កម្មវិធី «ផ្ទះក្លាហាន9» ជាកម្មវិធីទូរទស្សន៍ថ្មីមិនធ្លាប់មានដែលផ្តល់ទាំងការកំសាន្ត និងការអប់រំ

ភ្នំពេញ៖ «ផ្ទះក្លាហាន9» គឺជាកម្មវិធីទូរទស្សន៍មានទាំងការកម្សាន្ត សាច់រឿងពិត និងរឿងកំប្លែងរួមបញ្ចូលគ្នា ដែលបង្កើតឡើងដើម្បីជួយគាំទ្រយុវជនខ្មែរឲ្យបង្កើនជីវភាពរស់នៅរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការធ្វើឲ្យអ្នកទស្សនាគិត សើច និងរៀនពីគន្លឹះផ្សេងៗពីកម្មវីធី។ វាជាសាច់រឿងដែលមានយុវជន៣នាក់មករស់នៅជុំគ្នានៅក្នុងដំបូលផ្ទះតែមួយ ដែលក្នុងនោះមាន ម៉ារីជាកម្មការរនីរោងចក្រ និងជាបងស្រីរបស់តួអង្គវិទូដែលជាសិស្សមហាវិទ្យាល័យ និង តុង ដែលជាតួអង្គគ្មានមុខរបរច្បាស់លាស់ និងតែងតែមានបញ្ហាជាមួយឱពុកម្តាយ។

វាជាផ្ទះដែលមានរូបរាងធម្មតាដូចផ្ទះដទៃ តែវាមានបង្កប់នូវអាថ៍កំ​បាំងដែលគ្មាននរណាដឹង ដោយសារផ្ទះនោះមានជំនាងផ្ទះម្នាក់ឈ្មោះថា ជេននី ដែលក្រៅពីនៅថែរក្សាផ្ទះ នាងក៏ជាព្រលឹងដែលធ្វើឲ្យក្នុងផ្ទះមានភាពសប្បាយរីករាយ ពោរពេញទៅដោយចំណេះដឹង និងតែងតែផ្តល់ដំបូន្មានល្អៗ ទៅដល់អ្នកនៅក្នុងផ្ទះគ្រប់ពេលដែលពួកគេជួបបញ្ហាក្នុងការសម្រេចចិត្ត និងបញ្ហាផ្សេងៗទាក់ទងនឹងគោលដៅជីវិតរបស់ពួក។ ក្រៅពីជំនាងផ្ទះជេននី ក៏មានតួអង្គអ្នកជិតខាងដែលតែងតែចេះដឹងរឿងអ្នកដទៃ និងបង្កបញ្ហាផ្សេងៗផងដែរ។

ភាគទាំង១០ របស់កម្មវិធីថ្មីនេះ នឹងមានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MyTV​ CTN CNC និងមាននៅលើគេហទំព័រហ្វេសប៊ុក YouTube របស់ក្លាហាន9ផងដែរ។

គម្រោងនេះ ទទួលបានថវិកា​ពី​រស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និងផលិតដោយ​អង្គការ BBC Media Action។  ក្រៅពីជាកម្មវិធីកម្សាន្តបែបកំប្លែង វាក៏បង្ហាញនូវផ្នែកអប់រំ ដោយការផ្តល់ព័ត៌មានណែនាំ ការបង្ហាញនូវជនគំរូលើកទឹកចិត្ត និងគន្លឹះជាក់ស្តែង ទៅនឹងបញ្ហាផ្សេងៗក្នុងជិវិតប្រចាំថ្មីរបស់យុវជនផងដែរដូចជា​ ការស្វែងរកគោលដៅជីវិត ការស្គាល់ពីខ្លួនឯង ការគ្រប់គ្រងថវិការ ការផ្តល់ព័ត៌មាន អំពីការងារ សុវត្ថិភាពសេដ្ឋកិច្ចគ្រួសារ ព័ត៌មានចំណាកស្រុក ការចរចារជាមួ​យសមាជិកគ្រួសារ និងការសម្រេចចិត្តផ្សេងៗ ទៀតជុំវិញបញ្ហាការងារផងដែរ ដើម្បីធ្វើឲ្យអ្នកទស្សនាអាចទទួលបានចំណូល និងធ្វើឲ្យជីវភាពពួកគេកាន់តែល្អប្រសើរ។

