ព្រះសីហនុ៖ ប្រវត្តិសាស្រ្តថ្មីមួយទៀតបានចារទុកនៅថ្ងៃនេះស្តីពីទំនាក់ទំនងដ៏រឹងមានរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ខណៈនាវាកងទ័ពជើងទឹកឥណ្ឌា INS Kiltan បានបញ្ជូនសម្ភារសង្គ្រោះទឹកជំនន់ចំនួន 15តោន ដែលមានឧបករណ៍ជំនួយក្នុងគ្រាទឹកជំនន់ចំនួន 3.000 សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ ការមកដល់របស់នាវា INS Kiltan នៅកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃអង្គារ ទី29 ខែធ្នូ ឆ្នាំ2020 គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់កងទ័ពជើងទឹកឥណ្ឌាមកកាន់តំបន់អាស៊ីអាគ្នេយ៍ក្រោមបេសកកម្មដែលមានឈ្មោះថា SAGAR-III។
ក្នុងបេសកកម្មប្រកបដោយភាពស្និតស្នាល និងសុឆន្ទៈ កងទ័ពជើងទឹកឥណ្ឌា INS Kiltan ត្រូវបានទទួលការស្វាគមន៍នៅកំពង់ផែសីហនុប្រកបដោយភាពកក់ក្តៅពីអង្គទូតមកពីស្ថានទូតឥណ្ឌារួមទាំងថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជាដែលមានលោកឧត្តមនាវីត្រី អ៊ីន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រកងទ័ពជើងទឹករាម និងនាយទាហានចំនួន 15 នាក់ទៀតផ្សេងទៀត មន្រ្តីមកពីអន្តោប្រវេសន៍ និងមន្ត្រីកំពង់ផែក្រុងព្រះសីហនុក៏មានវត្តមានដើម្បីស្វាគមន៍កប៉ាល់នេះផងដែរ។
តំណាងអោយកងទ័ពជើងទឹកកម្ពុជា លោកឧត្តមនាវីត្រី អ៊ីន សុខេមរ៉ា បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកឥណ្ឌា INS Kiltan និងបានរំលឹកអំពីដំណើរទស្សនកិច្ចគ្រាមុនរបស់ខ្លួនមកកម្ពុជា ជាមួយនាវាមួយទៀតឈ្មោះ INS Sahyadri នៅខែកញ្ញា ឆ្នាំ2019។ លោកបានថ្លែងអំណរគុណដល់កងទ័ពជើងទឹកឥណ្ឌា និងនាយទាហាន នាវិកនៃកងនាវាចរឥណ្ឌា Kiltan ទាំងអស់ ចំពោះកាយវិការមនុស្សធម៌តាមរយៈការផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនកម្ពុជា។ លោកបានបន្ថែមទៀតថាដំណើរទស្សនកិច្ចសុច្ឆន្ទៈក្នុងគ្រាលំបាកបែបនេះនឹងមិនត្រឹមតែពង្រឹងទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងរវាងប្រជាជនឥណ្ឌា និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនឹងនាំទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរផងដែរ។ មេបញ្ជាការ Ponnappa ដែលជាមេបញ្ជានាវាបានថ្លែងអំណរគុណដល់កងទ័ពជើងទឹកកម្ពុជាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។
នៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2020 ក្នុងពិធីប្រគល់ជំនួយសម្ភារដែលធ្វើឡើងនៅកំពង់ផែក្រុងព្រះសីហនុ លោក B. Subba Rao លេខាទីពីរនៃស្ថានទូតឥណ្ឌាដែលតំណាងដោយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកជំទាវ ឌេវយ៉ានី ខូប្រ៊ាហ្គាដេ និងតំណាងឱ្យរដ្ឋាភិបាលឥណ្ឌា បានប្រគល់សម្ភារសង្គ្រោះទឹកជំនន់ចំនួន 15 តោនដល់ ឯកឧត្តម ហង្ស