ប្រូប៉ាកូ បុត្រសម្ព័ន្ធរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងធនាគារស្ថាបនា  រួមគ្នាផ្តល់ការគាំទ្រដល់សហគ្រិនភាពនៅកម្ពុជា

633

ភ្នំពេញ៖ ថ្ងៃសុក្រ ទី18 ខែធ្នូ ឆ្នាំ2020 ប្រូប៉ាកូបានផ្តល់ឥណទានចំនួន 50លានដុល្លារដល់ធនាគារស្ថាបនាដើម្បីគាំទ្រការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញសហគ្រិនភាពស្ត្រីនៅកម្ពុជា។

ស្ថាបនា គឺជាធនាគារដ៏ធំមួយក្នុងចំណោមធនាគារធំៗ នៅកម្ពុជា​ ដែលសកម្មជាពិសេសក្នុងការផ្តល់ហិរញ្ញប្ប​ទានដល់សហគ្រាសធុនតូច និងមធ្យមដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ធនា​គារនេះមានបទពិសោធន៍ទូលំទូលាយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងមានបណ្តាញការិយា​ល័យពាសពេញប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ។

ក្នុងចំណោមទឹកប្រាក់ចំនួន 50លានដុល្លារខាងលើ 25លានដុល្លារត្រូវបានផ្តល់ដើម្បីគាំទ្រដល់ការពង្រឹងសកម្មភាពរបស់ធនាគារស្ថាបនាសម្រាប់សហគ្រាសធុនតូច និងមធ្យម ចំណែក 25លានដុល្លារទៀតនឹងផ្តោតលើការគាំទ្រសហគ្រិនភាពស្ត្រី ដូចអ្វីដែលត្រូវបានកំណត់ដោយ 2X Challenge។ 2X Challenge Financing for women គឺជាការផ្តួចផ្តើមគំនិតធ្វើឡើងដោយស្ថាប័នអភិវឌ្ឍហិរញ្ញវត្ថុនៃក្រុមប្រទេស G7 កាលពីឆ្នាំ2018 រាប់បញ្ចូលទាំងប្រូប៉ាកូផងដែរ ដើម្បីលើកកម្ពស់​ការវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដល់ស្រ្តី នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ និងរីកលូតលាស់។

ទាក់ទិននឹងកិច្ចសហការខាងលើ លោកស្រី ម៉ាហ្កាលី រូ នាយិកាប្រូប៉ាកូសម្រាប់តំបន់ខាងជើង និងអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖​ «ដោយសារការចូលរួមចំណែកឈានមុខគេរបស់ធនាគារស្ថាបនាក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម​ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា ធនា​គារ​ស្ថាបនាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយក្នុងន័យនេះ គឺជាដៃគូដ៏ស័ក្តិ​​​សមរបស់ប្រូប៉ាកូ។ យើងមានសោមនស្សរីករាយក្នុងការផ្តួចផ្តើមឱ្យមានភាពជាដៃគូថ្មីនេះ ដែល​​ផ្តល់នូវក្តីសង្ឃឹមជាច្រើនសម្រាប់អនាគត»។

ចំណែកលោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា បានមានប្រសាសន៍ថា៖ «ការផ្តល់លទ្ធភាពដើម្បីទទួលបានហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសម្រាប់សហគ្រិនភាពរបស់ស្ត្រីនៅកម្ពុជា គឺមានសារសំខាន់ណាស់ដើម្បីជំរុញទីផ្សារ និងស្ថានភាពហិរញ្ញវត្ថុឱ្យមានភាពប្រសើរឡើងវិញដើម្បីធ្វើការវិនិយោគ និងស្វែងរកនូវឱកាសរីកចម្រើនថ្មីៗ។ ការផ្តល់ឥណទានខាងលើនេះនឹងជួយធានាឱ្យមានធុរកិច្ចប្រកបដោយចីរភាព តាមរយៈការចូលរួមចំណែក និងការទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចដែលមានការរីកលូតលាស់ និងប្រកបដោយបរិយាប័ន្ន ក្នុងអំឡុងស្ថានភាពលំបាកបង្កឡើងដោយជំងឺកូវីដ19។ យើងមានសេចក្តីរីករាយចំពោះភាពជាដៃគូនេះ ហើយ​មានកិត្តិយសដោយត្រូវបានទទួលស្គាល់ដោយប្រូប៉ាកូចំពោះបទពិសោធន៍ និងការចូល​រួមចំណែករបស់យើងក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា»។

សហគ្រាសធុនតូច និងមធ្យមប្រមាណ 3600 អាចនឹងទទួលបានអត្ថប្រយោជន៍ពីប្រតិបត្តិការខាងលើនេះ ជាពិសេសផ្នែកលក់ដូរ ផ្នែកសេវាកម្ម និងវិស័យកសិកម្ម។ ភាគច្រើននៃសហគ្រាសធុនតូច និងមធ្យមនេះត្រូវបានរំពឹងថាជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយស្ត្រី។ ក្នុងន័យនេះ គម្រោងនេះនឹងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពទី5 សម​ភាព​​យែនឌ័រ និងគោលដៅទី8 ការងារសមរម្យ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច។

ប្រូប៉ាកូបាន និងកំពុងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពអស់រយៈពេល 40ឆ្នាំមកហើយ​នៅអាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងមជ្ឈិមបូព៌ា។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងការផ្តល់ហិរញ្ញប្បទាន ប្រូប៉ាកូផ្តល់ឥណទាន និងការគាំទ្រដល់ក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងជួយស្ថាប័នទាំងនោះក្នុងការគ្រប់គ្រងឥទ្ធិពលនៃសកម្មភាពរបស់ខ្លួន។

ក្នុងឆ្នាំ2019 ប្រូប៉ាកូបានផ្តល់ហិរញ្ញប្បទានចំនួន 2.5ពាន់លានដុល្លារ ដែលផ្តោតលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍ​រួមមានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសថាមពលកកើតឡើងវិញ ធុរកិច្ចផ្នែកកសិកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ តំហែទាំសុខភាព និងអប់រំ។​ អន្តរាគមន៍របស់ប្រូប៉ាកូផ្តល់ការគាំទ្រដល់តួអង្គនានានៃវិស័យឯកជន ដែលចូលរួមចំណែកក្នុងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព​ដោយ​បង្កើតការងារ និងប្រាក់ចំណូលសមរម្យ ផ្តល់នូវទំនិញ និងសេវាចាំបាច់ ដែលចូលរួមចំណែក​ក្នុងការកាត់បន្ថយភាពក្រីក្រ​​ និងប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។

អាស៊ីគឺជាតំបន់ទី3 ដែលប្រូប៉ាកូធ្វើអន្តរាគមន៍ ក្នុងនោះហិរញ្ញប្បទានចំនួន 388លានអឺរ៉ូត្រូវបាន  ផ្តល់ជូនក្នុងឆ្នាំ2019 ដែលត្រូវជា 15%នៃការផ្តល់ហិរញ្ញប្បទានរបស់ខ្លួន។​ សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់ www.proparco.fr/en និង https://twitter.com/proparco 

ស្ថាបនា គឺជាធនាគារដ៏ធំមួយក្នុងចំណោមធនាគាពាណិជ្ជឈានមុខគេនៅកម្ពុជា ដោយមានទ្រព្យសកម្មសរុបជាង 2ពាន់លានដុល្លារ និងមានបុគ្គលិកបម្រើការជាង 4000នាក់។​ ធនាគារមានបណ្តាញសាខានៅពាសពេញប្រទេសកម្ពុជា ដោយមានសាខាជាង170 និងទូរអេធីអឹមជាង230 ​ដែលអតិថិជនអាចដាក់ និងដកប្រាក់។​ ធនាគារផ្តល់សេវាកម្មពេញលេញជូនអតិថិជន ដូចជាសេវាឥណទាន ការដាក់ប្រាក់បញ្ញើ​ ធនាគារតាមប្រព័ន្ធអ៊ីនធើរនែត ធនាគារតាមប្រព័ន្ធទូរស័ព្ទ ប័ណ្ណឥណពន្ធ ​និងឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក​ និងក្រៅប្រទេស វេស្ទើនយូញៀន ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងទៀត។ ធនាគារក៏ផ្តល់ជូនផងដែរនូវសេវាប្រមូលពន្ធ ការបង់ថ្លៃសេវាសាធារណៈដោយរួមសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងមានកិច្ចសហប្រតិបត្តិការនានាជាមួយភ្នាក់ងារដែលផ្តល់ការផ្ទេរ និងការទូរទាត់ប្រាក់តាមទូរស័ព្ទដូចជា វីង ផាយផេ ទ្រូម៉ានី លីហួរវេរលុយ អ៊ីម៉ានី និងបាគង ដើម្បីផ្តល់អត្ថប្រយោជន៍ថែមទៀតដល់អតិថិជនធនាគារស្ថាបនា។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.sathapana.com.kh និង facebook.com/Sathapanabank៕

ប្រភព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា