ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាយោងតាមលេខ៖ 36PR-20/EoJ ចេញនៅថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2020 ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន 300លានយ៉េន ប្រមាណ 2,7លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន 25 ប៊ីលានយ៉េនប្រមាណ 227លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា។
1. ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម
តាមរយៈហិរញ្ញប្បទានឥតសំណងសម្រាប់ «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា 300លានយ៉េន ប្រមាណ 2,7លានដុល្លារអាមេរិក ដល់អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដើម្បីទិញសម្ភារៈ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់អង្គភាពខាងលើ តាមរយៈការផ្តល់សម្ភារៈរួមមានយានយន្តសម្រាប់ការពារសន្តិសុខដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។ សម្ភារៈទាំងនេះនឹងជួយឲ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសិទអន្ដរជាតិនាពេលខាងមុខប្រារព្ធធ្វើឡើងប្រកបដោយសុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន។
2. ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ19
ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន 25ប៊ីលានយ៉េន ប្រមាណ 227លានដុល្លារអាមេរិក ដល់កម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ19។ តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ19 រក្សាលំនឹងនិងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំពារសង្គម។ ឥណទាននេះគឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង 5ប៊ីលានយ៉េន ប្រមាណ 45លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ19 តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប ការផ្តល់ឧបករណ៍ វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។ តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រនិងងាយរងគ្រោះ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។
ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនម្នាក់ៗ ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា។
លិខិតប្តូរសារនៃគម្រោងទាំងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2020៕
រូបថតដោយ៖ សហការី