021 ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរសម្រាប់អនុវត្តគម្រោងដូចតទៅ៖
1. គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល4ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី2) (ថវិកាជំនួយ 371,479 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល Hearts of Gold
អង្គការ Hearts of Gold នឹងជួយគាំទ្រវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល4ឆ្នាំ តាមរយៈការកែលម្អកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូ និងការតម្លើងឧបករណ៍សម្រាប់ការអប់រំកាយ។ តាមរយៈគម្រោងនេះ បុគ្គលិកប្រមាណ 65នាក់ និងគរុសិស្សប្រមាណ 300នាក់ នៅក្នុងវិទ្យាស្ថាននេះ នឹងអាចទទួលបានបរិយាកាសរៀនសូត្រល្អប្រសើរសម្រាប់ការអប់រំកាយ។ ជាមួយគ្នានេះផងដែរ យើងរំពឹងថានិស្សិតជាង 930,000 នាក់ នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានការអប់រំកាយប្រកបដោយប្រសិទ្ធភាពជាងមុន។
2. ការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យាស្វាយចន្ទីសរីរាង្គតាមរយៈសហករណ៍កសិកម្ម (ឆ្នាំទី3) (ថវិកាចំនួន 382,842 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ ក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិយ៉ាម៉ាហ្គាតា (IVY)
នៅក្នុងគម្រោងនេះ IVY នឹងជម្រុញការដាំដុះគ្រាប់ស្វាយចន្ទីសរីរាង្គ និងការធ្វើទីផ្សារសហប្រតិបត្តិការក្នុងចំណោមកសិករ នៅខេត្តព្រះវិហារដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ នៅក្នុងឆ្នាំចុងក្រោយនៃគម្រោងដែលមានរយៈពេល3ឆ្នាំនេះ សហករណ៍កសិកម្មថ្មីចំនួន3បន្ថែម ក្រៅពីសហករណ៍កសិកម្មកំពុងដំណើរការចំនួន10 មានគោលបំណងទទួលបានវិញ្ញាបនប័ត្រសរីរាង្គ ហើយប្រព័ន្ធត្រួតពិនិត្យដំណើរការផលិតកម្មយូរអង្វែង នឹងត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យសហករណ៍កសិកម្មនីមួយៗ ក្លាយជាអង្គភាពប្រតិបត្តិនៃទីផ្សារសហប្រតិបត្តិការ និងការគ្រប់គ្រងដំណើរការផលិតកម្ម បន្ទាប់ពីការបញ្ចប់គម្រោង។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ2002 ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និង ស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ2002មក រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង 42លានដុល្លារអាមេរិក ដល់គម្រោងចំនួន133 ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យ សុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
ប្រភព: ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា