សៀមរាប៖ កីឡាឡើងជញ្ជាំងភ្នំមិនត្រឹមតែជាកីឡាដែលយើងបានហ្វឹកហាត់ត្រៀមចេញទៅប្រកួតតែមួយមុខទេនោះ វាក៏ជាប្រភេទកីឡាដែលអាចឲ្យយើង ដែលជាអ្នកលេងកីឡាមួយប្រភេទនេះបានផ្សារភ្ជាប់ទៅនឹងទេសចរណ៍ផងដែរ។
យើងបានឃើញថាការលេងកីឡាមួយប្រភេទនេះ ក៏អាចលេងតាមររយៈការបង្កើតភ្នំសប្បនិមិត្តដែលហៅថា (Artificial Climbing Wall) យើងអាចលេងនៅទីកន្លែងដែលមានបរិស្ថានល្អជាមួយនឹងឧទាហរណ៍ដូចជា ជញ្ជាំងសប្បនិមិត្ត ដែលបានបង្កើតមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តសៀមរាបកាលពីឆ្នាំ2010 គឺ Angkor Climbers Net និងជញ្ជាំងសប្បនិមិត្តមួយទៀតនៅរាជធានីភ្នំពេញគឺ Phnom Climb Community Gym ដែលជាជញ្ជាំងឡើងភ្នំសប្បនិមិត្តធំជាងគេបំផុតនៅប្រទេសកម្ពុជា។
កីឡាមួយប្រភេទនេះគឺយើងផ្តោតទៅលើការលេងជាមួយនឹងធម្មជាតិ ជាលក្ខណៈទេសចរណ៍ តាមរយៈការលេងនៅភ្នំធម្មជាតិដូចជា៖ Abseiling, Tree Climbing, Bouldering និង Rock Climbing ហើយវាគឺជាកីឡាទេសចរណ៍ដែលទទួលបានការចាប់អារម្មណ៍ និងចូលរួមនាពេលថ្មីៗនេះ ពីយុវជនមួយក្រុម ដោយមានការដឹកនាំពីក្លឹប Khmer Climbing School, Phnom Climb Community Gym Angkor Climbing Wall និង Bayon Unique Photography & Adventure។
ទីកន្លែងដែលពេញនិយមសម្រាប់លេងកីឡាប្រភេទនេះមានដូចជា៖ ថ្មលយ ឧទ្យានជាតិគីរីរម្យ ភ្នំកំពង់ត្រាច ខេត្តកំពត ភ្នំជាលា ឬក៏ភ្នំបែកពាង ខេត្តកំពង់ចាម ភ្នំជញ្ជាំង ខេត្តបន្ទាយមានជ័យ ភ្នំសំពៅ និងភ្នំបារាំងធ្លាក់ ខេត្តបាត់ដំបង ពើងជ្រួញ ពើងវត្តចាស់ ក្បាលស្ទឹង ទឹកធ្លាក់អន្លង់មាស លើភ្នំគូលែន ក្នុងខេត្តសៀមរាប។
យោងតាមលោក ម៉ម សុថារិន្ទ ជាស្ថាបនិករបស់ Khmer Climbing School បានលើកឡើងថា «នៅលើដងភ្នំគូលែន គឺជាទីកន្លែងសមស្របបំផុតសម្រាប់ពង្រីកសក្តានុពល កីឡាទេសចរណ៍មួយប្រភេទនេះ ដែលកីឡានេះកំពុងពេញនិយម និងបានផ្សព្វផ្សាយទៅដល់ស្រទាប់យុវជនដែលពួកគេចូលចិត្តសកម្មភាពកីឡាប្លែកៗ»។
ហើយលោកមានមហិច្ឋិតា និងចង់រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាលក្ខណៈអន្តរៈជាតិមួយ ដែលមានឈ្មោះថា Kulen World Bouldering Festival នៅលើឧទ្យានជាតិភ្នំគូលែន ដែលអាចជំរុញទាំងភ្ញៀវទេសចរណ៍ជាតិ និងជាពិសេសភ្ញៀវអន្តរជាតិដែលចូលចិត្តកីឡា Rock Climbing នេះ។
លោកបានបញ្ជាក់ដោយមានទំនុកចិត្តថា «បើមានការគាំទ្រពីក្រសួងទេសចរណ៍ និងអាជ្ញាធរដែលពាក់ព័ន្ធដូចជា សហព័ន្ធកីឡាឡើងភ្នំកម្ពុជា Cambodia Climbing Federation ឬហៅកាត់ថា CCF រួមសហការណ៍ជាមួយ Khmer Climbing School Angkor Climbing Wall និង Phnom Climb Community Gym ក្នុងការរៀបចំកម្មវិធីនេះ នៅលើភ្នំគូលែនអោយក្លាយទៅជាតំបន់លេងកីឡាទេសចរណ៍ ដែលមានភាពទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា» ។
