ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ៤១លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជា

ភ្នំពេញ៖​ ជាការ​ឆ្លើយ​តប​ទៅនឹង​សំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្នុង​ទស្សនៈ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​និង​សហប្រតិ​បត្តិ​ការ​រវាង​ជប៉ុន​ និង​កម្ពុជា​ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ ODA​ ក្នុង​ទឹក​ប្រាក់​ ,៥០១​លានយ៉េន​ ដែល​ស្មើ​ប្រមាណ​ជា​ ៤១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​៣គម្រោង​ដល់​ប្រទេស​កម្ពុជា​។

លិខិត​ប្តូរ​សារ​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ ទាំង​៣​នេះត្រូវ​បាន​ចុះហត្ថ​លេខា​ដោយ​ឯកឧត្តម​ ប្រាក់​ សុខុន​ ឧបនា​យក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​​សហ​ប្រតិបត្តិ​ការអន្ត​រជាតិ​ និង​ ​​     ឯកឧត្តម​ មិ​កាមិ​ ម៉ាសា​ហ៊ីរ៉ូ​ ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជា​ណាច​ក្រកម្ពុជា​ នៅ​ថ្ងៃទី​៥ ​ខែមិថុនា ឆ្នាំ២០២០​ នៅ​ទីស្តី​ការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការអន្តរ​ជាតិ​​។​

គម្រោង​ទាំង​​៣​ផ្តោត​ទៅលើ​រួម​មាន​ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ក្នុងខេត្ត​សៀមរាប​ ដែល​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណជា​ ២,១៥៣​លានយ៉េន​។ គម្រោង​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្សដែ​ល​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់ប្រមាណ​ ៣៤៨លានយ៉េន​ និង​គម្រោង​កម្ម​វិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ ដែល​នឹង​ត្រូវ​ចំណាយ​ទឹ​​​ក​ប្រាក់​អស់​ប្រមាណ ​២០០០​លានយ៉េន​។​

មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប​ជាមន្ទីរពេទ្យ​មូលដ្ឋាន​មួយនៅភាគ​ខាងជើង​នៃប្រទេសកម្ពុជា​ដែល​ទទួល​អ្នក​ជម្ងឺជា​ច្រើន​ ជាពិសេស​អ្នកជម្ងឺ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មក​ពីខេត្ត​សៀមរាប​ផ្ទាល់​ និង​បណ្តា​ខេត្ត​ជុំវិញ​នានា។​ លើសពីនេះ​ ដោយសារ​កង្វះ​ខាត​ឧបករណ៍​បរិក្ខារ​ និង​ធន​ធា​ន​មនុស្ស​នៅតាម​មណ្ឌល​សុខភាព​ក្នុង​តំបន់​ក្នុងខេត្ត​សៀមរាប​ បណ្តាល​ឲ្យអ្នក​ជម្ងឺ​ដែលគួរតែ​ទទួល​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព​ទាំងនោះ​ត្រូវមក​ទទួល​ការព្យាបាល​នៅមន្ទីរ​ពេទ្យខេត្ត​ ដែល​ជាលទ្ធផល​ធ្វើឲ្យ​មានចំនួន​អ្នកជម្ងឺ​ច្រើនលើស​លប់។​ ទោះប៉ុន្តែ​ ភាព​ចាស់​ទ្រុឌទ្រោម​នៃអគារ​ដែលបាន​សាងសង់​នៅក្នុង​ទសវត្សឆ្នាំ​១៩៧០​ និង​កង្វះ​ខាត​ឧបករណ៍​បរិក្ខារ​ធ្វើឲ្យ​មន្ទីរ​ពេទ្យ​មិន​អាច​ផ្តល់សេវា​វេជ្ជសាស្ត្រ​បានគ្រប់គ្រាន់​។

គម្រោង​នេះនឹង​ធ្វើការ​កែលម្អ​អគារ​ និងសំភារៈបរិក្ខារ​ នៃមន្ទី​រ​ពេទ្យបង្អែក​ខេត្តសៀមរាប​ និងមន្ទីរពេទ្យ​បង្អែកស្រុក​ចំនួន៤​ នៅក្នុងខេត្ត​ ក្នុងគោល​ដៅបង្កើន​ចំនួន​វះកាត់​ប្រចាំឆ្នាំ​នៅមន្ទីរពេទ្យ​ខេត្តសៀមរាប​ពីចំនួន​ ៣,៣០៦​​ ក្នុង​ឆ្នាំ២០១៨​ ដល់​ ៤,៧៣២​ ក្នុងឆ្នាំ​២០២៦ ដែល​ជាឆ្នាំ​ដែលគម្រោង​នឹងត្រូវ​បានបញ្ចប់​រយៈពេល៣ឆ្នាំ​។​ គម្រោង​នេះត្រូវ​បានរំពឹងថា​នឹងពង្រឹង​ប្រព័ន្ធសុខាភិបាល​ និងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវការ​ទទួលបាន​សេវាសុខាភិបាល​ និងសុខភាព​ជាមូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប​។

