ភ្នំពេញ៖ ក្រោយពីបានទទួលដំណឹងមរណៈភាពរបស់លោកស្រី Ogata Sadako ដែលជាអតីតឧត្តមស្នងការអង្គការ សហប្រជាជាតិសម្រាប់ជនភៀសខ្លួនមុនដំបូងគេបង្អស់ កាលពីថ្ងៃទីអង្គារ ទី22 ខែតុលា ឆ្នាំ2019 ស្ថានទូតជប៉ុនប្រចាំនៅក្នុងប្រទេសកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមសម្តែង និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារលោកស្រី Ogata ។
ក្នុងតំណែងជាឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនចាប់ពីឆ្នាំ1991 ដល់ឆ្នាំ 2000 លោកស្រី Ogata បានតស៊ូបំពេញការងារដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ជនភៀសខ្លួន និងជនផ្លាស់ទីលំនៅក្នុងប្រទេស ក៏ដូចជាប្រជាជននៅពិភពលោកមានភាពល្អប្រសើរឡើង។
នៅកម្ពុជា លោកស្រីបានដឹកនាំការិយាល័យ UNHCR ដើម្បីសម្រេចបាននូវមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាប្រមាណ 370.000 នាក់ពីជំរុំជនភៀសខ្លួន នៅតំបន់ព្រំដែនថៃមកកម្ពុជាវិញក្នុងឆ្នាំ1992-1993 ដើម្បីឱ្យអ្នកទាំងនោះអាចចូលរួមការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់។
បន្ទាប់ពីចាកចេញពីតំណែងជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោកស្រីបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពាក់ព័ន្ធនឹងជំនួយរបស់ជប៉ុនដល់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអង្គការ JICA – Japan International Cooperation Agency ចាប់ពីឆ្នាំ2003 ដល់ឆ្នាំ2012។
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់គ្នាសូមចូលរួមសម្តែងការគោរពចំពោះសពលោកស្រី និងក៏សូមថ្លៃអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីដែលបានចូលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូរទាំងពិភពលោកទាំងមូល យើងខ្ញុំសូមឱ្យវិញ្ញាណក្ខន្ធលោកស្រីទៅកាន់សុគតិភព។
រូបថតដោយ៖ ហ្គូលហ្គោល