បើតាមលោក លឹម សុខន ជាស្ថាបនិករបស់ Bayon Unique Photography & Adventure ដែលជាអ្នកថតរូបបែបដំណើរផ្សងព្រេង និងជាអ្នកដែលចូលចិត្តរុករកតំបន់ទេសចរណ៍លាក់ខ្លួនមកបង្ហាញបងប្អូន បានរៀបរាប់ឲ្យដឹងថា «នៅក្នុងប្រទេសកម្ពុជា នៅមានកន្លែងជាច្រើនទៀតដែលមានភាពទាក់ទាញ និងមិនទាន់មានអ្នកស្គាល់ ដូច្នេះតម្រូវឲ្យលោកត្រូវរុករក និងស្រាវជ្រាវបន្ថែមទៀត គោលបំណងសំខាន់គឺចង់ផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់ឲ្យប្រជាជន និងជនជាតិបរទេសបានស្គាល់ ហើយក៏ដូចជាបានផ្តល់ផលប្រយោន៍ និងកម្រៃខ្លះៗ ជូនទៅដល់ប្រជាជននៅក្នុតំបន់ផងដែរ»។
លោកបន្ថែមទៀតថា «ម្យ៉ាងវិញទៀតគឺលោក ក៏ដូចជាប្រជាជនក្នុងតំបន់មានបំណងចង់ឲ្យភ្ញៀវទេសចរណ៍អាចស្នាក់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងទីក្រុងសៀមរាបបានលើសពីរថ្ងៃ ឬក៏ច្រើនជាងនេះ ហើយពួកគាត់អាចអញ្ជើញទៅតំបន់ទេសចរណ៍ផ្សែងៗ ជាច្រើនទៀត ក្រៅពីតំបន់ប្រាសាទ ពួកគាត់អាចចូលរួមជាមួយនឹងដំណើរកម្សាន្តបែបផ្សងព្រេង និងលេងកីឡាទៀតផង»។
គួរបញ្ជាក់ផងដែលថានៅក្នុងឆ្នាំ2019 កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានរៀបចំការបណ្តុះបណ្តាលវគ្គ South-East Asia Sport Climbing ដល់សមជិករបស់ខ្លួនដើម្បីក្លាយជាគ្រូបង្វឹក ដែលមានការទទួលស្គាល់ពីសហព័ន្ធកីឡាឡើងភ្នំអាស៊ី ដើម្បីធ្វើការបណ្តុះបណ្តាលបន្តដល់អ្នកដែលចូលចិត្តកីឡាទេសចរណ៍ និងរបៀបដំណើរផ្សងព្រេង។
វគ្គបណ្តុះបណ្តាលផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់កីឡាករ ពីបច្ចេកទេសប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសក្នុងការឡើងឬចុះតាមខ្សែពួរ។
Sport Climbing, Abseiling និង Tree Climbing ដែលនាពេលថ្មីៗ នេះបានក្លាយជាកីឡាពេញនិយមពីក្រុមយុវជនដែលស្រឡាញ់ធម្មជាតិ ចូលចិត្តបោះតង់ ដើរព្រៃ និងឡើងភ្នំ។ ដោយគិតគូរពីសុវត្ថិភាព សហព័ន្ធកីឡាឡើងភ្នំបានផ្តល់សិទ្ធដល់ Khmer Climbing School ដើម្បីរៀបចំការបណ្តុះបណ្តាលវគ្គ SEA Sport Climbing ដែលមាន 3កំរិតគឺ Level 1, Level 2 និង Level 3។
សម្រាប់ពត៌មានលំម្អិតពីតំម្រូវការក្នុងការចូលរៀន និងមេរៀនក្នុងកំរិតនីមួយៗ សូមចុចមើលក្នុង http://www.seacf.org/standards/index.html
1. Cambodian Climbing Federation: លោក ទុយ ប៊ុនហឿន Tuy Bunhoeun និងលេខទូរស័ព្ទ៖ 017 455 127, លោក សឹម រ៉ន Mr. Seam Rorn និងលេខទូរស័ព្ទ៖ 092 336 924
2. Khmer Climbing School: លោក ម៉ម សុថារិន្ទ Mr. Mam Sotharin និងលេខទូរស័ព្ទ៖ 098 791 555 ឬក៏អាចឆែកពត៌មានបន្ថែមតាមហ្វេកបុកផេក៖ Khmer Climbing School
3. Bayon Unique Photography & Adventure: លោក លឹមសុខន Mr. Lim Sokhorn និងលេខទូរស័ព្ទ៖ 089 208 282
រូបថតដោយ៖ Bayon Unique Photography & Adventure លោក លឹមសុខន Mr. Lim Sokhorn