នាវាកងទ័ពជើងទឹកឥណ្ឌា INS Kiltan មកដល់ប្រទេសកម្ពុជាដើម្បី​ផ្តល់ជំនួយសង្គ្រោះទឹកជំនន់

ព្រះសីហនុ៖ ប្រវត្តិសាស្រ្ត​​ថ្មីមួយទៀត​បាន​ចារ​ទុក​នៅថ្ងៃនេះ​ស្តីពីទំនាក់ទំនងដ៏រឹងមាន​រវាងប្រទេសកម្ពុជា ​និងប្រទេសឥណ្ឌា ខណៈ​នាវា​កង​ទ័ពជើងទឹកឥណ្ឌា INS Kiltan បានបញ្ជូនសម្ភារសង្គ្រោះទឹកជំនន់ចំនួន 15តោន ដែល​មាន​ឧបករណ៍​​ជំនួយក្នុងគ្រា​ទឹកជំនន់ចំនួន​ 3.000 សម្រាប់ប្រជាជន​ដែលរង​ផល​ប៉ះ​​ពាល់​ដោយ​ទឹកជំនន់​នៅ​ក្នុង​ប្រទេសកម្ពុជា។ ​ការមកដល់របស់នាវា INS Kiltan​ នៅកំពង់ផែ​ក្រុងព្រះសីហនុ​​នៅថ្ងៃអង្គារ ទី29 ខែធ្នូ ឆ្នាំ2020 គឺជា​ផ្នែក​មួ​យនៃដំណើរទស្សនកិច្ច​សុច្ឆន្ទៈ​របស់​កងទ័ព​ជើងទឹកឥណ្ឌា​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ក្រោម​បេសក​កម្មដែលមានឈ្មោះថា SAGAR-III។

ក្នុងបេសកកម្មប្រកបដោយ​ភាពស្និតស្នាល​ និងសុឆន្ទៈ កង​ទ័ពជើងទឹកឥណ្ឌា​​ INS Kiltan​​​ ត្រូវ​បាន​ទទួល​ការស្វាគមន៍នៅកំពង់ផែ​សីហនុ​ប្រកបដោយភាពកក់ក្តៅ​ពី​អង្គ​ទូត​មកពីស្ថានទូតឥណ្ឌា​រួមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​ជើងទឹក​កម្ពុជា​​ដែលមានលោកឧត្តមនាវីត្រី អ៊ីន សុខេមរ៉ា នាយសេនាធិការរង តំណាង​មូល​ដ្ឋាន​សមុទ្រកងទ័ពជើងទឹករាម ​និងនាយទាហានចំនួន 15 នាក់ទៀតផ្សេងទៀត មន្រ្តីមក​ពី​អន្តោប្រវេសន៍​ និង​មន្ត្រី​កំពង់ផែក្រុងព្រះសីហនុក៏មានវត្តមានដើម្បីស្វាគមន៍កប៉ាល់នេះផងដែរ។

តំណាងអោយកងទ័ព​ជើងទឹក​កម្ពុជា លោកឧត្តមនាវីត្រី អ៊ីន សុខេមរ៉ា បាន​សម្តែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរទស្សនកិច្ចរបស់កង​ទ័ពជើងទឹកឥណ្ឌា​​ INS Kiltan ​និង​បានរំលឹក​អំពី​ដំណើរទស្សនកិច្ច​គ្រា​មុន​របស់ខ្លួនមកកម្ពុជា ជាមួយនាវាមួយទៀត​ឈ្មោះ​ INS Sahyadri នៅខែកញ្ញា ឆ្នាំ2019។ ​លោក​បានថ្លែងអំណរគុណ​ដល់កងទ័ពជើងទឹកឥណ្ឌា និងនាយទាហាន នាវិកនៃ​កង​នាវា​ចរ​​ឥណ្ឌា Kiltan ទាំងអស់​ ចំពោះកាយវិការ​មនុស្សធម៌តាមរយៈការផ្តល់ជំនួយសង្គ្រោះ​ដល់​ប្រជាជន​កម្ពុជា​។ លោកបានបន្ថែមទៀត​ថាដំណើរទស្សនកិច្ចសុច្ឆន្ទៈ​ក្នុងគ្រាលំបាកបែបនេះ​នឹងមិនត្រឹមតែពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី និងទំនាក់ទំនងរវាង​ប្រជាជនឥណ្ឌា និងប្រជាជនកម្ពុជា​ប៉ុណ្ណោះទេ ថែមទាំងនឹងនាំទៅរកការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពារជាតិរវាងប្រទេសទាំងពីរផងដែរ។ មេបញ្ជាការ Ponnappa ដែលជាមេ​បញ្ជានាវា​បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកកម្ពុជាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។

នៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2020 ក្នុងពិធីប្រគល់​ជំនួយសម្ភារដែល​ធ្វើឡើងនៅកំពង់ផែក្រុងព្រះសីហនុ ​លោក  B. Subba Rao លេខាទីពីរ​នៃ​ស្ថានទូត​ឥណ្ឌា​ដែល​តំណាងដោយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​​​​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ ឌេវយ៉ានី ខូប្រ៊ាហ្គាដេ​ និងតំណាង​ឱ្យរដ្ឋាភិបាល​ឥណ្ឌា​  បានប្រគល់សម្ភារសង្គ្រោះទឹកជំនន់ចំនួន 15 តោនដល់ ឯកឧត្តម ​ហង្ស សាមឿន អនុប្រធានអចិន្ត្រៃយ៍​នៃ​គណៈក​ម្មាធិ​ការ​ជាតិ​​គ្រប់គ្រងគ្រោះ​មហន្តរាយ​ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុងសុន្ទរកថា​​​ថ្លែងតំណាង​ឱ្យលោកជំទាវ​ឯកអគ្គរដ្ឋទូតឥណ្ឌា លោក B. Subba Rao បាន​លើកឡើងអំពី​ការ​​គាំទ្រឥតងាករេ​របស់ឥណ្ឌា​ចំពោះប្រទេសកម្ពុជា មិនថា​ក្នុងកាលៈទេសៈ​បែបណា​នោះ​ទេ​ ។ លោកក៏បានបញ្ជាក់ផងដែរថាជំនួយក្នុង​ទំរង់ជាសម្ភារសម្រាប់​ការជួយពេល​មាន​ទឹកជំនន់ ​​គឺជាការបង្ហាញពីចំណងមិត្តភាពជារៀងរហូតរវាងប្រទេសទាំងពីរ។

លោកបានបន្ថែមថា ក្រៅពីសម្ភារជំនួយទឹកជំនន់ពីរដ្ឋាភិបាលឥណ្ឌា ស្ថានទូតឥណ្ឌាភ្នំពេញបាន​សហការ​ជាមួយសហ គមន៍ឥណ្ឌា​ និងសហគមន៍ធុរជនឥណ្ឌា​​នៅកម្ពុជា​បានបរិច្ចាគសម្ភារស្បៀង និង​ថ្នាំ​សង្កូវ​ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងកាលពីខែវិច្ឆិកា ឆ្នាំ2020។ លោក​បាន​បញ្ជាក់បន្ថែមទៀតថា  ជំនួយដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា​ និង​សហគមន៍​ឥណ្ឌា​នៅកម្ពុជា​នឹងមិនអាចកាត់បន្ថយបានទាំងស្រុង​នូវការបាត់បង់​​ដោយសារការ​រងគ្រោះ​ទឹកជំនន់​របស់​កម្ពុជា​​នោះ​ទេ តែកាយវិការបែបនេះ​ ជាសារបង្ហាញប្រាប់​ប្រជាជនកម្ពុជាថា​រដ្ឋាភិបាល​ និង​ប្រជាជន​ឥណ្ឌា​រមែង​ឈរនៅក្នុងស្មារតី​សាមគ្គីភាព​ជាមួយប្រទេសដែលដូចជា​បងប្អូនរបស់យើង​ដែល​មានទំនាក់ទំនង​ជិតស្និត​លើផ្នែ​វប្បធម៌​ប្រពៃណី​។

ក្នុងពិធីប្រគល់​ទទួល​យកសម្ភារជំនួយទឹកជំនន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ​ហង្ស សាមឿន ​បាន​រំលឹក​ពី​ចំណង​មិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលបាន​បង្ហាញ​កាយវិការសប្បុរសដើម្បីជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។

ដំណើរទស្សនកិច្ចចូលចត​របស់នាវា INS Kiltan នៅ​កំពង់ផែក្រុងព្រះសីហនុសម្រាប់ការផ្តល់សម្ភារជំនួយ​ទឹកជំនន់ចំនួន 15 តោនដល់ប្រទេសកម្ពុជាក៏​ស្ថិត​ក្រោមបេសកម្ម​មួយ​ដែល​មាន​ឈ្មោះថា​  SAGAR ដែល​​ជាផ្នែកមួយនៃជំនួយមនុស្សធម៌ និងជំនួយគ្រោះមហន្តរាយ​របស់ប្រទេសឥណ្ឌា​ដល់​ប្រទេស​​​បរទេស​​ជាមិត្ត India’s Humanitarian Assistance and Disaster Relief (HADR)។​ បេសកកម្ម SAGAR-III ​កំពុងត្រូវបានអនុវត្តស្របតាម​ចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដោយ​ផ្តោតទៅលើ សន្តិសុខ និងការលូតលាស់​សម្រាប់ទាំងអស់គ្នានៅក្នុងតំបន់ Security and Growth for All in the Region ពាក្យកាត់ SAGAR ដែលភាសាហិណ្ឌីមានន័យថា «សមុទ្រ»។ វាបង្ហាញ​ពីសារៈ​សំខាន់​របស់ឥណ្ឌាភ្ជាប់មកប្រទេសកម្ពុជា និងប្រទេសជិត​ខាងសមុទ្រ​ដទៃ​ទៀត។ ការចូលចត​កំពង់ផែ​សម្រាប់ការផ្តល់ជំនួយ​​សម្ភារ HADR ក្នុងគ្រា​ត្រូវ​ការ​បែប​នេះ​ត្រូវបានគេរំពឹងថា​មិន​ត្រឹម​តែបង្កើន​កិច្ច​សហប្រតិបត្តិការ​តាមសមុទ្ររវាងកងកំលាំងការពារជាតិឥណ្ឌា និងកម្ពុជាប៉ុណ្ណោះទេ​ថែមទាំងរួមចំណែក​ជាវិជ្ជមានដល់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕

ប្រភពដោយ៖ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា