ពីធីចុះអនុស្សារណៈយោគយល់ចំនួនពីររួមគ្នាពីគម្រោងផលប៉ះពាល់រហ័ស QIP របស់រដ្ឋាភិបាលឥណ្ឌា និងកម្ពុជា

594

ភ្នំពេញ៖ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាមួយដែលធ្វើឡើងនៅក្រសួងកិច្ចការនារីនៅថ្ងៃច័ន្ទ ទី1 ខែកុម្ភៈ ឆ្នាំ2021 លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ វេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាចំនួនពីរ សម្រាប់ការសាងសង់អគារសាលារៀនមាន 3បន្ទប់សម្រាប់ សិស្ស​ថ្នាក់ថ្នាក់ទី 1ដល់ថ្នាក់ទី3 និងសិស្សថ្នាក់ទី4 ដល់ថ្នាក់ទី6 នៅសាលាបឋមសិក្សាកំបូលនៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមគម្រោងផលប៉ះពាល់រហ័សរបស់រដ្ឋាភិបាលឥណ្ឌា (QIP)។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញក្នុងការអនុវត្តគម្រោង QIP ផ្សេងៗ ដោយក្រសួងកិច្ចការនារី រួមទាំងគម្រោងលើកកម្ពស់ការពង្រឹង អំណាចសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជួយសម្រួលដល់សិស្សនិស្សិត។ ជាពិសេសកុមារី និងកែលម្អរលក្ខខណ្ឌសិក្សារៀនសូត្ររបស់ពួកគេតាមរយៈការសាងសង់បង្គន់អនាម័យ និងបន្ទប់រៀនថ្មី។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងស្ថានទូតឥណ្ឌា ដែលបានផ្តល់ជំនួយឥតសំណងសម្រាប់ការសាងសង់បន្ទប់រៀននៅសាលាបឋមសិក្សាកំបូល រាជធានីភ្នំពេញ និងការគាំទ្រកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ដែលបានពង្រីកដល់ក្រសួងកិច្ចការនារី។

លោកជំទាវក៏បានមានប្រសាសន៍ថាគោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺពិតជាស្របទៅនឹងគោលដៅរួមនៃយុទ្ធសាស្ត្រជាតិ និងផែនការជាតិក្នុងការផ្តល់ការអប់រំជាសកលដើម្បីធានាឱ្យបាននូវការចូលរួម និងស្មើភាពគ្នាសម្រាប់កុមារទាំងអស់នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសុន្ទរកថារបស់លោកជំទាវ វេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគាដេ ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌា បានរំលឹកអំពីចំណងមិត្តភាពដ៏យូរអង្វែង ដែលបានចែករំលែកវប្បធម៌ និងបេតិកភណ្ឌហើយបានពន្យល់ពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលឥណ្ឌាក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផ្សេងៗ គ្នារួមទាំងក្របខ័ណ្ឌសហប្រតិបត្តិការទន្លេមេគង្គ-គង្គា។ លោកជំទាវបានសង្កត់ធ្ងន់លើផលជាវិជ្ជមាន នៃគម្រោងបែបនេះដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវក៏បានបន្ថែមទៀតថានេះគឺជាការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការគាំទ្រដល់គម្រោងនានាដែលនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើជីវភាពរស់នៅរបស់មនុស្សទូទៅ ហើយបានបង្ហាញនូវបំណងចង់អនុវត្តគម្រោងយ៉ាងហោចណាស់មួយនៅក្នុងខេត្តនីមួយៗក្នុងរយៈពេល 3ឆ្នាំខាងមុខ។

រដ្ឋាភិបាលឥណ្ឌាមានកម្មវិធីផ្សេងៗ គ្នាជាមួយប្រទេសកម្ពុជារួមទាំងកម្មវិធីជំនួយដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ កម្មវិធីមួយគឺកម្មវិធីផលប៉ះពាល់រហ័ស QIP ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា។ ការសង្កត់ធ្ងន់នៃគម្រោង QIP គឺផ្តោតលើគម្រោងដែលផ្តល់ផលយ៉ាងឆាប់រហ័សដែលសុពលភាពរហូតដល់មួយឆ្នាំ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានដោយផ្ទាល់នូវលទ្ធផលដែលអាចមើល ឃើញភ្លាមៗ។ ប្រភេទគម្រោងក្រោម QIP រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវថ្នល់ មណ្ឌលសហគមន៍មូលដ្ឋានគ្រប់គ្រងធនធានទឹកជាដើម និងហេដ្ឋារចនាសម្ព័ន្ធសង្គម រួមទាំងការកសាងសមត្ថភាព ដូចជាការអប់រំសុខភាពអនាម័យ សុខមាលភាពកុមារតាមជនបទ ការអភិវឌ្ឍសមភាពយេនឌ័រឬវិស័យអភិវឌ្ឍន៍សហគមន៍ ដែលបំពេញគោលដៅប្រកបដោយនិរន្តរភាព​ SDGs។

