ហេតុអ្វីកុមារពិការងាយរងនឹងការរំលោភបំពានផ្លូវភេទជាងកុមារដទៃ?

440

ទោះបីជាស្ថិតិមិនសូវបង្ហាញពីប្រធានបទនៃការរំលោភបំពានផ្លូវភេទកុមារក្តីក៏យើងដឹងថាយ៉ាងហោចណាស់កុមារ 5% បានក្លាយជាជនរងគ្រោះពីការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ផ្ទុយពីការគិតជាទូទៅ ក្មេងប្រុសងាយនឹងក្លាយជាជនរងគ្រោះពីការរំលោភបំពានផ្លូវភេទជាងក្មេងស្រី ហើយគេប៉ាន់ស្មានថាកុមារពិការងាយរងគ្រោះជាងកុមារដទៃទៀតចំនួនបីដង។

មុននឹងឈានទៅរកមូលហេតុថា ហេតុអ្វីបានជាកុមារពិការងាយរងគ្រោះពីការរំលោភបំពានផ្លូវភេទជាងកុមារដទៃទៀត វាមានសារៈសំខាន់ណាស់ ក្នុងការកំណត់វិសាលភាពធំទូលាយនៃនិយមន័យនៃពាក្យពិការភាព។ ពិការភាពសំដៅដល់ភាពកម្សោយនៃលក្ខខណ្ឌដែនកំណត់ ឬលក្ខខណ្ឌដែលបង្កការលំបាកក្នុងការធ្វើអន្តរកម្មជាមួយពិភពលោក។ ពិការភាពអាចជាពិការភាពផ្នែករាងកាយ និងបញ្ញា។ កុមារពិការពិតជាប្រឈមនឹង «ទ្វេគ្រោះ» ពួកគេងាយរងគ្រោះ និងទទួលបានការការពារតិចជាងកុមារដទៃទៀត។ ម្យ៉ាងវិញទៀត កម្រិតនៃការការពារខាងក្រៅ និងខ្លួនឯងគឺមានកម្រិតទាបជាងកុមារដទៃទៀត។ តើវាកើតឡើងយ៉ាងដូចម្តេច?

ជាដំបូងកុមារពិការយល់ដឹងតិចតួចពីហានិភ័យ ហើយនៅពេលដែលជនល្មើសរំលោភបំពានពួកគេ ខ្លួនឯងមិនដឹងថាកំពុងមានអ្វីកើតឡើង។ ក្នុងករណីភាគច្រើនកុមារដែលមានពិការភាពផ្នែកបញ្ញា គឺមិនអាចតតាំង ឬនិយាយថាទេចំពោះជនល្មើស។ នៅពេលមានករណីរំលោភកើតឡើងជាក់ស្តែង ពួកគេមិនដឹងថាខ្លួនឯងត្រូវបានគេរំលោភបំពានឡើយ ហើយពួកគេនៅតែទ្រាំលាក់ទុកនឹងទង្វើខុសឆ្គង និងអំពើខុសច្បាប់ទាំងនេះនៅក្នុងចិត្តរបស់ពួកគេ។

រួចហើយនៅពេលរាយការណ៍ពីឧប្បត្តិហេតុបែបនេះ កុមារពិការគឺជាអ្នកដែលជួបបញ្ហាប្រឈមនេះជាងគេ។ ក្នុងករណីជាច្រើន កុមារពិការមិនអាចនិយាយរៀបរាប់ពីអ្វីដែលបានកើតឡើងចំពោះពួកគេទេ។ ជាធម្មតាពួកគេបង្ហាញពីសមត្ថភាពទន់ខ្សោយក្នុងការចែករំលែកអារម្មណ៍ និងបទពិសោធន៍របស់ពួកគេ។ លើសពីនេះទៀត ទោះបីជាពួកគេអាចធ្វើបានក៏ដោយ ប៉ុន្តែដោយសារតែពិការភាព បានធ្វើឲ្យការរាយការណ៍របស់ពួកគេមិនសូវទទួលបានការចាប់អារម្មណ៍ ហើយមនុស្សភាគច្រើនមិនជឿពួកគេទេ។ ដោយសារតែការរាយការណ៍របស់ពួកគេមិនសូវមានការចាប់អារម្មណ៍ដូចកុមារដទៃទៀត វាធ្វើឲ្យកុមារពិការទទួលបានសេវាព្យាបាល និងសេវាគាំទ្រតិចតួច ដែលសេវាទាំងនេះគឺជាតម្រូវការចាំបាច់នៅក្នុងដំណើរការនៃការជាសៈស្បើយឡើងវិញរបស់ពួកគេ។

