ភ្នំពេញ៖ ថ្ងៃសុក្រ ទី10 ខែកក្កដា ឆ្នាំ2020 នេះចម្រៀងចំនួនពីរបទរបស់ផលិតកម្ម KlapYaHandz គឺបទ «ពួកអាតានេ – Pouk A Ta Nae» ច្រៀងដោយ វិន វិទូ (Vin Vitou) និងបទ «019» ច្រៀងដោយ រីហ្ស៊ី (Reezy) ត្រូវបានដាក់បញ្ចូលក្នុងកម្រងបទចម្រៀង Hip Hop និង Rap ល្បីៗ មកពីប្រទេសអាស៊ីក្រោមចំណងជើងថា «VIBE Presents: Urban Asia Vol 3» ។
បន្ទាប់ពីទទួលបានភាពជោគជ័យនៃកម្រងបទចម្រៀងមុនៗ របស់ Vibe Presents: Urban Asia, b2 Music, ដែលជាផ្នែកមួយនៃក្រុមហ៊ុន b2 Holdings នៅហុងកុង បានចាប់ដៃគូសហការជាមួយ VIBE ទស្សនាវដ្តីព័ត៌មានបានចុះផ្សាយអំពីវិស័យចម្រៀង Hip Hop និង R&B បានប្រកាសជាផ្លូវការចេញផ្សាយជាជាសកលរបស់ VIBE Presents: Urban Asia Vol 3 នៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2020។
លោក Jonathan Serbin នាយកប្រតិបត្តិនៃផលិតកម្ម b2 Music បានមានលើកឡើងថា «យើងមានសេចក្តីរំភើបណាស់ដែលបានប្រកាសចេញនូវកម្រងបទចម្រៀងទីបីរបស់ VIBE Presents Urban Asia។ ដូចរាល់ដង យើងមានបំណងលើកយកចម្រៀង Hip Hop និង Rap ដ៏អស្ចារ្យដែលត្រូវបានបង្កើតនៅទូទាំងទ្វីបអាស៊ីយកមកផ្សព្វផ្សាយបន្ត ដើម្បីឲ្យមនុស្សទូទាំងពិភពលោកបានស្គាល់»។
លោក Sean Dinsmore នាយក A&R/ Creative នៃផលិតកម្ម b2 Music បានបន្ថែមថា «កម្រងបទចម្រៀងនេះ ត្រូវបានធ្វើឡើងដើម្បីសាទរដល់តារាចម្រៀងដែលទើបនឹងរះ និងតារាចម្រៀងល្បីៗ ក្នុងទ្វីបអាស៊ី។ ការតភ្ជាប់តន្រ្តីរវាងអាស៊ី និងលោកខាងលិចមានការកើនឡើងកាន់តែខ្លាំងជារៀងរាល់ឆ្នាំ ដែលមានអាល់ប៊ុមនេះជាភ័ស្តុតាងស្រាប់។ គំលាតពិភពលោកយើងកាន់តែរួមតូចទៅៗ ហើយឱកាសសហការគ្នាក៏បានរីកកាន់តែធំទៅៗ ភាពរស់រវើកនេះ វាពិតជាធ្វើឲ្យយើងទាំងអស់គ្នារំភើប»។
អាល់ប៊ុមនេះមានចំនួន 15បទ និងមានចំនួន7បទ មិនធ្លាប់បានចេញផ្សាយពីមុនមកដែលរួមមានបទ «50 Feet» ដែលជាការសហការគ្នារវាងអ្នកចំរៀងហុងកុង SHIMICA និងសិល្បករអាមេរិកាំង R&B SoMo បទ «Sugar Daddy» ច្រៀងដោយតារា Hip Hop មកពីប្រទេសម៉ុងហ្គោលីអ្នកស្រី M’s បទ «Watch Out» ច្រៀងដោយតារាចម្រៀង Soul និង R&B មកពីប្រទេសជប៉ុន Tanaka ALICE បទ «019» ដោយតារាចម្រៀង Hip Hop មកពីប្រទេសកម្ពុជា Reezy និងមានបទចម្រៀងជាច្រើនទៀតផងដែរ។
នេះជាលើកទីពីរហើយដែលបទចម្រៀងរបស់ផលិតកម្ម KlapYaHandz ត្រូវបានដាក់ចូលក្នុងកម្រងចម្រៀងដ៏ល្បីល្បាញនៅជុំវិញពិភពលោក។ បទ «អត់លុយក៏ឡូយ» ដែលជាបទចម្រៀងរបស់អ្នកសរសេរទំនុកភ្លេង DJ Chee និងច្រៀងដោយតារាចម្រៀង វិន វិទូ (Vin Vitou) រីហ្ស៊ី (Reezy) និង វុទ្ធា (Vuthea) ត្រូវបានដាក់បញ្ចូលក្នុងកម្រងចម្រៀង SPIN Presents: INDIE ASIA Vol. 2 ដែលបានចេញផ្សាយកាលពីថ្ងៃទី13 ខែមីនា ឆ្នាំ2020 កន្លងទៅនេះ។
លោក សុខ វិសាល ស្ថាបនិកនៃផលិតកម្ម KlapYaHandz បានសម្តែងសេចក្តីរំភើបថា «យើងមានកិត្តិយសណាស់ ដែលផលិតកម្មរបស់យើងជាផលិតកម្មទីមួយ ដែលចម្រៀងរបស់យើង ត្រូវបានរើសយកទៅតំណាងប្រទេសកម្ពុជា ក៏ដូចជាតំណាងទ្វីបអាស៊ី វាគឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ពួកយើង និងសិល្បករខ្មែរជំនាន់នេះ»។
