ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី3 ខែវិច្ឆិកា ឆ្នាំ2019 ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ2019 ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ពួកគាត់ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់ពួកគាត់ក្នុងវិស័យផ្សេងៗ ទៀតនៅក្នុងសង្គម។ មានបុគ្គលឆ្នើម 2រូប ដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់ការចូលរួម ចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា។
ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ សមាជិករដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់ឯកឧត្ដមក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។
លោក Teruo Jinnai ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of Secred Treasure, Gold and Silver Rays” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងការចូលរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកស្ទួយវប្បធម៌កម្ពុជានៅលើវេទិការអន្តរជាតិ ក្នុងនោះរួមមាន អង្គការយូណេស្កូផងដែរ។ គួរបញ្ចាក់ផងដែលថាពិធីប្រគល់គ្រឿងឥស្សរិយយសនឹងរៀបចំឡើងនៅពេលខាងមុខឆាប់ៗ នេះ៕
រូបថតដោយ៖ សហការី