ភ្នំពេញ៖ ECCO ជាម៉ាកស្បែកជើងរបស់ប្រទេសដាណឺម៉ាក ដែលមានភាពល្បីសុះសាយពាសពេញពិភពលោក បានបើកហាងដំបូងរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។ ព្រឹត្តិការណ៍នៃការបើកសម្ពោធជាផ្លូវការដែលមានរយៈពេល ២ម៉ោងនេះ បានបង្ហាញនូវផលិតផលស្បែកជើងម៉ូតចុងក្រោយយ៉ាងស្រស់ស្អាត និងគួរជាទីចាប់ចិត្តជូនដល់ភ្ញៀវកិត្តិយស បណ្តាអ្នកចូលរួម និងអ្នកសារព័ត៌មានជាច្រើននាក់ទៀត ឲ្យបានឃើញកាន់តែច្បាស់ពីភាពអស្ចារ្យា និងទាន់សម័យនៃផលិតផលមួយនេះ។
ការតាំងលក់ដំបូងដែលផ្អែកលើគោលគំនិត Prime Outlet ថ្មីរបស់ ECCO ត្រូវបានបង្កើតឡើងយ៉ាងពិសេស និងសម្រិតសម្រាំងដោយផ្តល់ជូននូវគ្រប់ផលិតផលរបស់ ECCO ដែលមានគុណភាពខ្ពស់ ធន់ ស្វិត ជាប់ និងប្រើប្រាស់បានយូរអង្វែង ហើយស័ក្តិសមបំផុតសម្រាប់បុរស និងស្រ្តីទាំងឡាយ។
ហាងត្រូវបានតុបតែងឡើងដើម្បីធ្វើការរួមបញ្ចូលគ្នារវាង ភាពស្អាត សាមញ្ញឥតខ្ចោះ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនដោយប្រើប្រាស់សំភារៈលំនាំបែបប្រទេសតំបន់ អឺរ៉ុបខាងជើងស្របទៅនឹងគោលគំនិតរបស់ម៉ាក ECCO។
លោក ពុម្ព សូរិយា នាយកគ្រប់គ្រងនៅកម្ពុជាបានលើកឡើងថា «ខ្ញុំពិតជាមានសេចក្តីរំភើបខ្លាំងណាស់ ដែលបាននាំមកនូវផលិតផលថ្មី និងបានស្វាគមន៍អតិថិជនថ្មី និងអតិថិជនដែលតែងតែគាំទ្រហាងថ្មីរបស់យើងនៅពេលនេះ ហើយខ្ញុំជឿជាក់ថា យើងនឹងក្លាយទៅជាផ្នែកមួយដ៏ជោគជ័យ នៃបរិយាកាសអាជីវកម្មក្នុងស្រុករបស់យើងជាក់ជាពុំខានឡើយ។»
អាជីវកម្មដែលគ្រប់គ្រងបែបលក្ខណៈគ្រួសារផ្តោតលើសិល្បៈហត្ថកម្ម ផលិតករដាណឺម៉ាកបានធ្វើការប្រមូលផ្តុំ ចំណេះដឹងខាងផ្នែក សិល្បៈហត្ថកម្ម និងជំនាញដ៏មានតម្លៃរបស់ខ្លួនអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ក្រុមហ៊ុនបានទទួលជោគជ័យក្នុងការជំរុញការច្នៃប្រឌិតថ្មី បង្កើតរោងចក្រផលិតស្បែកជើង និងផលិតផលស្បែកផ្ទាល់របស់ខ្លួន គ្រប់គ្រងខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯងសឹងតែ ១០០% ដើម្បីធានាអោយបាននូវគុណភាពដ៏អស្ចារ្យា។ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផលិតផលស្បែក ដែលមានគុណភាពខ្ពស់ និងផ្តល់ជូននូវផាសុខភាពប្រកបដោយភាពច្នៃប្រឌិតរបស់ ECCO ផ្តល់ជូននូវផលិតផលជាច្រើនសម្រាប់ក្រុមគ្រួសារទាំងមូល។
ECCO គឺជាម៉ាកផលិតផលស្បែកជើងលំដាប់ពិភពលោកដែលរួមបញ្ចូលម៉ូត និងផាសុខភាពនៅក្នុងផលិតផលតែមួយ។ ភាពជោគជ័យរបស់ ECCO ទទួលបានដោយសារតែផលិតផលរបស់ ECCO មានលក្ខណៈពិសេស ដែលសមត្រូវនឹងជើងគ្រប់ពេលដែលពាក់ និងធ្វើពីស្បែកដែលមានគុណភាពខ្ពស់។ ECCO ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ដែលគ្រប់គ្រង និងកាន់កាប់គ្រប់ដំណាក់កាលនៃ សង្វាក់ផលិតកម្ម ដែលធ្វើពីស្បែកចាប់ពីដំណាក់កាលផលិត រហូតដល់ដំណាក់កាលដាក់លក់លើទីផ្សារ។ ផលិតផល ECCO ត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន ៩៩ ទូទាំងពិភពលោក និងមានហាងផ្ទាល់ខ្លួនរហូតដល់ជាង ២,២៥០កន្លែង និងមានកន្លែងលក់រហូតដល់ ១៤,០០០កន្លែងទូទាំងពិភពលោក។ ក្រុមហ៊ុន ECCO ជាក្រុមហ៊ុនប្រភេទគ្រួសារ ដែលត្រូវបានបង្កើតឡើងនៅប្រទេសដាណឺម៉ាក (Denmark) នៅឆ្នាំ១៩៦៣ និងមានបុគ្គលិករហូតដល់ ២១,៣០០នាក់ទូទាំងពិភពលោក។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ group.ecco.com៕
រូបថតដោយ៖ សហការី