មហោស្រពខ្សែភាពយន្តកូរ៉េនៅកម្ពុជាលើកទី១៣

ភ្នំពេញ៖ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួមជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សភាពាណិជ្ជកម្ម​កូរ៉េ​នៅ​ប្រទេសកម្ពុជា បានចូលរួមសហការគ្នាប្រារព្ធ​នូវកម្មវិធី​មហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ ​ប្រចាំ​ឆ្នាំ២០១៩ នៅរោងភាពយន្ដ Major Cineplex by Smart និងLegend Cinema ក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃសុក្រ ទី៦ រហូតដល់​ថ្ងៃអាទិត្រ ទី៨ ខែធ្នូ ឆ្នាំ២០១៩។

ព្រិត្តិការណ៍លើកនេះមានការចូលរួមឧបត្ថម្ភដោយ ធនាគារស៊ិនហាន ធនាគារឯកទេសឌីជីប៊ី Hansoll Textile ធនាគារគូកមីនកម្ពុជា យ៉ុនវូ ខេមបូឌា ធនាគារភ្នំពេញពាណិជ្ជ និង ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline។

ពិធីបើកកម្មវិធីមហោស្រពនេះនឹងត្រូវប្រារព្ធឡើងនៅសាលមហោស្រពចតុមុខ នាថ្ងៃសុក្រ ទី៦ ខែធ្នូ ហើយឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ និងអបអរក្នុង​ពិធីបើកកម្មវិធីមហោស្រពនេះ។

ខ្សែភាពយន្ដដែលនឹងត្រូវយកមកចាក់បញ្ចាំងជូនក្នុងពិធីបើកកម្មវិធីមហោស្រពភាពយន្តលើកនេះគឺ រឿង «ច្រកចេញ -EXIT» ដែលជាខ្សែភាពយន្ដទទួលបានជោគជ័យបំផុត ហើយក្នុងនៅប្រទេសកូរ៉េនារដូវក្ដៅ ឆ្នាំ២០១៩នេះ មានអ្នកចូលរួមទស្សនារហូតដល់ជិត​ ១០លាននាក់។ រឿង «ច្រកចេញ – EXIT» គឺជាភាពយន្ដបែប កំប្លែង វាយប្រហារ ដែលរៀបរាប់ពីការខិតខំប្រឹងប្រែងតស៊ូដើម្បីរស់រានមានជីវិតរបស់តួអង្គទាំងពីរ គឺយ៉ុងណាម (ចូ ចងសក់) និង អ៊ីជូ (អ៊ីម យ៉ូនអា) ពីហេតុការណ៍ភរវកម្មឧស្ម័នពុល។

ជាពិសេសនៅក្នុងឆ្នាំ២០១៩នេះ យើងបានរៀបចំនូវព្រិត្តិការណ៍ដ៏ពិសេសមួយ ដើម្បីអបអរខួបលើកទី១០០ឆ្នាំរបស់ខ្សែភាពយន្ដកូរ៉េ។ យើងបានធ្វើការអញ្ជើញអ្នកដឹកនាំរឿង «ច្រកចេញ – EXIT» គឺលោក លី សាំងគឹន មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានរៀបចំនូវកម្មវិធីធ្វើកិច្ចស្វាគមន៍ផ្ទាល់លើវេទិកា កម្មវិធីជំនួបជាមួយនឹង​ទស្សនិកជន កម្មវិធីសិក្ខាសាលាពិសេសជាមួយនឹង​អ្នកជំនាញក្នុងវិស័យ​ខ្សែភាពយន្ដ​កម្ពុជា​ផងដែរ។

ជាមួយគ្នានេះដែរនៅថ្ងៃសៅរ៍ ទី៧ និង​ ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ ក៏នឹងមានការចាក់បញ្ចាំង​ខ្សែភាពយន្ដកូរ៉េប្រភេទផ្សេងៗគ្នា ចំនួន៥រឿង នៅរោងភាពយន្ដ Legend Cinema និង រោងភាពយន្ដ Major Complex by Smart នៅផ្សារទំនើប AEON Mall ផងដែរ។

ក្រៅពីរឿង «ច្រកចេញ – EXIT» ដែលនឹងត្រូវចាក់បញ្ជាំងជូនក្នុងពិធីបើកនៃកម្មវិធី យើងក៏នឹងចាក់បញ្ចាំងជូននូវ​ខ្សែភាពយន្ដផ្សេងទៀតដូចជា រឿង «បារ៉ាស៊ីត – PARASITE»​ ដែលដឹកនាំដោយអ្នកដឹកនាំរឿង ប៊ុង  ជូនហូ ដែលឈ្នះពានរង្វាន់ Palme d’Or ក្នុងកម្មវិធី Cannes Film Festival រឿង «ស្នេហាដ៏សែនយ៉ាប់ – CRAZY ROMANCE» ដែលនឹងត្រូវចាក់បញ្ចាំងឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជា រឿង «ជនពាលអនាមិក – NAMELESS GANGSER» ដែលជាប្រភេទរឿងបែបឃាតកម្ម និងរឿង «រីករាយថ្ងៃបុណ្យគ្រីស្មាស់ លោកម៉ូ – MERRY CRISTSMAS MR. MO»  ដែលនិយាយអំពីរឿងរ៉ាវដ៏រំភើបរបស់តួអង្គ និងគ្រួសាររបស់គាត់ដែលកំពុងប្រឈមជាមួយនឹងសេចក្ដីស្លាប់ជាដើម។

បញ្ជាក់សំបុត្រសម្រាប់ចូលទស្សនាគ្រប់ខ្សែភាពយន្ដទាំងអស់ នឹងត្រូវធ្វើការចែកជូនក្នុងចន្លោះរយៈពេលមួយម៉ោងមុនការចាក់បញ្ចាំងនៅតាមរោងភាពយន្ដនីមួយៗ៕