ហេតុផលសំខាន់មួយទៀត ថាតើហេតុអ្វីបានកុមារពិការងាយរងគ្រោះពីការរំលោភបំពានផ្លូវភេទនោះគឺថា ជារឿយៗ ពួកគេមិនបានទទួលការអប់រំចំណេះដឹងផ្នែកផ្លូវភេទ។ ជាទូទៅគេគិតថា កុមារពិការនឹងមិនអាចដឹកនាំជីវិតផ្លូវភេទបែបឯករាជ្យ ឬមានទំនាក់ទំនងដោយសេរីជាមួយមិត្តភក្តិរបស់ពួកគេបានទេ។ លើសពីនេះទៀត ដោយសារតែសមត្ថភាពទន់ខ្សោយរបស់ពួកគេក្នុងការទំនាក់ទំនងជាមួយពិភពលោកនោះ វាធ្វើឲ្យកុមារពិការលាក់បំពួនខ្លួនឯង និងបាត់បង់ឱកាសក្នុងដំណើរការកិច្ចការពារកុមារ។ ពួកគេក៏មានហានិភ័យបន្ថែមទៀតដោយសារពួកគេប្រឈមនឹងការដាក់ឲ្យរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារពួកគេ ឬដាក់ឲ្យស្នាក់នៅក្នុងកន្លែងរស់នៅជុំគ្នា ជាទីកន្លែងដែលពួកគេមានអ្នកថែទាំច្រើននាក់ ដែលអាចនាំឲ្យពួកគេប្រឈមនឹង «ភាពងាយរងគ្រោះថ្នាក់» ពីមជ្ឈដ្ឋានរស់នៅបែបនេះ។

ជាញឹកញាប់ ជនល្មើសនៃអំពើហឹង្សាផ្លូវភេទស្វែងរកសញ្ញានៃការរំលោភបំពាន និងពិការភាពរបស់កុមារ។ ប្រសិនបើពួកគេនៅឃ្លាតឆ្ងាយពីក្រុមមិត្តភក្តិរបស់ពួកគេ ហើយបង្ហាញពីការលំបាកក្នុងការប្រាស្រ័យទាក់ទង និងមានព័ត៌មានតិចតួចពីការរំលោភបំពានពីមនុស្សវ័យធំ ហើយមិនដឹងថាត្រូវរាយការណ៍ទៅអ្នកណាអំពីការរំលោភបំពាន នោះមានន័យថា ពួកគេគឺជាគោលដៅសម្រាប់ជនល្មើសក្នុងការរំលោភបំពានផ្លូវភេទ។ លើសពីនេះទៀត កុមារពិការ និងកុមារដទៃទៀតដែលមានគំនិតអវិជ្ជមានចំពោះខ្លួនឯង ក៏អាចនឹងងាយរងទៅនឹងការអូសទាញ និងការបោកបញ្ឆោត និង «ល្បិចកល់» របស់ជនល្មើសផងដែរ។ ពួកគេងាយក្លាយជាជនរងគ្រោះនៃការអូសទាញដែលជាយុទ្ធសាស្រ្តជនល្មើសតែងតែប្រើដើម្បីទាក់ទាញជនរងគ្រោះ។

យ៉ាងហោចណាស់ យើងមានភ័ស្តុតាងមួយចំនួនបង្ហាញថា ភាពក្រីក្រគឺជាកត្តាឈានមុខគេសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទ។ អ្នកស្រាវជ្រាវ និងអ្នកជំនាញនានាបានប្រើវាក្យស័ព្ទ «ការចំណាយបន្ថែមលើពិការភាព» ថាវាសំដៅដល់ស្ថានភាពកុមារ ឬជនពិការដែលត្រូវចំណាយការរស់នៅបន្ថែមជាងកុមារមិនមានពិការភាព។  ឧទាហរណ៍ ពួកគេត្រូវចំណាយច្រើនលើថ្លៃពេទ្យ ព្រោះពួកគេនឹងត្រូវការឧបករណ៍ជំនួយកាន់តែច្រើន (រទេះរុញ ឧបករណ៍ជំនួយសម្រាប់ស្តាប់…។ល។) ឬជំនួយផ្ទាល់ខ្លួនដទៃទៀត។

សរុបសេចក្ដីមកកុមារពិការ គឺងាយរងការរំលោភបំពានផ្លូវភេទខ្លាំងណាស់ ព្រោះពួកគេមានសមត្ថភាពទន់ខ្សោយក្នុងការវិភាគស្ថានភាព និងការប្រើប្រាស់យុទ្ធសាស្ត្រការពារខ្លួន ហើយការរាយការណ៍របស់ពួកគេមិនទទួលបានការយកចិត្តដាក់។ ពួកគេត្រូវបានផាត់ចេញពីយុទ្ធសាស្ត្រកិច្ចការពារកុមារ និងការទប់ស្កាត់តាមបែបប្រពៃណី ហើយពួកគេងាយនឹងរស់នៅក្នុងស្ថានភាពមិនល្អ ដែលបង្កើនភាពងាយរងគ្រោះទៅនឹង ការកេងប្រវ័ញ្ចផ្លូវភេទ។

សម្រាប់ហេតុផលទាំងអស់នេះ ធនធាន និងកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីធ្វើការជាមួយកុមារពិការ គឺមានលក្ខណៈចាំបាច់បំផុត។ នៅប្រទេសកម្ពុជា ការយល់ដឹងជុំវិញបញ្ហាពិការភាពផ្នែកបញ្ញាកំពុងតែរីកសាយភាយដែលសង្ឃឹមថានឹងជួយបង្កើនកិច្ចការពារ និងសុខុមាលភាពរបស់កុមារពិការកម្ពុជាទាំងអស់៕

ប្រភពដោយ៖ អង្គការជំហានដំបូងកម្ពុជា