ភ្នំពេញ៖ ចាប់ពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃទី១៥ និងព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកអាណាព្យាបាលសិស្សសិស្សានុសិស្ស និងសាធារណជន បានចូលទស្សនាយ៉ាងច្រើនកុះករ និងដោយសេរីនៅក្នុងបរិវេណមជ្ឈមណ្ឌលភាសា អេ អាយអាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ។
បើតាមលោកស្រី លឹម យ៉ា ដែលបាននាំកូនចូលទស្សនានៅក្នុងបរិវេណមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា៖ «ការផ្ដល់ឱកាសដល់អាណាព្យាបាលសិស្ស និងមហាជនទស្សនាដោយសេរីនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់សាធារណជន ជាពិសេសដល់អាណាព្យាបាលសិស្ស ដែលកំពុងជ្រើសរើសសាលាសម្រាប់កូនៗ សិក្សាឲ្យបានត្រឹមត្រូវ ព្រោះការជ្រើសខុស នោះកូនៗនឹងខូចអនាគត់ តែបើជ្រើសត្រូវ នោះការសិក្សារបស់កូនៗនឹងទទួលបានជោគជ័យ»។
លោកស្រីបន្តថា៖ «មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមល្អទាំងគុណភាព វិន័យ និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងមានបរិវេណធំទូលាយ បរិស្ថានល្អស្អាត មានហេដ្ឋារចនាសម្ពន្ធត្រឹមត្រូវ ដែលសមស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ និងមានលោកគ្រូ អ្នកគ្រូ ទទួលស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅបានយ៉ាងល្អ»។
ស្រដៀងគ្នានេះ លោកស្រី អេង ឈុនអ៊ី ដែលមានកូនកំពុងសិក្សានៅមជ្ឈមណ្ឌល និងសាលារៀននេះស្រាប់ បានអះអាងប្រាប់អ្នកសារព័ត៌មានថា៖ «ការចូលទស្សនានេះ គឺក្នុងគោលបំណងចូលទស្សនានូវហេដ្ឋារចនាសម្ពន្ធ បរិស្ថានអគារសិក្សា កម្មវិធីសិក្សាមជ្ឈមណ្ឌលសុខភាពសិស្ស សេវាកម្មថែទាំសុខភាព ភាពរីកចម្រើនរបស់សាលា បណ្ណាល័យ បន្ទប់សិក្សា សម្ភារសិក្សា សម្ភារឧបទេស និងបន្ទប់សិក្សាជាដើម»។
លោកស្រីបន្ថែមថា៖ «កម្មវិធីនេះ ពិតជាល្អ និងមានអត្ថប្រយោជន៍សម្រាប់លោកស្រី និងកូនៗរបស់លោកស្រី ហើយលោកស្រីក៏ចង់ឃើញគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំនេះ បន្តផ្ដល់ឱកាសដល់អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងមហាជនចូលទស្សនាជាបន្តបន្ទាប់បន្ថែមទៀត»។
ទាក់ទិនបញ្ហានេះ បើតាមលោក សោម ចាន់ណា នាយកចាងហ្វាងនៃសាលារៀន AIS សាខាជ្រោយចង្វារ បានឲ្យដឹងថា៖ «មជ្ឈមណ្ឌល និងសាលារៀន នឹងបន្តបង្កើតកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់សាធារណជនបានចូលទស្សនាដោយសេរី ជាពិសេស បានដឹងពីកម្មវិធីសិក្សា បរិវេណសាលា បន្ទប់សិក្សា ហេដ្ឋារចនាសម្ពន្ធជាដើម»។
ចំពោះការបើកឱកាសដល់សាធារណជនចូលទស្សនាដោយសេរីនេះ លោក ប៉ាំង លាងស៊ីម នាយកចាងហ្វាង សាលារៀន AIS សាខាផ្សារថ្មី បានឱ្យដឹងថា៖ «នេះជាលើកទី១ហើយ ដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងបានបង្កើតកម្មវិធីឡើង ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ក្នុងការសម្រេចជ្រើសរើសសាលាសម្រាប់កូនៗឱ្យបានត្រឹមត្រូវ»។
សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ ឈានមុខគេនៅកម្ពុជា។
សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំ ដែលផ្ដោតសំខាន់ទៅលើចំណេះដឹងទូទៅចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ ដោយផ្ដោតទៅលើគុណភាព វិន័យ និងសេវាកម្មល្អ។
បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មាន៦សាខាធំៗនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានដូចជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ទួលគោក ចាក់អង្រែចោមចៅ ផ្សារថ្មី និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ៕
រូបថតដោយ៖ សហការី