ភ្នំពេញ៖ ក្រុមហ៊ុនគ្រប់គ្រងសិល្បៈករ សិល្បៈការនីល្បីៗ ក្នុងបណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលគ្រប់គ្នាបានស្គាល់ថាជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គម (Influencer) នោះគឺ ៨៨ខមម្ញូនីខេសិន (88Communication) បានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេសិន (8TEEN Communication) ដើម្បីអបអរសាទរខួបលើកទី2 នៃការដំណើរការក្រុមហ៊ុនរបស់ខ្លួន។
បើតាមការឲ្យដឹងពី កញ្ញា យក់ ឆេងលាង ហៅ Pzee ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន 8TEEN Communication បានឲ្យដឹងថាក្រុមហ៊ុន Influencer Marketing ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាមួយនេះកំពុងពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងសក្តានុពលរបស់ខ្លួន ដោយមានសេវាកម្មថ្មីៗ បន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជន និងអ្នកគាំទ្រ ព្រោះតែតម្រូវការទីផ្សារឌីជីថលបែបថ្មី Influencer Marketing កំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្នបើធៀបទៅកាលពី 3ឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនធំៗ ជាច្រើនជាពិសេស ក្រុមហ៊ុនម៉ាកយីហោល្បីៗ លំដាប់អន្តរជាតិជាច្រើនកំពុងបើកដំណើរការនៅកម្ពុជា។
នាយកប្រតិបត្តិនៃក្រុមហ៊ុនរូបនេះបានរៀបរាប់ថា៖ «មូលហេតុដែលយើងធ្វើការផ្លាស់រូបរាងរបស់ក្រុមហ៊ុន គឺដោយសារ 8TEEN Communication បានបន្ថែមនូវសេវាកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជន និងផ្តល់ជូនអ្វីដែលពិសេសពីសិល្បកររបស់យើងទៅកាន់អ្នកគាំទ្រ។ សេវាកម្មផ្សេងៗ ទាំងនោះរបស់ក្រុមហ៊ុនរួមមានការបង្កើតយុទ្ធសាស្រ្តបែបឌីជីថលថ្មី (Influencer Marketing & Digital Marketing) ផលិតកម្មវីដេអូបែប ផ្សព្វផ្សាយ (Media Production) រចនាក្រាហ្វិក (Animation & Graphic Design) និង ការបង្កើតមាតិកា ច្នៃប្រឌិត (Content Creation) ឲ្យកាន់តែឈានទៅមុខមួយកម្រិតទៀតជាមួយនឹងការសម្រេចនូវគម្រោង ជាច្រើនរវាងដៃគូទាំងក្នុងនិងក្រៅស្រុក»។
គួរបញ្ជាក់ផងដែរថា 8TEEN Communication បានបង្ហាញខ្លួនជាលើកដំបូងក្រោមឈ្មោះ 88 Communication នៅក្នុងឆ្នាំ2018 ដែលមានសិល្បករចំនួន 8រូបតែប៉ុណ្ណោះ។ 8TEEN Communication គឺជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានមាតិកាបែបច្នៃប្រឌិត និងមានការបង្កើតយុទ្ធសាស្ត្របែបឌីជីថលឲ្យសមស្របជាមួយតម្រូវការទីផ្សារបច្ចុប្បន្ន។
តារាបណ្តាញសង្គមដែលអ្នកគ្រប់គ្នាកត់ចំណាំនូវការកែច្នៃរូបថត និងប្លង់ថតស្អាតៗ លោក Rainniedara បានបង្ហើបប្រាប់ថា លោកនឹងមានអ្វីដែលថ្មី ហើយប្លែកដើម្បីចែកជូនទៅដល់អ្នកគាំទ្ររបស់ខ្លួនធ្វើការអរគុណដល់អ្នកគាំទ្ររបស់លោកកន្លងមក។
បន្ថែមពីនេះទៅទៀត តារាជួរមុខលើបណ្តាញសង្គម Fiyata បាននិយាយថា នាងមានភាពល្បីល្បាញរហូតមកថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងទាំងអស់ ហើយ Fiyata អរគុណទៅដល់អ្នកគាំទ្រទាំងអស់ផងដែរ បើគ្មានអ្នកគាំទ្រក៏គ្មាន Fiyata ដល់ថ្ងៃនេះដែរ។ Fiyata បានបន្ថែមថា នាងនឹងព្យាយាមរកអ្វីថ្មីៗ បន្ថែមទៀតសម្រាប់អ្នកគាំទ្រ ស្របពេលជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីរបស់ 8TEEN Communicationមួយនេះ។
តារាបណ្តាញសង្គមរបស់ 8TEEN Communication អ្នកនាង Sophie បានប្រាប់ថាក្នុងនាមជារៀមច្បង អ្នកនាងនឹងធ្វើជាគំរូដល់សិស្សប្អូនជំនាន់ក្រោយ ព្រមទាំងនឹងខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់អ្នកគាំទ្ររបស់នាងផងដែរ។
នេះជាឱកាសសម្រាប់ការពង្រីកទីផ្សារបែបឌីជីផលរបស់កម្ពុជា 8TEEN Communication ស្វាគមន៍រាល់ដៃគូសហការផ្សេងៗ ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខដើម្បីឈានទៅកាន់ទីផ្សារអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះ 8TEEN Communication ប្រកាសស្វាគមន៍សិល្បករដែលមានសមត្ថភាពឲ្យចូលរួមជាមួយពួកយើងផងដែរ នេះបើតាមការឲ្យពីស្ថាបនិករបស់ 8TEEN Communication។
កញ្ញា ឆេងលាង បានបន្ថែមថា៖ «នៅក្នុងឆ្នាំថ្មី២០២០នេះ គឺជាឆ្នាំមួយពិសេសសម្រាប់ក្រុមហ៊ុនយើងផ្ទាល់ដែលបានបង្ហាញខ្លួនជាសាធារណះជាថ្មីម្តងទៀតក្នុងឈ្មោះ និងរូបរាងថ្មីជាមួយការកែប្រែប្រព័ន្ធដំណើរការឲ្យកាន់តែរលូនជាងមុនទៅទៀត។ 8TEEN Communication នឹងពង្រីកនូវសក្តានុពលរបស់ខ្លួន ពិសេសទៅលើការតម្លើងនូវ បរិក្ខាទំនើបៗ ជាច្រើនដែលមានសមត្ថភាពក្នុងការផលិតនូវសមិទ្ធិផលខ្នាតធំៗ បាន ហើយក្នុងនោះផងដែរ យើងក៏ចង់ឲ្យសាធារណជនទាំងអស់ទន្ទឹងរង់ចាំមើលអ្វីដែលថ្មី ហើយប្លែកដែលនាំមកជូនដោយ 8TEEN Communication»។
កញ្ញាបានបន្ថែមទៀតថាការផ្លាស់ប្តូរមួយនេះ កញ្ញានឹងមិនធ្វើឲ្យអតិថិជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ 8TEEN Communication នឹងពាំនាំនូវអ្វីដែលថ្មីនិងប្លែកទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនតាមរយះតួប្រចាំរបស់ខ្លួន៕
រូបថតដោយ៖ សហការី