ភ្នំពេញ៖ ថ្ងៃច័ន្ទ ទី7 ខែញ្ញា ឆ្នាំ2020 សណ្ឋាគារ Himawari Hotel Apartments រួមជាមួយអង្គការ Miracles Worldwide និងមូនិធិចេនឡា បានរៀបចំកម្មវិធីសប្បុរសធម៌ «Miracles WW Day» ក្រោមប្រធានបទ «ការផ្តល់ឱ្យ នឹងទទួលបានសុភមង្គលជាជាងការទទួល» ដោយបាននាំយកអំណោយជាអង្ករចំនួន 20តោន ជូនដល់អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants – LRDE) ក្រោមការចូលរួមដោយដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកអង្គម្ចាស់ នរោត្តម ថានុរ៉ា។
ការបរិច្ចាគជាអង្ករសម្រាប់អង្គការផ្ទះបាយកុមារ នៅក្នុងថ្ងៃតែមួយដែលពួកគាត់ធ្វើការអបអរសារទរថ្ងៃ Miracle WWDay ដែលជាកម្មវិធីខួបប្រចាំឆ្នាំរបស់ពួកគាត់។ កម្មវីធីត្រូវបានបង្កើតឡើងដោយអង្គការផ្ទះបាយកុមារ ក៏ជាថ្ងៃអបអរសាទរ និងបង្ហាញពីការដឹងគុណរបស់ពួកគេដល់អង្គការ Miracle Worldwide ក្នុងការបរិច្ចាគនានា ដល់ផ្ទះបាយកុមារកន្លងមក ព្រមទាំងជាការអរគុណដល់ម្ចាស់ជំនួយនានានៅក្នុងប្រទេសសិង្ហបុរី។ ពិសេសជាងនេះទៅទៀតវាក៏ជាការអបអរដើម្បីពង្រឹងនាក់ទំនងរវាង Miracle Worldwide និងផ្ទះបាយកុមារ ដែលបានចំណាយពេលវេលាក្នុងការធ្វើការងារសប្បុរសធម៌ជាមួយគ្នាដែលនាំមកនូវសេចក្តីអំណរ សុភមង្គល ព្រះពរដល់កុមារដែលនៅក្នុងអង្គការផ្ទះបាយកុមារទាំងអស់ផងដែរ។
លោក ង៉ូវ ឈីវ ស្ថាបនិក និងជាប្រធានគ្រប់គ្រងផ្ទះបាយកុមារ មានវ័យ 75ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថារូបលោកបានចំណាយពេលវេលាធ្វើការជាមួយអង្គការជាច្រើន និងបានជួយកុមារកម្ពុជាតាំងពីពេលដែលលោកមានវ័យប្រហែលជាង 30ឆ្នាំ។ នាពេលបច្ចុប្បន្ននេះមានកុមារជាច្រើនបានក្លាយជាគ្រូពេទ្យ មន្រ្តីរាជការ ធ្វើការនៅស្ថាប័នឯកជននានា និងមួយចំនួនទៀតបានបន្តការសិក្សារៀនសូត្រនៅឯបរទេស ហើយក៏មានអ្នកខ្លះបន្តរស់នៅបរទេសផងដែរ។
លោក ង៉ូវ ឈីវ បានលើកឡើងថា៖ «ថ្ងៃនេះខ្ញុំពិតជារំភើបណាស់ព្រោះក្នុងឆ្នាំនេះ ជាថ្ងៃអបអរសាទរ Miracle WWDay ការរំពឹងទុកពីការបរិច្ចាគ គឺត្រឹមតែ 6តោន តែផ្ទុយទៅវិញយើងបានទទួលដល់ទៅ 20តោន។ ដែលអាចទំនុកបម្រុងផ្ទះបាយកុមារបានរហូតដល់ទៅកន្លះឆ្នាំ»។
លោកបានបន្តទៀតថា៖ «ក្នុងស្ថានភាព COVID-19 ម្ចាស់ជំនួយពី អ៊ីតាលី និងសម្បុរសជនផ្សេងៗ ទៀតបានកាត់បន្ថយជំនួយ តែសកម្មភាពរបស់ពួកយើងនៅតែបន្តដើម្បីកុមាររបស់កម្ពុជា។ […] សកម្មភាពមួយចំនួនត្រូវបានកាត់បន្ថយដូចជា ការផ្តល់អាហារដល់កុមាររើសអេតចាយអាចមកញាំបាយ Free នៅផ្ទះបាយកុមារនះ បានកាត់បន្ថយពីពីរពេល មកត្រឹមតែមួយពេលប៉ុណ្ណោះ គឺអាហារពេលព្រឹក»។
