ពិធីប្រគល់អំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង និងបាត់ដំបង

719

ស្ថានទូតឥណ្ឌាប្រចាំទីក្រុង​ភ្នំពេញរួមជាមួយសមាគមជនជាតិ​ឥណ្ឌានៅ​កម្ពុជា និងក្រុម​ធុរជន​ឥណ្ឌានៅកម្ពុជាបានបរិច្ចាកអង្ករ ​និងថ្នាំពេទ្យផ្សេងៗគ្នាដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា។ ដោយឡែកសមាគមអតីតនិស្សិតកម្ពុជាទៅសិក្សា​នៅ​ឥណ្ឌា មាន​ឯកឧត្តម ​បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធាន​ ក៏បានចូលរួមឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគដល់អ្នកភូមិខេត្តកំពង់ឆ្នាំងផងដែរ។

អំណោយផ្តល់ជូនជនរងគ្រោះ​ទឹកជំនន់នៅខេត្តកំពង់ឆ្នាំងត្រូវបានរៀបចំឡើងនៅឃុំទឹកហូត ស្រុករលាប្អៀរ ក្រោមវត្តមានឯកឧត្តម ​បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតំណាងឱ្យ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តកំពង់ឆ្នាំង  និង​ចៅហ្វាយស្រុក​រលាប្អៀរ។ លោកជំទាវ​ឯកអគ្គរដ្ឋទូត វេជ្ជ​បណ្ឌិត Devyani Khobragade បានសម្តែងនូវការអាណិតអាសូរយ៉ាងខ្លាំង​ចំពោះជនរងគ្រោះដោយទឹកជំនន់ និងរីករាយ​ចំពោះការចូលរួមរបស់សហគមន៍ឥណ្ឌា ក្រុមធុរជនឥណ្ឌា និងសមាជិកសមាគមអតីតនិស្សិតកម្ពុជារៀន​នៅ​ឥណ្ឌា ក្នុងការបរិច្ចាគអង្ករ​ដល់​អ្នកភូមិ​ក្នុង​ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានថ្លែងអំណោរគុណសម្រាប់អំណោយ​ដែលបានផ្តល់ដោយស្ថានទូត​ឥណ្ឌា ​និងបានធានានូវការជួយ​សម្របសម្រួលរៀបចំកម្មវិធីចែកជំនួយសង្គ្រោះបន្ទាន់នៅក្នុងខេត្តដែលរងផលប៉ះពាល់ដទៃទៀតនៃប្រទេស កម្ពុជា។ អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានថ្លែងអំណរគុណចំពោះសហគមន៍ និងស្ថានទូតឥណ្ឌា ហើយបានមានប្រសា សន៍ថា ជំនួយអង្ករ​នេះ​បានមកដល់ទាន់ពេលវេលាចំពេលដែលអ្នកភូមិកំពុង​ត្រូវការវាបំផុត។ មេភូមិចំនួន10 នៃឃុំទឹកហូត​បានចូលរួមក្នុងពិធីចែកអំណោយនេះ។ លោកជំទាវ​ ឯកអគ្គរដ្ឋទូត វេជ្ជបណ្ឌិត Khobragade និងក្រុមការងារបានប្រគល់អង្ករចំនួន 5តោន ដែលឧបត្ថម្ភដោយក្រុមហ៊ុន Bajaj Auto ដែលជាក្រុមហ៊ុនម៉ូតូកង់បីឥណ្ឌាធំជាងគេនៅកម្ពុជា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ទៀតដល់ពួកគេ។

កម្មវិធីផ្តល់ជំនួយសង្គ្រោះទឹកជំនន់ស្រដៀងគ្នានេះត្រូវបានរៀបចំឡើងនៅខេត្តបាត់ដំបងនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ​2020។ មុនពេលចុះ​ចែកអង្ករ និងថ្នាំសង្កូវ​ផ្សេង​ទៀតដល់អ្នកភូមិក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង លោកជំទាវ​ ឯកអគ្គរដ្ឋទូតឥណ្ឌា បានចូលជួបសម្តែងការគួរសម​ និងជជែក​ពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម ​ងួន រតនៈ អភិបាលខេត្តបាត់ដំបង ​និងបានប្រគល់ថ្នាំ​ពេទ្យមួយចំនួន​សម្រាប់ជាការប្រើប្រាស់ឱ្យមន្ទីរពេទ្យនៅខេត្តបាត់ដំបង។ ថ្នាំទាំងនេះត្រូវបានបរិច្ចាគដោយក្រុមហ៊ុនឱសថឥណ្ឌានៅកម្ពុជា។ ក្រុមហ៊ុនឱសថឥណ្ឌាប្រត្តិបត្តិការនៅ​ប្រទេស​កម្ពុជា​យូរណាស់មកហើយ និងមានគុណភាពឈាន​មុខគេ​នៅក្នុងវិស័យឱសថកម្ពុជា។