លោកស្រី Gemma Hayman​ នាយកប្រចាំប្រទេសរបស់អង្គការ BBC Media Action ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «យើងពិតជាមានមានមោទនភាព និងមានសេចក្ដីសោមនស្ស​រីករាយជាខ្លាំងក្នុងការសម្ពោធកម្មវិធីទូរទស្សន៍ថ្មីនេះ ដែលជាផ្នែកមួយនៃគម្រោងដ៏ធំរបស់យើង​ ដើម្បីគាំទ្រដល់យុវជនកម្ពុជា ធ្វើឲ្យចក្ខុវិស័យរបស់ពួកគេទៅលើជីវិតការងារ និងជីវភាពឲ្យកាន់តែល្អប្រសើរ។ កម្មវិធីទូរទស្សន៍ថ្មីនេះ ត្រូវបានផលិតដោយ​អង្គការ BBC Media Actionជាមួយនឹងបទពិសោធន៍យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅជាមួយយុវជនកម្ពុជា និងតាមរយៈការស្រាវជ្រាវលើបញ្ហាដែលយុវជនកំពុងប្រឈមសព្វថ្ងៃ។ យើងពិតជាសង្ឃឹមថាកម្មវិធីថ្មីនេះ នឹងអាចជួយឲ្យពួកគេចេះអនុវត្តសកម្មភាពបែបវិជ្ជមាន នៅពេលវេលាសំខាន់នានាក្នុងជិវិតរបស់ពួកគេ។»

លោក Alex Baxter ប្រធាន​ផ្នែក​ផលិតកម្ម​របស់អង្គការ BBC Media Action កម្ពុជា ​មានប្រសាសន៍ថា «កម្មវិធីថ្មីនេះមានគោលបំណងជួយអ្នកទស្សនាឲ្យយល់កាន់តែច្បាស់អំពីជម្រើស និងផ្លូវដើរផ្សេងៗគ្នាដែលមានក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែវាមិនមែនជាវគ្គបង្រៀននោះទេ តែវាជាកម្មវិធីមួយដែលធ្វើឱ្យមនុស្សគ្រប់គ្នាអស់សំណើច និងអាចរៀនបានក្នុងពេលតែមួយ។»

លោកស្រី Camilla Ottosson លេខាធិការទី១ – ផ្នែកទីផ្សារការងារ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៃរដ្ឋទូត​ស៊ុយអែតប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «មិនថាអ្នកជានរណា មកពីណាឡើយ វាជាការសំខាន់ណាស់ដែលត្រូវធ្វើកិច្ចការនានា ដើម្បីឆ្លើយតបទៅលើអ្វីដែលអ្នកសុបិន្តចង់បាន។ ក្តីសុបិន្តផ្តល់ឲ្យយើងនូវការជម្រុញលើកទឹកចិត្តវិជ្ជមាន ដែលជះឥទ្ធិពលដល់អនាគតរបស់យើង ប៉ុន្តែវាតម្រូវឲ្យមានសកម្មភាពដើម្បីធ្វើឲ្យវាក្លាយជាការពិត។ ដើម្បីធ្វើការងារនានាឆ្ពោះទៅរកគោលដៅក្នុងក្តីសុបិននោះយើងក៏ត្រូវការឧបករណ៍ ដើម្បីធ្វើសកម្មភាពវិជ្ជមាន ដែលកម្មវិធីទូរទស្សន៍ក្លាហាន9 អាចផ្តល់ការណែនាំអំពីវិធីដែលយុវជនអាចធ្វើសកម្មភាព ដើម្បីទទួលបានការងារ និងជីវភាពសមរម្យ។»

ផ្ទះក្លាហាន9 នឹងមានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃសុក្រ ម៉ោង៧យប់ ទូរទស្សន៍ CNC នៅថ្ងៃសៅរ៍ ម៉ោងយប់១១ព្រឹក និង ទូរទស្សន៍ MYTV នៅថ្ងៃព្រហស្បតិ៍ ម៉ោង7យប់ ចាប់ពីថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ នេះតទៅ និងផ្សាយឡើងវិញ នៅទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ម៉ោង៨យប់ ទូរទស្សន៍ MYTV នៅថ្ងៃអាទិត្យ ម៉ោង៤:៣០ រសៀល និងទូរទស្សន៍ CNC នៅថ្ងៃសៅរ៍ ម៉ោងយប់៨:៣០យប់។

យុវជនទាំងអស់ក៏អាចចូលរួមស្វែងយល់បន្ថែម អំពី កម្មវិធីផ្ទះក្លាហាន9តាមរយៈប្រព័ន្ធផ្សព្វផ្សាយចម្រុះរបស់យើងដូចជា៖ • ហ្វេសប៊ុក៖ klahan9Cambodia
• អ៊ីនស្តាហ្រ្គាម៖ Klahan9Cambodia
• យូធូប៖ klahan9Cambodia
• គេហទំព័រ៖ www.klahan9.com

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
លោក មី សុវណ្ណ អ្នកសម្របសម្រួលទំនាក់ទំនង អង្គការ BBC Media Action
ព័ត៌មានទូទៅ៖ 017 666 350
អ៊ីម៉ែល: [email protected]

រូបភាពដោយ៖ K&M និងសហការី