KlapYaHandz គឺជាក្លឹប Hip Hop និងជាតន្ត្រីឯករាជ្យដំបូងគេដែលបានផ្លាស់ប្តូរមុខមាត់តន្ត្រីសម័យខ្មែរចាប់តាំងពីឆ្នាំ 2004 ហើយចាប់តាំងពីពេលនោះមក KlapYaHandz បាននាំមកនូវប្រភពដើម និងភាពច្នៃប្រឌិតមួយចំនួនមកកាន់ឆាកតន្ត្រី និងការកម្សាន្តរបស់ប្រទេសកម្ពុជា និងបានបន្តការណែនាំសម្លេងប្រកបដោយភាពច្នៃប្រឌិត និងប្លែកៗ សម្រាប់ប្រជាជនកម្ពុជានៅទូទាំងពិភពលោក។
VIBE គឺជាផ្នែកមួយនៃអ្នកសារព័ត៌មាន Hollywood Billboard-Media Group។ Billboard គឺជាប្រព័ន្ធផ្សព្វផ្សាយចម្រៀងកម្សាន្តរបស់អាមេរិកធំជាងគេបំផុតនៅលើពិភពលោកដែលត្រូវបានបង្កើតឡើង ដោយផ្អែកលើតារាងទិន្នន័យខ្ពស់ជាងគេបំផុត។ តារាង Billboard កំណត់ភាពជោគជ័យនៅក្នុងតន្រ្តីពីទស្សនាវដ្តី Billboard ដ៏ល្បីល្បាញរហូតដល់ Billboard.com ដែលជាទិសដៅឆ្ពោះទៅរកអតិថិជនចុងក្រោយសម្រាប់អ្នកគាំទ្រតន្ត្រីរាប់លាននាក់ ចំពោះព្រឹត្តិការណ៍សន្និសីទ និងព្រឹត្តិការណ៍នៃឥស្សរជនឆ្នើមបំផុត នៅក្នុងឧស្សាហកម្មនេះរួមទាំងកម្មវិធី Power 100 និងកម្មវិធី Women in Music មានការគាំទ្រមិនអន់ជាងសិល្បករ និងឧស្សាហកម្មដូចគ្នានោះឡើយ។
Billboard មានការគាំទ្រពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចំនួន16,4 លាននាក់នៅលើបណ្តាញសង្គម Facebook, Twitter, Instagram និង Youtube ដោយមានការចូលមើលវីដេអូជាង 200លានក្នុងមួយខែ។ ទស្សនាវដ្តី Billboard បានចុះផ្សាយទំព័រមុខសំខាន់ៗ នាពេលថ្មីៗ ដែលចូលរួមដោយតារាល្បីដូចជា Travis Scott, Zayne, Lorde, Marshmello, Demi Lovato, Cardi B, Selena Gomez, Eminem, DJ Khaled, Charlie Puth។ Billboard បានជូនលិខិតបើកចំហរមួយដល់សភាអាមេរិក ដែលបានចុះហត្ថលេខាជាមួយនឹងតារាៗ ជាមួយនឹងនាយកប្រតិបត្តិធំបំផុតនៃឧស្សាហកម្មតន្រីដែលមានចំនួនច្រើនជាង 180នាក់។
នៅក្នុងឆ្នាំ2017 កម្មវិធី Women in Music របស់ខ្លួន Selena Gomez ត្រូវបានផ្តល់ងារជា «ស្ត្រីប្រចាំឆ្នាំ៉» និងត្រូវបានផ្សាយបន្តផ្ទាល់ជាសកលលោកនៅលើបណ្តាញសង្គម Twitter។ នៅឆ្នាំ2016 អ្នករាយការណ៍ Hollywood – Billboard Media Group បានទិញទ្រព្យសម្បត្តិតន្ត្រីរបស់ Spin Media ដែលមានឈ្មោះថា SPIN, VIBE និង Stereogum ដោយបានបង្កើតម៉ាកយីហោជាតន្រ្តីធំជាងគេបំផុតនៅលើពិភពលោកតាមរយៈការធ្វើចរាចរណ៍ឌីជីថល តាមបណ្តាញទំនាក់ទំនងសង្គម និងការចែករំលែករបស់អ្នកទស្សនា។ ធាតុផ្សំនៃតន្រ្តី និងការកម្សាន្តបានរួមបញ្ចូលគ្នាហើយឥឡូវនេះ Billboard ទទួលបានការចូលទស្សនាពីសំណាក់អ្នកគាំទ្រចំនួនច្រើនជាង 47លានដង។
ចំណែកឯ B2 Holdings Ltd គឺជាក្រុមហ៊ុនគ្រប់គ្រងទេពកោសល្យ ផលិតកម្មចម្រៀង និងក្រុមហ៊ុនផ្តល់ប្រឹក្សាខាងការកម្សាន្ត ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ B2 តំណាងឲ្យទេពកោសល្យតារាចម្រៀងអាស៊ីទាំងចាស់ និងតារាចម្រៀងទើបនឹងរះថ្មីៗ ហើយB2 ក៏ជាតំណាងឲ្យតារា និងក្រុមហ៊ុនគ្រប់គ្រងតារាមកពីលោកខាងលិច ដែលស្វែងរក ឪកាសការងារនៅក្នុងតំបន់អាស៊ី។ លើសពីនេះទៀតផលិតកម្មចម្រៀង b2 Music ផ្តោតសំខាន់ លើការបង្ហាញសិល្បៈករតន្ត្រីអាស៊ី ទៅដល់ទស្សនិកជនអន្តរជាតិ www.b2talentasia.com។
រូបភាពដោយ៖ សហការី