សាមឿន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសុន្ទរកថាថ្លែងតំណាងឱ្យលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា លោក B. Subba Rao បានលើកឡើងអំពីការគាំទ្រឥតងាករេរបស់ឥណ្ឌាចំពោះប្រទេសកម្ពុជា មិនថាក្នុងកាលៈទេសៈបែបណានោះទេ ។ លោកក៏បានបញ្ជាក់ផងដែរថាជំនួយក្នុងទំរង់ជាសម្ភារសម្រាប់ការជួយពេលមានទឹកជំនន់ គឺជាការបង្ហាញពីចំណងមិត្តភាពជារៀងរហូតរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា ក្រៅពីសម្ភារជំនួយទឹកជំនន់ពីរដ្ឋាភិបាលឥណ្ឌា ស្ថានទូតឥណ្ឌាភ្នំពេញបានសហការជាមួយសហ គមន៍ឥណ្ឌា និងសហគមន៍ធុរជនឥណ្ឌានៅកម្ពុជាបានបរិច្ចាគសម្ភារស្បៀង និងថ្នាំសង្កូវដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងកាលពីខែវិច្ឆិកា ឆ្នាំ2020។ លោកបានបញ្ជាក់បន្ថែមទៀតថា ជំនួយដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា និងសហគមន៍ឥណ្ឌានៅកម្ពុជានឹងមិនអាចកាត់បន្ថយបានទាំងស្រុងនូវការបាត់បង់ដោយសារការរងគ្រោះទឹកជំនន់របស់កម្ពុជានោះទេ តែកាយវិការបែបនេះ ជាសារបង្ហាញប្រាប់ប្រជាជនកម្ពុជាថារដ្ឋាភិបាល និងប្រជាជនឥណ្ឌារមែងឈរនៅក្នុងស្មារតីសាមគ្គីភាពជាមួយប្រទេសដែលដូចជាបងប្អូនរបស់យើងដែលមានទំនាក់ទំនងជិតស្និតលើផ្នែវប្បធម៌ប្រពៃណី។
ក្នុងពិធីប្រគល់ទទួលយកសម្ភារជំនួយទឹកជំនន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហង្ស សាមឿន បានរំលឹកពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលបានបង្ហាញកាយវិការសប្បុរសដើម្បីជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។
ដំណើរទស្សនកិច្ចចូលចតរបស់នាវា INS Kiltan នៅកំពង់ផែក្រុងព្រះសីហនុសម្រាប់ការផ្តល់សម្ភារជំនួយទឹកជំនន់ចំនួន 15 តោនដល់ប្រទេសកម្ពុជាក៏ស្ថិតក្រោមបេសកម្មមួយដែលមានឈ្មោះថា SAGAR ដែលជាផ្នែកមួយនៃជំនួយមនុស្សធម៌ និងជំនួយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌាដល់ប្រទេសបរទេសជាមិត្ត India’s Humanitarian Assistance and Disaster Relief (HADR)។ បេសកកម្ម SAGAR-III កំពុងត្រូវបានអនុវត្តស្របតាមចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដោយផ្តោតទៅលើ សន្តិសុខ និងការលូតលាស់សម្រាប់ទាំងអស់គ្នានៅក្នុងតំបន់ Security and Growth for All in the Region ពាក្យកាត់ SAGAR ដែលភាសាហិណ្ឌីមានន័យថា «សមុទ្រ»។ វាបង្ហាញពីសារៈសំខាន់របស់ឥណ្ឌាភ្ជាប់មកប្រទេសកម្ពុជា និងប្រទេសជិតខាងសមុទ្រដទៃទៀត។ ការចូលចតកំពង់ផែសម្រាប់ការផ្តល់ជំនួយសម្ភារ HADR ក្នុងគ្រាត្រូវការបែបនេះត្រូវបានគេរំពឹងថាមិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការតាមសមុទ្ររវាងកងកំលាំងការពារជាតិឥណ្ឌា និងកម្ពុជាប៉ុណ្ណោះទេថែមទាំងរួមចំណែកជាវិជ្ជមានដល់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕
ប្រភពដោយ៖ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា