គំរូវិភាគមជ្ឈដ្ឋានសង្គមរបស់អង្គការជំហានដំបូងកម្ពុជា

466
កម្មវិធី និងសកម្មភាពរបស់អង្គការជំហានដំបូងកម្ពុជា

អង្គការជំហានដំបូងកម្ពុជា(ជ.ដ.ក) គឺជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការងាររបស់ខ្លួនតាំងពីឆ្នាំ2010 មកម្លេះ ក្នុងគោលបំណងដើម្បីធានាថា កុមារកម្ពុជាត្រូវបានការពារពីការរំលោភបំពានផ្លូវភេទ ហើយកុមារដែលរងផលប៉ះពាល់ទទួលបានការគាំទ្រជាចាំបាច់ ដើម្បីទទួលបានការជាសះស្បើយឡើងវិញ។ អង្គការនេះមានលក្ខណៈប្លែកពីគេ ព្រោះជាអង្គការតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានជំនាញក្នុងការផ្តល់ការគាំទ្រដល់ក្មេងប្រុសដែលជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។ ចាប់តាំងពីឆ្នាំ2010 អង្គការនេះ បានរីកធំលូតលាស់ជាបន្តបន្ទាប់ជាមួយនឹងការបើកការិយាល័យបុត្រសម្ព័ន្ធមួយទៀតក្នុងឆ្នាំ2014 នៅខេត្តសៀមរាប។ បច្ចុប្បន្នអង្គការមានបុគ្គលិក 24  នាក់ ហើយកំពុងបំរើការងារនៅខេត្តចំនួន15 ក្នុងប្រទេសកម្ពុជា ដើម្បីការពារកុមារពីការរំលោភបំពានផ្លូវភេទ។

កម្មវិធីចម្បងចំនួន៤ផ្សេងៗគ្នា

បច្ចុប្បន្ន ជ.ដ.ក កំពុងដំណើរការកម្មវិធីចំនួន4 ដែលមានគោលដៅជាក់លាក់ផ្តោតលើអ្នកទទួលផលផ្សេងៗ គ្នា។ ជាដំបូង អង្គការផ្តល់ការគាំទ្រដោយផ្ទាល់ដល់កុមាររងគ្រោះដោយសារការរំលោភបំពានផ្លូវភេទ កុមារដែលទទួលរងផលប៉ះពាល់ ឬកុមារដែលមានអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់។ បុគ្គលិកសង្គមកិច្ចរបស់យើងផ្តល់សេវាប្រឹក្សា និងព្យាបាលជាប្រចាំដល់កុមារ។ ប្រធានផ្នែកបច្ចេកទេសអង្គការនេះបានលើកឡើងថា «ជំហានដំបូងកម្ពុជាអនុវត្តវិធីសាស្រ្តផ្តោតលើរូបភាពទាំងមូល និងឆ្លើយតបរាល់តម្រូវការរបស់កុមារក្នុងពេលដំណាលគ្នា។ យើងជួយពួកគេឲ្យទទួលបានសេវាអប់រំ និងជំនួយផ្នែកច្បាប់នៅក្នុងដំណើរការតុលាការ។ យើងតែងតែធ្វើការជាមួយគ្រួសារ និងអ្នកថែទាំ និងជាមួយបណ្តាញដៃគូដ៏រឹងមាំ ដើម្បីធានាថាគ្រប់កុមារដែលយើងមើលថែទាំទទួលបានការជាសះស្បើយល្អប្រសើរឡើងវិញ» ។ ចាប់តាំងពីឆ្នាំ ២០១៦ មក ជំហានដំបូងកម្ពុជាបានធ្វើការលើករណីកុមារចំនួន 276 ករណី ក្នុងនោះរួមមាន ធ្វើការជាមួយជនរងគ្រោះចំនួន 184 នាក់លើករណីរំលោភបំពានផ្លូវភេទ និងជាមួយកុមារដែលមានអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់ចំនួន 92 នាក់។ ក្នុងចំណោមករណីកុមារ 90% ដែលបានទទួលសេវាគាំទ្រពីអង្គការជំហានដំបូងកម្ពុជា គឺបានជាសះស្បើយឡើងវិញ។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ អង្គការជំហានដំបូងកម្ពុជាមានបទពិសោធន៍ជាក់លាក់ក្នុងការធ្វើការជាមួយក្មេងប្រុស៖ ក្នុងចំណោមជនរងគ្រោះចំនួន 184នាក់ ដែលរួចផុតពីការរំលោភបំពានផ្លូវភេទដែលអង្គការបានធ្វើការជាមួយ ក្នុងនោះ 74% គឺជាក្មេងប្រុស។

គោលបំណងនៃកម្មវិធីទប់ស្កាត់របស់ ជ.ដ.ក គឺដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមមនុស្សវ័យធំ និងកុមារអំពីលក្ខណៈ និងហានិភ័យនៃការរំលោភបំពានផ្លូវភេទ។ ជារៀងរាល់ឆ្នាំ មានកុមារនិងមនុស្សវ័យធំប្រមាណ 1,000នាក់ តាមរយៈសិក្ខាសាលាចំនួនជាង 40លើក ទទួលបានការបណ្តុះបណ្តាល និងបានចែកសម្ភារៈអប់រំប្រមាណជាង 7,000 សន្លឹក  ដល់សហគមន៍ គ្រួសារ និងអង្គការដៃគូ។

កម្មវិធីកសាងសមត្ថភាពត្រូវបានបង្កើតឡើងជាលើកដំបូងដោយអង្គការជំហានដំបូងកម្ពុជា និងមានគោលបំណងបង្កើនសមត្ថភាពអ្នកផ្តល់សេវានៅក្នុងវិស័យផ្សេងៗគ្នា និងពង្រឹងប្រព័ន្ធកិច្ចការពារកុមារទាំងមូលនៅក្នុងប្រទេស។ រហូតមកដល់ពេលនេះ អង្គការជំហានដំបូងកម្ពុជាកំពុងផ្តល់វគ្គបណ្តុះបណ្តាលចំនួន 6 វគ្គ ដល់អ្នកផ្តល់សេវា (អ្នកជំនាញក្នុងវិស័យកិច្ចការពារកុមារ) ។ រយៈពេលនៃវគ្គបណ្តុះបណ្តាលស៊ីជម្រៅទាំងនេះមានរយៈពេលពីបីទៅសាមសិបថ្ងៃ ហើយត្រូវបានរៀប ចំឡើងនៅក្នុងទីក្រុងសំខាន់ៗនៃប្រទេសកម្ពុជា ដូចជា ទីក្រុងភ្នំពេញ សៀមរាប ឬព្រះសីហនុ។ កម្មវិធីបណ្តុះបណ្តាលរបស់យើងផ្តោតលើប្រធានបទជាច្រើន ដូចជា ការងារសង្គមកិច្ចជាមួយកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ ការគ្រប់គ្រងករណី ការធ្វើការជាមួយក្រុមគ្រួសារ ការអនុវត្តការងារសង្គមកិច្ច ការសេពគ្រឿងស្រវឹង និងកុមារដែលមានអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់។ ពួកគេមកពីអង្គការដៃគូ ប៉ុន្តែក៏មានមកពីភ្នាក់ងាររដ្ឋាភិបាល និងក៏ជាមនុស្សដែលនឹងធ្វើការផ្លាស់ប្តូរនៅកម្រិតសហគមន៍ផងដែរ។ នៅក្នុងឆ្នាំ2020 អ្នកផ្តល់សេវាចំនួន 365 នាក់បានទទួលអត្ថប្រយោជន៍ពីវគ្គបណ្តុះបណ្តាលរបស់យើងនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

