ផ្ទុះការរិះគន់វីដេអូ Trailer រឿងអន្ទាក់ស្នេហ៍ ជារឿងចម្លងភាពយន្តថៃ អ្នកនិពន្ធរឿងសូមបកស្រាយ

ភាពយន្តខ្មែររឿង “អន្ទាក់ស្នេហ៍” ត្រូវបានអ្នកទស្សនាភាពយន្តមួយចំនួនរិះគន់ ថាបានចម្លងសាច់រឿង ស្នាមរបួសចាស់ ឬ The Scar របស់ប្រទេសថៃ និងបានអះអាងថា វីដេអូខ្លីនៃរឿងទាំងពីរ មានលក្ខណៈដូចគ្នាស្ទើតែទាំងស្រុង។

លោក សាស្រ្តចារ្យ ចាន់ សារិន

លោកសាស្រ្តចារ្យ ចាន់​ សារិន ផ្នែកល្ខោនយីកេ នៃសាលាមធ្យមសិក្សាសិល្បៈ ដែលជាកវីនិព្ធ រឿង “អន្ទាក់ស្នេហ៍” សូមលើកបញ្ជាក់សាធារណៈជនជ្រាបថា រឿង “អន្ទាក់ស្នេហ៍” ជាសិល្ប៍សាស្រ្ត អត្ថបទនិពន្ធ នាថកថា របស់លោកដែលប្រើពេលគិតប្រមូលពីសាច់រឿងពិត របស់ ចាស់ទុំ ក្នុងស្រុកភូមិរបស់លោក ធ្លាប់រស់នៅកាលពីយុវជនជំទង មកសរសេរឡើង អស់រយៈពេល ១ ឆ្នាំ និងរៀបជាអត្ថបទភាពយន្តជិត ១ឆ្នាំទៀត។

ភាពយន្តអន្ទាក់ស្នេហ៍ ទៀបសោត ឆ្លុះបញ្ចាំងពីស្នេហាស្មោះស្ម័គ្រ នៃគូសង្សារស្រុកស្រែ ដែលមានម្តាយជាអ្នកបំបែក ដើម្បីមាសប្រាក់របស់ចាស់ព្រើមួយរូប ដែលខ្វះសិលធម៌ និងមានចិត្តគំនិតកំណាញ់ស្វិត ល្បិចកល អាវ៉ាសែ ដើម្បីបោកយកនារីក្មេងមកជាគូអនាគតរបស់ខ្លួន។ លោកសាស្រ្តចារ្យ ចាន់ សារិន ដែលមានវ័យជាង​ ៥០ ឆ្នាំ បន្តថា សាច់រឿង​នេះមាន​ពិត​ក្នុង​សម័យកាលលោក​សាស្រ្តចារ្យនៅវ័យជាង ២០ ឆ្នាំ ដែលកាលនោះកម្ពុជាទើបតែមានសន្តិភាព ឆ្លងផុតពីរបបខ្មែរក្រហម។

ផុសស្ទឺ រឿង អន្ទាក់ស្នេហ៍

តម្លៃនៃសាច់រឿងនេះ ឆ្លុះបញ្ជាំងពី កិច្ចកាតញូតាធម៌របស់កូនស្រីជូនដល់ម្តាយ សេចក្តីស្នេហាស្មោះស្ម័គ្រ ដោយហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីដូរនឹងសេចក្តីសុខរបស់មនុស្សជាទីស្រលាញ់ និងចុងក្រោយជាការកែប្រែភាពអវិជ្ជមានរបស់មនុស្សចាស់ដែលខូចខិត។ នេះបើតាមការបញ្ជាក់របស់ សាស្រ្តចារ្យ ចាន់​ សារិន កវីនិពន្ធខ្មែរម្ចាស់ពាន់រង្វាន់អក្សរសិល្ប៍ខ្មែរឆ្នាំ ២០០១ និង ២០០២។

ដោយហេតុថា មានប្រិយមិត្តរបស់រោងភាពយន្តជាច្រើន មានចម្ងល់ នឹងលើកឡើងបញ្ជាក់ពីការប្រើប្រាស់ប្លង់ថត ដូចគ្នា ទេសភាព​ដូចគ្នាមកបញ្ជាក់ ជាអំណះអំណាងថាភាពយន្តខ្មែរមួយនេះបានលួចចម្លងសាច់រឿងដើម “របួសចាស់” របស់ប្រទេសថៃ វាជាការជៀសមិនផុតឡើយ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រចារ្យ។

រូបលោកបន្តទៀតថា ជាក់ស្ដែង ស្នេហារបស់ក្រមុំកម្លោះស្រុកស្រែកាលនោះ គឺមិនលើសពីក្នុងទឹកបឹង មានឈូក មានព្រលឹត មានវាលស្រែ និងមាន ខ្ទមអ្នកតាជាសាក្សីឡើយ។ ដូចនេះ​ការប្រៀបធៀបដោយយកប្លង់ថត ប្រហាក់ប្រហែល មកបញ្ជាក់ វាឥតមានអ្វីខុសទេ តែបើយើងបើកចិត្តឱ្យទូលាយ ហើយគិតបន្តិចថា តើកម្លោះក្រមុំស្រុកស្រែ បើស្រលាញ់គ្នា កន្លែងណាទៀតដែលសាកសមជាងនេះ ហើយថាតើ ស្រុកស្រែខ្មែរ និងស្រុកស្រែនៃប្រទេសថៃខុសគ្នាប៉ុនណា?

ទេសភាពដ៏ត្រកាលនៃស្រុកស្រែរបស់ខ្មែរ គិតមិនទាន់បាត់បង់សម្រស់នៅឡើយទេ ការថតជាន់ប្លង់នៃរឿងចាស់ វាតែងកើតឡើង ពិសេសអំបូររឿងស្នេហាស្រុកស្រែបែបនេះ តែថា គុណភាពនៃសាច់រឿង ពិតជាទាក់ភ្នែកទស្សនិកជនហើយទើបធ្វើឱ្យអ្នករឮកដល់រឿងចាស់ថែមទៀត។

យ៉ាងណាមិញ ទាំងផលិតករ អ្នកដឹកនាំរឿង និងក្រុមការងារជាខ្មែរទាំងអស់ ពិសេសអ្នកនិពន្ធរឿង​ “អន្ទាក់ស្នេហ៍” សង្ឃឹមថា អ្នកគាំទ្រកុនខ្មែរទាំងអស់ នឹងសាកល្បងទស្សនារឿងមួយនេះដើម្បីឈ្វេងយល់​ពីភាពខុសគ្នានៃសាច់រឿងទាំងពីរ។

ក្រុមការងារក៏សូមមេត្តាសុំចិត្តប្រិយមិត្ត កុំទាន់អាល់រិះគន់ជាន់ពន្លិចភាពយន្តខ្មែរ មុន​មិន​ទាន់​បាន​ទស្សនា​ពេញលេញ និង​សូមកុំទាន់វាយតម្លៃរូបភាពវប្បធម៌របស់ខ្លួនថាជារបស់អ្នកដទៃ ហើយអ្វីដែលល្អថាជាគេ ហើយអ្វីដែលមិនល្អថាជាយើង ព្រោះថាយើងជាខ្មែរដូចគ្នា។ សូមផ្តល់តម្លៃ និងគោរពគ្នាទៅវិញទៅមកឱ្យស័ក្តសមជាខ្មែរអ្នកស្នេហាជាតិពិត៕