គួយ ជីហុក ជាសិស្សវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសកម្ពុជាទទួលបានអាហារូបករណ៍ពី ICES Cambodia

សិស្ស Aii និង AIS ទទួលបានអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិកពី ICES Cambodia ក្រោយពីឆ្លងកាត់ការប្រឡងអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សាទៅរៀននៅសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ICES Cambodia ទាំងពីរដំណាក់កាលរួចមក ពេលនេះសាលាបានរកឃើញសិស្សដែលទទួលបានជ័យលាភីនេះហើយ គឺយុវសិស្ស គួយ ជីហុក ជាសិស្សនៃមជ្ឍមណ្ឌលភាសា អេ អាយ អាយ និងជាសិស្សរៀនថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប​ អាមិកាំង។

ម្ចាស់អាហារូបករណ៍រូបនេះ នឹងទៅរៀននៅវិទ្យាល័​យមួយនៅសហរដ្ឋអាមេរិក រយៈពេលមួយឆ្នាំ ដោយរូបគេនឹងរស់នៅជាមួយអ្នកអាណាព្យាបាលទីពីរនៅទីនោះ។ អាហារូបករណ៍របស់ក្រុមហ៊ុន ICES Cambodia ផ្ដល់ឱ្យយុវសិស្ស គួយ ជីហុក មានតម្លៃស្មើនឹងទឹកប្រាក់១ម៉ឺន៥ពាន់ដុល្លារអាមេរិក ជាជ័យលាភីទទួលបានទិដ្ឋាការប្រភេទ J-1 ពីក្រុមហ៊ុន ICES Cambodia។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារបស់សិស្សវិទ្យាល័យនៃក្រុមហ៊ុន ICES Cambodia មិនត្រឹមតែធ្វើឲ្យយុវសិស្សទទួលបានការសិក្សាដ៏មានគុណភាពតែប៉ុណ្ណោះនោះទេ ពួកគេថែមទាំងទទួលបានបទពិសោធថ្មីៗ ជាពិសេសមានឱកាសយល់ដឹងអំពីវប្បធម៌ ប្រពៃណី របៀបរស់នៅប្រចាំថ្ងៃ រួមទាំងមិត្តភាពដែលពួកគេទទួលបានកំលុងពេលរស់នៅបរទេសផងដែរ។

យុវសិស្ស គួយ ជីហុក បានក្លាយជាសិស្សវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលនឹងតំណាងឲ្យប្រទេសកម្ពុជា សម្រាប់ការចេញទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក។ យុវសិស្សបានក្លាយទៅជាម្ចាស់អាហារូបករណ៍មួយនេះ ក្រោយពីរូបគេបានបញ្ចេញសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេសយ៉ាងជំនាញ គួបផ្សំជាមួយការប្តេជ្ញា និងការខិតខំអស់ពីចិត្ត។​ យុវសិស្ស ជីហុក គឺជាសិស្សសកម្មមួយរូបក្នុងមជ្ឍមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប​ អាមេរិកាំង ដែលបានចូលរួមក្នុងក​ម្មវិធីប្រកួតប្រជែងចំណេះដឹងផ្សេងៗក្នុងសាលាទាំងពីរនេះ។ ទន្ទឹមនឹងនេះ រូបគេក៏បានបង្ហាញអំពីអត្តចរិតនៃអនាគតអ្នកដឹកនាំមួយរូបដែលអាចនឹងជាគំរូ សម្រាប់យុវជនជំនាន់ក្រោយ។

យុវសិស្ស ជីហុក បានសម្ដែងពីអារម្មណ៍រំភើបរីករាយ ក្រោយពីទទួលបានអាហារូបករណ៍នេះយ៉ាងដូច្នេះ៖ «ខ្ញុំពិតជាចង់ទៅរៀននៅសហរដ្ឋអាមេរិកណាស់ ដើម្បីទៅក្រេបជញ្ជក់នូវបទពិសោធផ្សេងៗ ដែលនៅបស្ចិមប្រទេស ហើយខ្ញុំក៏ចង់ប្រឡូកខ្លួននៅក្នុងស្ថានភាពដែលពិបាកៗ និងមានការទទួលខុសត្រូវដែលអាចនឹងជួយក្នុងមាគ៌ា សិក្សានិងអាជីពរបស់ខ្ញុំនាពេលអនាគត។ ម្យ៉ាងវិញទៀត ខ្ញុំនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកចែករំលែកដល់យុវជនជំនាន់ក្រោយនៅកម្ពុជា។ ហើយខ្ញុំនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកធ្វើការអភិវឌ្ឍនៅប្រទេសកម្ពុជាផងដែរ។»

ប្រធាន នាយក និងនាយកចាងហ្វាងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានមោទនភាពបំផុតដែលមានឱកាសអាចបញ្ជូនសិស្សរបស់ខ្លួនទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក ដើម្បីទទួលបទពិសោធពីការរីកចម្រើន និងអរិយធម៌របស់ប្រទេស។ ដោយសង្ឃឹមថា រូបគេនឹងផ្សព្វផ្សាយអំពីវប្បធម៌ដ៏ស្រស់បំព្រងរបស់ប្រទេសកម្ពុជាទៅកាន់អ្នកអាណាព្យាបាល និងមិត្តភក្តិរបស់គេ នៅសហរដ្ឋអាមេរិកក្នុងរូបភាពទូលំទូលាយបំផុត។ យើងសង្ឃឹមទៀតថា​ រូបគេនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកចែករំលែក និងធ្វើការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕

រូបភាពដោយ៖ សហការី