ភ្នំពេញ៖ គណៈកម្មាធិការស្ត្រី និងកីឡា បានបើកកម្មវិធីរៀបចំសិក្ខាសិលាស្តីពីសមភាពស្ត្រីក្នុងវិស័យកីឡានៅសាលប្រជុំនៃអាគារគណៈកម្មាធិការជាតិអូឡាំពិក ដែលមានការអញ្ចើញចូលរួមពីសំណាក់ ឯឧត្តម វ៉ាត់ ចំរើន អគ្គលេធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកជំទាវ កុយ ពិសី ប្រធានគណកម្មាធិការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងលោកជំទាវ ហ៊ូ និមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវវេជ្ជបណ្ឌិត សុខា សុធានី និងលោកស្រីបណ្ឌិតសភាចារ្យ ស៊ូភីត សាម៉ាហ៊ីតូ ប្រធានគណៈកម្មការស្ត្រី និងកីឡានៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី រួមទាំងសិក្ខាកាមជាកីឡាករ កីឡការិនីជាច្រើននាក់ទៀត។

នៅក្នុងកម្មវីធីសិក្ខាសិលាឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «ក្នុងនាមឯកឧត្តមជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅតែបន្តជំរុញចលនាស្ត្រីក្នុងវិស័យកីឡា ពីព្រោះឯកឧត្តមយល់ឃើញថា ស្ត្រីដើរតួនាទីសំខាន់បំផុតក្នុងអភិវឌ្ឍន៍ប្រទេសជាតិ។ មិនថាកិច្ចការសង្គម ឬកីឡា ពិតជាមិនអាចខ្វះស្រ្តីបានឡើយ។ ឯកឧត្តមបានស្នើសុំឲ្យរូបរួមគ្នាលុបបំបាត់ប្រពៃណីចាស់បុរាណដែលហាមមិនឲ្យស្ត្រីចូលលេងកីឡា ដោយហេតុថាវាមិនសម ធ្វើឲ្យខុសអាកប្បកិរិយាជាស្ត្រីខ្មែរ» ។

ឯកឧត្តមក៏បានលើកឡើងពីប្រវត្តិស្ត្រីកម្ពុជាចូលក្នុងវិស័យកីឡាដំបូងគេបង្អស់ផងដែរថា «មានស្ត្រីកម្ពុជាដំបូងគេតែ ២នាក់ប៉ុណ្ណោះ ដែលមានវត្តមានក្នុងមហាព្រឹត្តិការណ៍កីឡាអូឡាំពិកនាអំឡុងទសវត្សឆ្នាំ៩០ គឺកីឡាការិនីអត្តពលិកកម្ម អ៊ុក ចាន់ថន ប្រកួតវិញ្ញាសា ១០០ម៉ែត្រ និងកីឡាការិនីហែលទឹក ហែម រស្មី ប្រកួតវិញ្ញាសាហែលសេរីចម្ងាយ៥០ ម៉ែត្រ» ។

លើសពីនេះទៅទៀត កម្ពុជាក៏នៅមានកីឡាការិនីឆ្នើមៗ ជាច្រើនរូបទៀតដែលធ្លាប់ឈ្នះមេដាយមាសជូនជាតិដូចជា វិរៈកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសកីឡាប៉េតង់កម្រិតពិភពលោកមុនដំបូងគេបង្អស់ បន្ទាប់មកទៀតមានវិរៈកីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាសកីឡាអាស៊ីដំបូងគេបង្អស់ ទាំងដែលកីឡាករយើងមិនទាន់ឈ្នះមេដាយមាសពីកីឡាអាស៊ីនៅឡើយទេ។

លោកជំទាវ កុយ ពិសី បានមានប្រសាសន៍ថា «ដើម្បីសម្រេចបានគោលដៅខាងលើ គណៈកម្មការស្រ្តី និងកីឡា មានផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ ក្នុងការជួយជម្រុញអោយស្រ្តី ចូលរួមសកម្មភាពលេងកីឡា និងហាត់ប្រាណឲ្យបានផលផុស ដើម្បីនាំមកនូវផាសុខភាព សុខុមាលភាពក្នុងក្រុមគ្រួសារ និងជួយពង្រឹងសមត្ថភាពកីឡាករជាស្រ្តី ឲ្យមានលទ្ឋភាពឈានទៅដល់ការចូលរួមប្រកួតប្រជែង ដណើ្តមយកពានរង្វាន់ទាំងក្នុងកំរិតថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងជាពិសេសយកកិត្តិយសជូនជាតិមាតុភូមិកម្ពុជា ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ បន្ថែមលើការតាំងចិត្តដ៏មុតស្រួចនេះ គណៈកម្មការស្រី្ត និងកីឡា ត្រូវការជាចាំបាច់ នូវជំនួយបច្ចេកទេស និងសម្ភារៈ ដើម្បីផ្គត់ផ្គង់ដំណើរការប្រព្រឹត្តទៅរបស់គណៈកម្មការស្រ្តី និងកីឡា ក៏ដូចជាកីឡាការីនី ដែលមានស្នាដៃឆ្នើម ជាប់កំរិតជាតិ និងអន្តរជាតិ ដែលត្រូវការជាចាំបាច់នូវជំនួយឧបត្ថម្ភ ជ្រោមជ្រែង និងបង្ហាត់បង្រៀនបន្ថែមលើផ្នែកបច្ចេកទេស ដើម្បីឲ្យពួកគេបោះជំហ៊ានទៅមុខប្រកបដោយថាមពល និងស្របតាមបរិបទឧស្សាហកម្មកីឡាទំនើបពិភពលោក នាពេលបច្ចុប្បន្ន»។
លោកជំទាវបានបន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវដល់ឯកឧត្តមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ និងជាពិសេស លោកស្រីបណ្ឌិតសាស្រ្តាចារ្យ ស៊ូភីត សាម៉ាហីតូ ប្រធានគណៈកម្មការស្រ្តី និងកីឡា នៃក្រុមប្រឹក្សាអូឡាពិកអាស៊ី សូមបន្តជួយសម្របសម្រួល ជ្រោមជ្រែង និងផ្តល់ថវិកាតាមដែលអាចធ្វើបាន ដើម្បីជួយឧបត្ថមគាំទ្រដល់គណៈកម្មការស្រ្តី និងកីឡា ដើម្បីឲ្យដំណើរការងារក្នុងការអភិវឌ្ឍន៍វិស័យកីឡាស្រ្តីនៅកម្ពុជាទទួលបានជោគជ័យដូចបំណងប្រាថ្នានៃយើងទាំងអស់គ្នា និងសូមអំពាវនាវដល់ស្ត្រីកម្ពុជា ក៏ដូចជាកីឡាករស្រ្តី សូមចូលរួមលេងកីឡាឲ្យបានច្រើន និងថែទាំសុខភាពឲ្យបានល្អ ជាពិសេសកីឡាករដែលត្រៀមបម្រុងនឹងចេញទៅប្រកួត សូមហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន ពង្រឹងសុខភាពឲ្យរឹងមាំ ដើម្បីយកជ័យជំនះឲ្យបានលើរាល់ការប្រកួតប្រជែង» ។
រូបថតដោយ៖ សាគូរ៉ា