លោក Andrew Tay នាយក សណ្ឋាគារ Himawari Hotel Apartments បានប្រាប់ឱ្យដឹងនៅក្នុងកម្មវិធីថា រូបលោក ព្រមទាំងភិរិយា ពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកដល់អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants – LRDE) ជាលើកទីមួយ។ ដើម្បីបង្ហាញពីការគាំទ្ររបស់លោក រួមជាមួយសណ្ឋាគារ Himawari Hotel Apartments ព្រមទំាងក្រុមគ្រួសារ មិត្តភក្តិ ក្នុងការចូលរួមចំណែកការងារសប្បុរសធម៌ ដោយបានសហការជាមួយនឹងអង្គការ Miracle Worldwide ក្នុងការជួយដល់អង្គការផ្ទះបាយកុមាររួម។
លោក Andrew Tay បានលើកឡើងថា៖ «កន្លងមកសណ្ឋាគារ Himawari Hotel Apartments បានធ្វើសម្មភាពសប្បុរសធម៌ក្នុងសង្គមជាច្រើនដើម្បីជួយសហគមន៍ខ្មែរ និងជួយផ្សព្វផ្សាយចំណេះដឹង សេចក្តីស្រឡាញ់និងការលើកទិកចិត្តតាមរយៈព្រះបន្ទូលរបស់ព្រះអង្គម្ចាស់យេស៊ូគ្រីស្ទ តែនេះជាលើកទីមួយរបស់សណ្ឋាគារ Himawari Hotel Apartments ដែលបានបរិច្ចាគ និងជួយរៃអង្គាសអង្ករពីគ្រួសារ និងមិត្តភក្តិ សម្រាប់ឧបត្ថមជាអង្ករក្នុងទ្រង់ទ្រាយធំបែបនេះ»។
លើសពីនេះទៅទៀតលោក Andrew Tay បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អង្គការផ្ទះកុមារនៅតែបន្តការងារសប្បុរសធម៌របស់ពួកគេក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់កុមាររើសសំរាមនៅកម្ពុជា។ ដោយការផ្តល់អាហារដែលមានសារធាតុចិញ្ចឹមដល់រាងកាយ និងគ្រប់គ្រាន់ក្នុងការជួយដល់ការលូតលាស់របស់ពួកគេ។
ក្រៅពីនេះផ្ទះបាយកុមារក៏បានលើកទឹកចិត្តឱ្យកុមារទៅសាលារៀនដូចកុមារដ៏ទៃទៀត ដោយបានផ្តល់ប្រាក់កាសឱ្យពួកគេទៅរៀនក្នុងមួយថ្ងៃ 1000រៀល និងតែងតែតាមដានពីការសិក្សា និងលិទ្ធផលសិក្សារបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះអង្គការផ្ទះបាយកុមារក៏មានការយកចិត្តទុកដាក់ក្នុងការតាមដានសុខភាពកុមារផងដែរ។
ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដើម្បីជួយកុមារក្រីក្ររបស់កម្ពុជាឱ្យមានអនាគតល្អប្រសើរជាងមុន នៅពេលខាងមុខ លោកបានលើកទឹកចិត្តដល់កុមារៗ ដែលទទួលបានការថែទាំ ផ្គត់ផ្គង់ ពីផ្ទះបាយកុមារឱ្យខិតខំរៀនសូត្រ ទៅសាលារៀនដើម្បីឆ្ពោះទៅរកអនាគតភ្លឺស្វាងនាពេលខាងមុខ ជាពិសេសក៏ជាចំណែកមួយដ៏ធំជួយដល់សង្គមជាតិវិញ។ លោកសង្ឃឹមថាឪពុកម្តាយរបស់ក្មេងៗ និងបំពេញនូវទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាឪពុកម្តាយ និងធានាថាកូនៗ របស់ពួកគេទទួលបានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ នៅបញ្ជប់លោកបានបន្ថែមទៀតថាកម្មវិធីសប្បុរសធម៌នេះមិនអាចទៅរួចនោះទេ បើគ្មានការចូលរួមឧបត្តមគាំទ្រ ជាវិភាគទានពីម្ចាស់ជំនួយសប្បុរសជននានា ដែលបានសហការរួមគ្នាដើម្បីសុខមាលភាពកុមារកម្ពុជា និងការរៀនសូត្ររបស់ពួកគេ៕
រូបថតដោយ៖ សាគូរ៉ា អេងលី