ស្ថិតក្រោមគម្រោង QIP រដ្ឋាភិបាលឥណ្ឌាអនុវត្តគម្រោងចំនួន 10ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជាដោយ ផ្តល់ថវិការហូតដល់ 50,000 ដុល្លារអាមេរិកក្នុងមួយគម្រោង។ ចាប់តាំងពីឆ្នាំ2015 ដល់ឆ្នាំ2016 រដ្ឋាភិបាលឥណ្ឌាបានអនុវត្តគម្រោងចំនួន34 លើវិស័យកសិកម្មសុខាភិបាលអនាម័យការផ្តល់អំណាចដល់ស្ត្រីការពង្រឹងសមត្ថភាពបរិស្ថានជាដើម។ ក្នុងចំណោមគម្រោងទាំង34 មាន19 គម្រោងត្រូវបានបញ្ចប់ ហើយគម្រោងនៅសល់15 ទៀតនៅដំណាក់កាលផ្សេងៗ នៃការអនុវត្តន៍។ គម្រោងទាំងនេះទទួលបានការឆ្លើយតបយ៉ាងច្រើនលើសលប់ ហើយបានផ្តល់ផលជាក់ស្តែងដល់អ្នកទទួលផល។

រដ្ឋាភិបាលឥណ្ឌានៅតែបន្តគាំទ្រ និងសហការជាមួយក្រសួង និងមន្ទីរផ្សេងៗ នៃរាជរដ្ឋាភិបាលកម្ពុជាក្រោមក្របខ័ណ្ឌសហប្រតិបត្តិការទន្លេមេគង្គ-គង្គាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា។ គំនិតផ្តួចផ្តើមផ្សេងទៀតដែលស្ថិតក្រោមក្របខ័ណ្ឌនេះ គឺអាហារូបករណ៍សហប្រតិបត្តិការទន្លេមេគង្គ MGC សម្រាប់និស្សិតកម្ពុជាដើម្បីទទួលបានសញ្ញាប័ត្រ អនុបណ្ឌិតក្រោយបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យឥណ្ឌាដ៏ល្បីល្បាញ។ នាពេលបច្ចុប្បន្ននេះក្នុងចំណោមអាហារូបករណ៍សរុបចំនួន25 ដែលផ្តល់ជូនជនជាតិកម្ពុជា អាហារូបករណ៍ចំនួន10 ត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំក្រោមក្របខ័ណ្ឌសហប្រតិបត្តិការទន្លេមេគង្គ MGC។ គួរបញ្ជាក់ផងដែរថាប្រទេសឥណ្ឌាបានសាងសង់សារមន្ទីរកិច្ចសហប្រតិបត្តិការអាស៊ីតម្បាញទន្លេមេគង្គ MGCATT នៅខេត្តសៀមរាបក្នុងតម្លៃសរុប 1,7លានដុល្លារអាមេរិក និងបានជួយក្នុងការគ្រប់គ្រងនិងដំណើរការសារមន្ទីរ។

ឥណ្ឌាតែងតែស្ថិតនៅជួរមុខគេក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីន របស់ប្រទេសកម្ពុជាដើម្បីកាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជាទូទៅ ដែលបន្តក្លាយជាជនរងគ្រោះដោយសារគ្រាប់មីនពីសម័យសង្គ្រាម។ នៅឆ្នាំ2020 រដ្ឋាភិបាលឥណ្ឌាបានផ្តល់ថវិកាចំនួន 1,5 លានដុល្លារអាមេរិកសម្រាប់ការផ្គត់ផ្គង់ឧបករណ៍ដោះមីន។

រដ្ឋាភិបាលឥណ្ឌាក៏បាននឹងកំពុងពង្រីកជំនួយ និងខ្សែបន្ទាត់ឥណទានលើលក្ខខណ្ឌសម្បទានយ៉ាងខ្លាំងដល់ប្រទេសកម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ទឹក ការសាងសង់បណ្តាញបញ្ជូនអគ្គិសនី ។ល។ ដែលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅឆ្នាំ2018 រដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការពង្រីកបណ្តាញឥណទានចំនួន 3,692លានដុល្លារ ដោយប្រទេសឥណ្ឌាសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងសាហាប់ ហើយការងារនៅនឹងកន្លែងនៃគម្រោងត្រូវបានរំពឹងថានឹងចាប់ផ្តើមនាពេលឆាប់ៗនេះ៕

ប្រភព: ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញ និងរូបភាពដោយ៖ សហការី