ភ្នំពេញ៖ កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ នៅលើពិភពលោកបានចេញយុទ្ធសាស្ត្រខ្លាំងមួយទៀតសម្រាប់ទីផ្សារកម្ពុជាដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណាបានចាប់ផ្ដើមធ្វើនៅឡើយ ដោយកម្មវិធីនេះបានរៀបចំធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2019។
លោក Henry, នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Huawei បានលើកឡើងថា «យុទ្ធសាស្រ្តថ្មីនេះ គឺការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទីបី នៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro» ។
លោកបានបន្ថែមទៀតថា «យុទ្ធសាស្ត្រមួយនេះ ពួកយើងកំពុងវាយលុកទូទាំងតំបន់អាស៊ី និងអឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ ដោយពួកយើងនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច»។

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា «ជាក់ស្ដែងដូចជា AppGallery របស់យើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងពេលខែមេសា ឆ្នាំ2018 ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ យើងដំណើរការមិនទាន់បានដល់ពីរឆ្នាំនោះទេ ប៉ុន្តែអ្នកប្រើប្រាស់របស់យើងមានជាមធ្យមគឺ 39លាននាក់ក្នុងមួយខែ និងប្រមាណជា 180ប៊ីលានដងនៃការទាញយកក្នុងមួយឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំដែលមិននឹកស្មានរបស់ HMS» ។

លោក ឌីបូ បញ្ញា អ្នកគ្រប់គ្រងផ្នែក GTM របស់ក្រុមហ៊ុន Huawei បានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយនឹងទំហំ RAM8GB និងROM 256GB ហើយ Huawei Mobile Service គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើកំពូលស្មាតហ្វូននេះ ដោយសារគ្រប់ការទាញយកកម្មវិធីមកប្រើប្រាស់គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក៕
រូបថតដោយ៖ អេងលី ទុយ (សាគូរ៉ា) និង សហការី








