ភ្នំពេញ៖ ថ្ងៃអង្គារ ទី19 ខែវិច្ឆិកា ឆ្នាំ2019 មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបើកពិធីមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ2019 នៅឯរោងភាពយន្ត Major Cineplex AEON Mall ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងលោក គឹសាកាបេ យូស៊ឹកេ នាយកនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន(JFAC)។

ក្នុងសុន្ទរកថា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដែលសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយព្រះទីវង្គត និងរំឭកពីការលះបង់របស់ទ្រង់ដើម្បីថែរក្សាវប្បធម៌ខែ្មរ ក៏ដូចជាព្រះទ័យយកចិត្តទុកដាក់ទៅលើការផ្លាស់ប្តូរវប្បធម៌ ជាពិសេសគឺព្រះវត្តមានរបស់ទ្រង់នៅក្នុងកម្មវិធីវប្បធម៌ជប៉ុនផ្សេងៗ ក្នុងនោះក៏រួមមានមហោស្រពភាពយន្តជប៉ុនកាលពីឆ្នាំ2016 ផងដែរ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន JFAC និងក្រុមនិស្សិតស្ម័គ្រចិត្ត ទាំងអស់សម្រាប់ការចូលរួមសហការក្នុងមហោស្រពភាពយន្តជប៉ុនឆ្នាំ2019។

នាល្ងាចកម្មវិធីបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ2019 គឺមានការចាក់បញ្ចាំងភាពយន្តបែបគ្រួសារកក់ក្តៅ រឿង «My Dad is a Heel Wrestler» ដែលដឹកនាំដោយលោក FUJIMURA Kyohei ដែលសាច់រឿងក្នុងខ្សែភាពយន្តនេះត្រូវបានបំផុសគំនិតដោយសៀវភៅរឿងមួយសម្រាប់កុមារដែលមានចំណងជើងដូចគ្នា និងទទួលបាននូវស្នូរសម្លេងទះដៃពីទស្សនិកជនយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែលថាចាប់ពីថ្ងៃទី19 រហូតដល់ថ្ងៃទី24 ខែវិច្ឆិកា ហើយលោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់អាចអញ្ជើញទៅទស្សនាការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុនចំនួន 10រឿង នៅរោងភាពយន្ត Major Cineplex AEON Mall ភ្នំពេញ និង AEON Mall សែនសុខ ព្រមទាំងនៅរោងភាពយន្ត Legend សាខាទួលគោក។
រូបថតដោយ៖ អេងលី ទុយ (សាគួរ៉ា)



