ភ្នំពេញ៖ យោងតាមលិខិតសារពត៌មានលេខ No. 63 PR-19/EoJ ក្រសួងការបរទេសជប៉ុនបានអញ្ជើញសិស្សវិទ្យាល័យនៃប្រទេសកម្ពុជាចំនួន៩រូប ព្រមទាំងអ្នកដឹកនាំ១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែធ្នូ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថាJENESYS 2019។
សិស្សវិទ្យាល័យទាំងនេះ ជាអ្នកដែលបានទទួលជ័យលាភី ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាសម្រាប់មហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងនោះ សិស្សវិទ្យាល័យ ៣រូបនៅរាជធានីភ្នំពេញ ៦រូបទៀត និងអ្នកដឹកនាំម្នាក់ គឺមកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។
ភាពយន្តខ្លីចំនួន៣រឿងដែលផលិតដោយសិស្សវិទ្យាល័យទាំងនេះ ត្រូវបានយកទៅប្រកួតបន្តនៅក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីដែលវគ្គផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ នៅមិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ហើយសិស្សវិទ្យាល័យកម្ពុជាទាំងនេះ ក៏នឹងទៅចូលរួមផងដែរ។
កំឡុងពេលទស្សនកិច្ច ពួកគាត់ក៏នឹងមានឱកាសចូលរួមដំណើរកំសាន្តជុំវិញទីក្រុង ព្រមទាំងកម្មវិធីផ្លាស់ប្តូររវាងសាលា និងសាលាផងដែរ។ មានជូនភា្ជប់តារាងកម្មវិធីលម្អិត។
កម្មវិធី JENESYS 2019 មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២១០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។
យើងខ្ញុំសង្ឃឹមថា អ្នកចូលរួម នឹងអាចយល់ដឹងអំពីប្រទេសជប៉ុន កាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕
រូបថតដោយ៖ សហការី