កក្រើក! Huawei ចេញយុទ្ធសាស្រ្តខ្លាំងថ្មីមួយវាយលុកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ នៅលើពិភពលោកបានចេញយុទ្ធសាស្ត្រខ្លាំងមួយទៀតសម្រាប់ទីផ្សារកម្ពុជាដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណាបានចាប់ផ្ដើមធ្វើនៅឡើយ ដោយកម្មវិធីនេះបានរៀបចំធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2019។

លោក Henry, នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Huawei បានលើកឡើងថា «យុទ្ធសាស្រ្តថ្មីនេះ គឺការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទីបី​ នៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro» ។ 

លោកបានបន្ថែមទៀតថា «យុទ្ធសាស្ត្រមួយនេះ ពួកយើងកំពុងវាយលុកទូទាំងតំបន់អាស៊ី និងអឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ ដោយពួកយើងនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច»។

លោក Henry នាយកប្រតិបត្តិរបស់ Huawei ប្រចាំប្រទេសកម្ពុជា

 លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា «ជាក់ស្ដែងដូចជា AppGallery របស់យើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងពេលខែមេសា ឆ្នាំ2018 ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ យើងដំណើរការមិនទាន់បានដល់ពីរឆ្នាំនោះទេ ប៉ុន្តែអ្នកប្រើប្រាស់របស់យើងមានជាមធ្យមគឺ 39លាននាក់ក្នុងមួយខែ និងប្រមាណជា 180ប៊ីលានដងនៃការទាញយកក្នុងមួយឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំដែលមិននឹកស្មានរបស់ HMS»

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei

លោក ឌីបូ បញ្ញា អ្នកគ្រប់គ្រងផ្នែក GTM របស់ក្រុមហ៊ុន Huawei បានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយនឹងទំហំ RAM8GB និងROM 256GB ហើយ Huawei Mobile Service គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើកំពូលស្មាតហ្វូននេះ ដោយសារគ្រប់ការទាញយកកម្មវិធីមកប្រើប្រាស់គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក៕

រូបថតដោយ៖ អេងលី ទុយ​ (សាគូរ៉ា) និង សហការី

លោក ឌីបូ បញ្ញា អ្នកគ្រប់គ្រងផ្នែក GTM របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា