ពិធីបុណ្យផ្កាយអនឡាញ២០២០

789

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសលេខ៖ No.​ ៣០PR-២០/EoJ ចេញថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈ មណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ «ពិធីបុណ្យផ្កាយអនឡាញ២០២០» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ជំនួសឲ្យព្រឹត្តិការណ៍ដែលធ្វើជារៀងរាល់ឆ្នាំគឺ «ពិធីបុណ្យផ្កាយ» ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងបន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។

តាណាបាតា ឬ ពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដែលរំឮកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឲ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃនោះ ប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យទទួលបានដូចបំណង។

ក្នុងអំឡុងពេល «ពិធីបុណ្យផ្កាយអនឡាញ២០២០» នៅក្នុងប្រទេសកម្ពុជា យើងនឹងធ្វើការតុបតែងដើមឫស្សីនៃពិធីបុណ្យផ្កាយ នៅស្ថានទូតជប៉ុន។ សូមអញ្ជើញសារធារណៈជនចូលរួមកម្មវិធី «ពិធីបុណ្យផ្កាយអនឡាញ២០២០» ដោយផ្ញើបំណងប្រាថ្នារបស់អ្នកចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ មកកាន់អ្នករៀបចំកម្មវិធី។ រាល់បំណងប្រាថ្នារបស់អ្នកនឹងត្រូវព្យួរនៅលើមែកដើមឫស្សី នៅស្ថានទូតជប៉ុន ជាមួយនឹងគ្រឿងតុបតែងលំអដទៃទៀត ហើយដើមឫស្សីនោះ នឹងត្រូវបានបង្ហាញនៅក្នុងវីដេអូប្រកាសបើកនៃ «ពិធីបុណ្យផ្កាយអនឡាញ២០២០» ។ បំណងប្រាថ្នាមួយចំនួន ក៏នឹងត្រូវបានជ្រើសរើសសម្រាប់ធ្វើជាកម្រងរូបថតនៃបំណងប្រាថ្នាដែលនឹងដាក់បង្ហាញនៅលើគេហទំព័រពិធីបុណ្យផ្កាយអនឡាញ២០២០ផងដែរ។ លោកអ្នកអាចសរសេរឈ្មោះផ្ទាល់ខ្លួន ឬ រហ័សនាម (ឈ្មោះហៅក្រៅ) និងបំណងប្រាថ្នារបស់អ្នកជាភាសាខ្មែរ ឬ ភាសាជប៉ុន ឬ ភាសាអង់គ្លេស។ បំណងប្រាថ្នា និងព័ត៌មានអ្នកបានសរសេរ នឹងត្រូវបានបង្ហាញជាសាធារណៈ។ សូមចូលរួមជាមួយគ្នាដើម្បីអបអរ «ពិធីបុណ្យផ្កាយអនឡាញ២០២០» ដោយផ្ញើបំណងប្រាថ្នារបស់អ្នកតាមតំណភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/uf3xcWmf38guExu47 ។

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូត​ជប៉ុន    តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (លេខភ្ជាប់បន្ត ១១២១) ឬផ្ញើអ៊ីម៉ែលមក៖ [email protected]។ សម្រាប់ព័ត៌មានបន្ថែមស្តីពីពិធីបុណ្យនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកនៃពិធីបុណ្យផ្កាយអនឡាញ២០២០៖ https://www.facebook.com/events/2018916258233236/