នៅ​ប្រទេស​កម្ពុជា​ ធនធាន​មនុស្ស​ដែលមាន​ទេពកោសល្យជា​​ច្រើន​ ត្រូវ​បានបាត់បង់​ដោយសារ​សង្គ្រាម​ស៊ីវិល​ដែលបាន​បន្តអស់រយៈ​ពេលប្រមាណ​ជាង​២០ឆ្នាំ​ ចាប់​តាំង​ពីទសវត្សឆ្នាំ​១៩៧០​ និងដោយ​សារ​​តែកង្វះខាត​នៃគ្រឹះស្ថាន​ឧត្តមសិក្សា​ ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដែលមានគុណ​ភាពខ្ពស់​ គឺជាបញ្ហា​បន្ទាន់​សំខាន់​ដែលត្រូវ​ដោះស្រាយ។​ ដូច្នេះ​ហើយប្រទេស ជប៉ុន​បាននឹង​កំពុងគាំទ្រ​ដល់ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ហេដ្ឋារ​ចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និងសង្គម​របស់ខ្លួន​បន្ថែមទៀត​ ហើយជា​ផ្នែកនៃកិច្ច​សហប្រតិបត្តិ​ការនេះ​ ជប៉ុន​បាននឹង​កំពុង​​ជួយ​បណ្តុះបណ្តាល​មន្ត្រីវ័យក្មេង​របស់ប្រទេសកម្ពុជា​ឲ្យ​ទទួល​បានសញ្ញាបត្រ​ អនុបណ្ឌិត​ បណ្ឌិត​ ពីគ្រឹះស្ថាន​ក្រោយ​ឧត្តម​សិក្សានៅ​ប្រទេសជប៉ុន​។

តាមរយៈ​កិច្ចសហប្រតិបត្តិ​ការ​នេះមន្ត្រីវ័យ​ក្មេង​កម្ពុជា​ចំនួន២៦​នាក់​ នឹង​អាច​ទៅ​សិក្សា​នៅសាកល​វិទ្យាល័​យ នានា​ក្នុងប្រទេសជប៉ុន។​ យើងរំពឹងថា​ ធនធានមនុស្ស​ក្រោម​កិច្ចសហប្រតិបត្តិ​ការនេះ​ នឹងចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសកម្ពុជា​នាពេល​អនាគត​លើវិស័យនីមួយ​ៗ​ ហើយ​ក៏​ជាការយោគយល់​គ្នាទៅវិញទៅ​មក​ និង​ការកសាង​ទំនាក់​ទំនង​មិត្តភាព​រវាងជប៉ុន​ និងកម្ពុជា​ផងដែរ​។

នៅក្នុង​ពិភពសកល​ភាវូបនីយកម្ម​នាពេលបច្ចុប្បន្ន​នេះ​ ការ​រីករាលដាល​នៃជម្ងឺ​ កូវីដ១៩​ គឺជា​ការគំរាម​កំហែង​ដ៏ធំធេង​ដល់សេដ្ឋកិច្ច​ និង​សង្គម​នៃប្រទេស​ទាំងអស់​រួមទាំង​ប្រទេស​ជប៉ុនផងដែរ​។ សហគមន៍​អន្តរ​ជាតិទាំងមូល​ត្រូវតែធ្វើ​ការរួមគ្នា​ប្រឆាំង​នឹងជម្ងឺកូវីដ១៩​។ ​ខណៈពេល​ដែលរាជរដ្ឋាភិបាល​កម្ពុជា​កំពុង​គ្រប់គ្រង​ស្ថានការណ៍​លំបាក​នៅក្នុងប្រទេស​ ជម្ងឺកូវីដ១៩​ អាច​មានលទ្ធភាព​ចាប់ផ្តើម​រីករាលដាល​ជាថ្មីម្តង​ទៀតក្នុង​ប្រទេស ​និងតំបន់​ដោយសារ​តែប្រព័ន្ធ​សុខាភិបាល​នៅមាន​កម្រិតនៅ​ក្នុងប្រទេស​។ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិនេះ​ ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លង​ពិត​ជាមានសារៈ​សំខាន់​ណាស់។​

នៅក្នុង​គម្រោងនេះ​ ឧបករណ៍​បរិក្ខារវេជ្ជ​សាស្រ្ត​ មានដូច​ជារថយន្ត​សង្គ្រោះបន្ទាន់​ គ្រែសម្រាប់​បន្ទប់​ ICU​ ជាដើម​ នឹង​ត្រូវផ្តល់​ជូនប្រទេស​កម្ពុជា​ ហើយយើង​រំពឹងថា​គម្រោងនេះ​ នឹង​ចូលរួម​ចំណែក​ក្នុងការ​ការពារ​ការ​រីករាលដាល​នៃជម្ងឺកូវីដ​១៩​ តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅក្នុងប្រទេស​។ ប្រទេស​ជប៉ុន​ នឹងបន្ត​គាំទ្រ​ដល់​បណ្តា​ប្រទេស​ ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​នៅមានកម្រិត​ ដោយ​សហការ​ជាមួយ​សហគមន៍​អន្តរ​ជាតិ​ដើម្បី​គ្រប់គ្រង​ជម្ងឺកូវីដ១៩​ ឲ្យបាន​ឆាប់បំផុត​៕​

រូបថតដោយ៖ សហការី