យ៉ាងហោចណាស់ និងដើម្បីឈានដល់កម្រិតខ្ពស់មួយនៃសង្គម មានឥទ្ធិពលលើច្បាប់ និងផ្លាស់ប្តូរនយោបាយ និងរៀបចំគម្រោងដែលមានប្រសិទ្ធភាពបំផុតនោះ អង្គការជំហានដំបូងកម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការស្រាវជ្រាវជុំវិញបញ្ហានៃការរំលោភបំពានផ្លូវភេទ ជាពិសេស ផ្តោតលើលក្ខខណ្ឌរបស់ក្មេងប្រុស និងតម្រូវការដែលមិនទាន់មានដំណោះស្រាយ។ ការស្រាវជ្រាវថ្មីៗដែលមានចំណងជើងថា៖ «ការថែទាំក្មេងប្រុស» បាននាំមកនូវរបកគំហើញដែលគួរឱ្យចាប់អារម្មណ៍ដោយគូសបញ្ជាក់យ៉ាងច្បាស់លាស់អំពីចរិតលក្ខណៈភាពជាបុរស ដែលកំពុងមានភាពសកម្មនៅឡើយនៅក្នុងប្រទេសកម្ពុជា។ តាមទំនៀមទំលាប់ពីបុរាណគឺថា បុរសកម្ពុជាត្រូវតែ «ជាមាសទឹកដប់» ក្លាហាន និងមានអំណាច ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះគ្រួសារ និងមានសិទ្ធិប្រើអំពើហឹង្សា។ នៅក្នុងផ្នែកនៃការរំលោភបំពានផ្លូវភេទ ទស្សនៈទាំងនេះទៅលើភាពជាបុរសដើរផ្ទុយនឹងការគិតរបស់ក្មេងប្រុស ហើយបានធ្វើឲ្យពួកគេស្ទាក់ស្ទើរចិត្តក្នុងការរាយការណ៍អំពីភាពគ្រោះថ្នាក់ទាំងនេះ ដោយភ័យខ្លាចថាត្រូវគេបន្ទោស និងសើចចំអក។ យោងតាមទិន្នន័យបានឲ្យដឹងថា កម្រិតតួលេខប្រហាក់ប្រហែលគ្នានៃអំពើហឹង្សាផ្លូវភេទ ដែលពួកគេធ្លាប់ជាជនរងគ្រោះនោះមានតែក្មេងប្រុស 6%ប៉ុណ្ណោះ ដែលស្វែងរកការជួយ ផ្ទុយពីក្មេងស្រី 40%។

បញ្ហាសង្គម

អង្គការជំហានដំបូងកម្ពុជាជឿជាក់ថា បញ្ហាទាំងអស់នេះមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយតាមរយៈគ្រាន់តែគាំទ្រកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូចសមាជិកក្រុមគណៈគ្រប់គ្រងរបស់យើងម្នាក់ បាននិយាយថា៖ «យើងពិតជាត្រូវការស្វែងរកដំណោះស្រាយពីបញ្ហាបម្រាមសង្គម ក្បួនច្បាប់ប្រពៃណី និងផ្នត់គំនិតសង្គមដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ មនុស្សគ្រប់គ្នាមានតួនាទីក្នុងការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ»។

ដូចដែលប្រធានគ្រប់គ្រងកម្មវិធីរបស់អង្គការជំហានដំបូងកម្ពុជាបានសន្និដ្ឋានថា «ទោះបីយើងមានធនធានមនុស្ស និងហិរញ្ញវត្ថុមានកម្រិតក៏ដោយវាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការអនុវត្តកម្មវិធីទាំងនេះក្នុងពេលដំណាលគ្នា ដើម្បីឈានដល់គ្រប់ស្រទាប់វណ្ណៈនៃសង្គម។ តាមរយៈការធ្វើបែបនេះ យើងបានបង្កើនឳកាសក្នុងការកាត់បន្ថយបញ្ហារាំរៃនៃការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសកម្ពុជា»។

ព័ត៌មានបន្ថែមសូមឆែកគេហទំព័រ៖ https://www.first-step-cambodia.org/ ហ្វេសបុកផេក៖ https://www.facebook.com/ilikefirststep​

ប្រភពដោយ៖ អង្គការជំហានដំបូងកម្ពុជា