ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មឥណ្ឌា សហការជាមួយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម នៃរដ្ឋាភិបាលឥណ្ឌាបានរៀបចំសន្និសីទពាណិជ្ជកម្មឥណ្ឌា CLMV លើកទី6 ក្រោមប្រធានបទ Building Bridges for Constructive Development in virtual format with Cambodia, Lao PDR, Myanmar, and Vietnam នៅថ្ងៃទី3-4 ខែធ្នូ ឆ្នាំ2020 តាមប្រព័ន្ធអនឡាញ កិច្ចប្រជុំនេះ គឺជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយបណ្តាប្រទេស CLMV ។
ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ គឺផ្តោតការយកចិត្តទុកដាក់របស់ប្រទេសសមាជិក និងមានការចូលរួមពីរដ្ឋាភិបាលឥណ្ឌា និងប្រទេស CLMV។ ក្រៅពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ ការតាំងពិព័រណ៍តាមរយៈអនឡាញក៏បានរៀបចំផងដែរក្នុងរយៈពេល 15ថ្ងៃ ជាមួយសហគ្រាសមកពីប្រទេសឥណ្ឌា និងប្រទេស CLMV ដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅលើវិស័យជាច្រើនដូចជាកសិកម្ម ការកែច្នៃផលិតផលកសិកម្ម សេវាកម្មផ្សេងៗ ទាក់ទងផ្នែកកសិកម្ម ផលិតកម្ម និងឧស្សាហកម្មធុនស្រាល ដែលរួមមានដូចជារថយន្ត វាយនភ័ណ្ឌនិងម៉ាស៊ីន ថាមពល និងថាមពលធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ឱសថ ជំនាញ IT និងវិស័យអប់រំ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋលេខាធិការមកពីប្រទេសឥណ្ឌា និងប្រទេស CLMV បានចូលរួមក្នុងពិធីបើកសន្និសីទសារព័ត៌មានស្តីពីពាណិជ្ជកម្មដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី3 ខែធ្នូ ឆ្នាំ2020។ ពីប្រទេសកម្ពុជា ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឱ្យ ឯកឧត្តម ប៉ាន សូរ ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា។
ពីខាងភាគីឥណ្ឌា លោក V. Muraleedharan រដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការការបរទេសបានលើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំពីកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយតំបន់ CLMV ក្នុងរយៈកាលកូវីដ19 ដូចជាការផ្តល់ថ្នាំនិងវេជ្ជសាស្ត្រ និងបណ្តុះបណ្តាលបុគ្គលិកពេទ្យតាមរយៈកម្មវិធី ITEC។ លោកបានបន្ថែមថាប្រទេសឥណ្ឌាព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេស CLMV ជាមួយនឹងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ19 ហើយនឹងមានឆន្ទៈក្នុងការចែករំលែកវ៉ាក់សាំងនៅពេលធ្វើបានជោគជ័យ។
លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះសមាហរណកម្មអាស៊ាន និងកម្មវិធីតភ្ជាប់អាស៊ាន និងបានលើកទឹកចិត្តប្រទេសអាស៊ាន ជាពិសេសប្រទេស CLMV សម្រាប់ការប្រើប្រាស់ខ្សែបន្ទាត់ឥណទាន 1 ពាន់លានដុល្លារសម្រាប់ការពង្រឹងការតភ្ជាប់តាមបែបឌីជីថលនិងតាមបែបផ្សេងៗ។
នៅក្នុងសុន្ទរកថា ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីវិធានការប្រកបដោយប្រសិទ្ធភាពដែលបានអនុវត្តដោយប្រទេសកម្ពុជាដើម្បីគ្រប់គ្រងជំងឺរាតត្បាត COVID-19 និងបានយន្តការសម្របសម្រួលពាណិជ្ជកម្មនៅកម្ពុជា កែលម្អភ័ស្តុភារ និងការប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយសម្រាប់ការបង្កើតអាជីវកម្មថ្មី ការតភ្ជាប់ក្នុងតំបន់ ធ្វើអោយតំណែងប្រទេសកម្ពុជានៅក្នុងសន្ទស្សន៍នៃភាពងាយស្រួលនៃការធ្វើអាជីវកម្មរបស់ធនាគារ Word Bank មានភាពល្អប្រសើរក្នុងចំណោមបណ្តាប្រទេសអាស៊ាន ក៏ដូចជាបង្ហាញពីគុណសម្បត្តិនៃការវិនិយោគនៅកម្ពុជាដោយសារគម្រោងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងនីតិវិធីគយមានភាពសាមញ្ញ។ ឯកឧត្តម ឈួន ដារ៉ា ក៏បានឆ្លៀតឱកាសអញ្ជើញធុរជនមកវិនិយោគបន្ថែមទៀតនៅកម្ពុជា៕
ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