​ឯកឧត្តម ​ងួន រតនៈ បានសម្តែង​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះលោកជំទាវ ​ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី និងថ្លែងអំណរគុណដល់ស្ថានទូតឥណ្ឌាដែលបានផ្តល់អំណោយ​សប្បុរសធម៌ពីសហគមន៍ឥណ្ឌា។ ​ឯកឧត្តម មានប្រសាសន៍លើកឡើងថា​ «ឆ្នាំនេះខេត្តបាត់ដំបងរងផលប៉ះពាល់ខ្លាំងជាងឆ្នាំមុនៗ ដោយសារទឹកជំនន់ ដែល​មាន​ 13ឃុំ ជាមួយប្រជាពលរដ្ឋជាង 7ម៉ឺនគ្រួសាររងផលប៉ះពាល់ខ្លាំងបំផុត លោកក៏បានផ្តល់ព័ត៌មានលម្អិតអំពីវិធានការផ្តល់ជំនួយសង្គ្រោះរបស់រដ្ឋាភិបាលកម្ពុជា​ផងដែរ​»។

ឯកអគ្គរដ្ឋទូត ឥណ្ឌា បានថ្លែងអំណរគុណដល់លោកអភិបាលចំពោះពត៌មានដ៏លម្អិត​ដែល​លោកបាន​រាយការណ៍​និងបានមានប្រសាសន៍ថា​ «ក្នុងនាមរដ្ឋាភិបាលឥណ្ឌា ខ្ញុំសូមបង្ហាញនូវសាមគ្គីភាពជាមួយប្រជាជនកម្ពុជា។ នេះគឺជា​គ្រោះ​ផ្ទួនៗ របស់ប្រជាជនកម្ពុជា​ ដែលពួកគេបាន​រងគ្រោះដោយសាររោគរាតត្បាតហើយ នៅ​មករងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរក្នុងពេលតែមួយទៀត។ ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនង​វប្បធម៌ និងសាសនាតាំងពីយូរលង់ណាស់មកហើយ ដូច្នេះយើងអាចយល់អារម្មណ៍លំបាករបស់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់យ៉ាងពិតប្រាកដ។ លោកជំទាវ​សង្ឃឹមថា សម្ភារៈផ្តល់ជំនួយដែលរួមមានអង្ករ ថ្នាំពេទ្យ សម្ភារៈអនាម័យ​ប្រឆាំង Covid ដែលបរិច្ចាគដោយសហគមន៍ឥណ្ឌា ក្រុមហ៊ុនឱសថសូណាលីកា និងក្រុម​អាជីវកម្មផ្សេងៗទៀត នឹងអាចជួយប្រជាជនកម្ពុជាក្នុងដំណើរ​វិល​រកភាពប្រសើរឡើងវិញ»។

លោកជំទាវ​ក៏បានលើកឡើងពីគម្រោងផ្សេងៗ របស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការអភិវឌ្ឍខេត្តបាត់ដំបង និងខេត្តផ្សេងៗ ដូចជាវិស័យធារាសាស្ត្រនិងការកសាង​ប្រភពទឹក ការដំឡើងអណ្តូង​ស្នប់ 1500 ជាដើម។​ នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខេត្តបាត់ដំបងបានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់ប្រជាជនឥណ្ឌា។ ពិធីប្រគល់​អំណោយ ត្រូវបានរៀបចំឡើងនៅ​ទីស្នាក់ការកណ្តាលស្រុកសំពៅលូននាថ្ងៃទី27 ខែវិច្ឆិកា ក្រោមវត្តមាន បណ្ឌិត សៅ ជីវ័ន និងអភិបាលស្រុក​នៃ​ខេត្តបាត់ដំបង អភិបាលរងស្រុកចំនួន 4នាក់​ និងមេឃុំចំនួន 6នាក់ និងតំណាងសហគមន៍ឥណ្ឌា។

លោក Adarsh ​​Kumar Mishra លេខាធិការទី2 នៃស្ថានទូតឥណ្ឌា តំណាង​ឱ្យ​លោកជំទាវ ​អគ្គរដ្ឋទូត ឥណ្ឌា បានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ប្រគល់​អំណោយជូនប្រជាពលរដ្ឋរងគ្រោះ​ដោយ​ទឹកជំនន់បានទាន់ពេលវេលា។ លោកបានប្រគល់សម្ភារៈសង្គ្រោះដែលរួមមានអង្ករចំនួន 5តោន និងសម្ភារៈអនាម័យ​ប្រឆាំង Covid សម្រាប់មនុស្សចំនួន 1000នាក់ ដល់អាជ្ញាធរមូលដ្ឋានសម្រាប់ចែកចាយបន្តដល់អ្នកភូមិ។ អាជ្ញាធរស្រុកបានលើកឡើងពីភាពធ្ងន់ធ្ងរនៃការបាត់បង់ និងការលំបាកដែលអ្នកភូមិនៃឃុំទាំង6 នៃស្រុកសំពៅលូន និង​បានវាយតម្លៃខ្ពស់ចំពោះជំនួយដែលផ្តល់ដោយប្រជាជនឥណ្ឌា។

ក្នុងអំឡុងពេលស្នាក់នៅក្នុងខេត្តបាត់ដំបងលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញទស្សនាទីតាំង និងប្រាសាទបុរាណមួយចំនួន និងបានស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអភិវឌ្ឍ ដោយពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្តដើម្បីធ្វើ​វាទៅជាកន្លែងទាក់ទាញទេសចរដ៏សំខាន់នៅក្នុងខេត្តបាត់ដំបង៕

ប្រភព៖ ឥណ្ឌានៅកម្ពុជា (ស្ថានទូតឥណ្ឌាភ្នំពេញ) និងរូបថតដោយ៖ សហការី