តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន យុវជនកម្ពុជាចំនួន២៥រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថាJENESYS 2019។
អ្នកចូលរួមទាំងអស់ត្រូវបានជ្រើសរើស ដោយវគ្គជម្រុះដំបូងក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប ៤៨៨រូប ស្មើនឹង១២២ក្រុម និងវគ្គប្រកួតផ្តាច់ព្រ័ត្រ មានបេក្ខជន សរុបចំនួន៤៨រូប ស្មើនឹង១២ក្រុម ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទ «ស្រុកកំណើតខ្ញុំ» កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
អ្នកចូលរួមនឹងទៅទស្សនកិច្ចនៅខេត្តតុគឹស៊ីម៉ា ដែលជាខេត្តម្ចាស់ផ្ទះទទួលក្រុមកីឡាករជម្រើសជាតិកម្ពុជាចូលរួមការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០ និងមានរបាំប្រពៃណីដ៏ល្បីប្រចាំតំបន់គឺអាវ៉ាអូដូរី។ កំឡុងពេលទស្សនកិច្ចនៅតុគឹស៊ីម៉ា ពួកគាត់នឹងសាកល្បងរាំរបាំអាវ៉ាអូដូរី និងចូលរួម កម្មវិធីផ្លាស់ប្តូរជាមួយនឹងនិស្សិតសាកលវិទ្យាល័យនៅទីនោះ។ ពួកគាត់ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយនឹងអភិបាលខេត្តតុគឹស៊ីម៉ា ព្រមទាំងទទួលយកបទពិសោធន៍ស្នាក់នៅផ្ទះជនជាតិជប៉ុន និងវប្បធម៌ជប៉ុនផងដែរ។
កម្មវិធីJENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង ២១០០នាក់ហើយតាំងពីឆ្នាំ២០០៧មក។
រូបភាពដោយ៖ សហការី