ធនាគារឯកទេស វីង ឈ្នះពានរង្វាន់ធុរកិច្ចអាស៊ានរយៈពេលបីឆ្នាំជាប់ៗ គ្នា

ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត​ ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ​​​ត្រូវ​បានផ្តល់កិត្តិយសជាមួយពានរង្វាន់ធុរកិច្ចអាស៊ាន(ABA)ប្រចាំឆ្នាំ 2019 ក្នុងប្រភេទ “សហគ្រាស​សង្គម​ដែល​មាន​និរន្តភាព” នាថ្ងៃសៅរ៍ ទី02 ខែវិច្ឆិកា ឆ្នាំ2019 នៅទីក្រុងបាងកក ប្រទេសថៃ។​ នេះជាឆ្នាំទីបីហើយដែលក្រុមហ៊ុនដ៏ឆ្នើមមួយនេះបានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន។

លោកជំទាវ ម៉ៅ​ ចំណាន និងលោក Kalin Sarasin ថតរូបជាមួយនឹងបេក្ខភាពដែលទទួលបានរង្វាន់ដ៏ទៃទៀត

ពិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯ.ឧ. Anutin Charnvirakul ដោយមានចូលរួមពីប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Kalin Sarasin ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក Supant Mongkolsuthree ក៏ដូចជាប្រធានសមាគមធនាគារិកថៃ លោក Predee Daochai ។

លោកជំទាវ ម៉ៅ​ ចំណាន អគ្គនាយកប្រតិបត្តិការ  នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីនេះ។ លោកជំទាវបានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជនទាំងអស់ និយោជិក និងដៃគូអាជីវកម្មជាច្រើនទៀត។ បើគ្មានការចូលរួមគាំទ្រដ៏ធំធេងរបស់អ្នកទាំងអស់គ្នានោះទេ ចក្ខុវិស័យរបស់ធនាគារវីងនឹងមិនត្រូវបានទទួលស្គាល់ ព្រមទាំងមានការរីកចម្រើនមកដល់ពេលនេះទេ»។

លោកជំទាវ ម៉ៅ​ ចំណាន អគ្គនាយកប្រតិបត្តិការធនាគារឯកទេស វីង​ ទទួលពានរង្វាន់ពីលោក Kalin Sarasin ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB)

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត  បានមានប្រសាសន៍ថា៖ «សមិទ្ធិផលថ្ងៃនេះពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំរបស់យើងនៅក្នុងប្រទេស​កម្ពុជាក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការទទួលស្គាល់មួយនេះគឺជាការជំរុញទឹកចិត្តយើងឱ្យខិតខំដើរទៅមុខទៀតនិងបន្តនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផលថ្មីដែលបំពេញតំរូវការអតិថិជនរបស់យើង»។

លោក Manu Rajan អគ្គនាយកធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត, លោកជំទាវ ម៉ៅ ចំណាន, អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត​ ថតរូបអនុស្សារីយ៍ជាមួយក្រុមការងារ

ពានរង្វាន់ធុរកិច្ចអាស៊ានត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ 2007 ហើយជារៀងរាល់ឆ្នាំ​ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើមដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍នានារបស់ពួកគេ។

ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯ.ឧ. Anutin Charnvirakul និងលោកជំទាវ ម៉ៅ​ ចំណាន អគ្គនាយកប្រតិបត្តិការ ធនាគារឯកទេស វីង

លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត  បានថ្លែងដោយមោទនភាព​ថា៖ «ខ្ញុំពិតជាមានការត្រេកអរ និងសប្បាយរីករាយឥតឧបមាដែលអាចគាំទ្របេសកកម្មរបស់ក្រុមហ៊ុនយើងប្រកបដោយប្រសិទ្ធភាព ដែលការធ្វើបែបនេះជះឥទ្ធិពលជាវិជ្ជមានដល់ការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តសម្រាប់ប្រជាជនកម្ពុជានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ»។

លោក Manu Rajan និង លោកឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯ.ឧ. Anutin Charnvirakul, លោកជំទាវ ម៉ៅ ចំណាន ថតរូបជុំគ្នាក្នុងថ្ងៃប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានដល់ក្រុមហ៊ុនវិង

កាលពី 10 ឆ្នាំមុន វីង បានចាប់ផ្តើមផ្ដល់សេវាផ្ទេរប្រាក់ ហើយក៏បានបន្តអភិវឌ្ឍន៍ខ្លួនរហូតមកដើម្បី​ផ្តល់ជូននូវផលិតផល រួមទាំងសេវាកម្មជាច្រើន​ ដែលកំពុងជំរុញកំណើនសង្គមនៃការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ វីងនៅតែឈរនៅជួរមុខគេនៃទីផ្សារសេវាផ្ទេរប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិចនៅក្នុងប្រទេសដែលមានសេវាគ្របដណ្តប់តាមស្រុក 100ភាគរយជាមួយភ្នាក់ងារវីងជាង 7000 កន្លែងទូទាំងប្រទេស។ អតិថិជនវីងអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ពួកគេ ទូទាត់វិក័យប័ត្រ ផ្ទេរប្រាក់ ទិញទំនិញពីហាងតាមអ៊ីនធឺណេតនៅក្រៅប្រទេស កក់សំបុត្រយន្តហោះ ទូទាត់ថ្លៃអាហារតាមរយៈសេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ដោយស្កេន QR កូដ ហើយក៏អាចទទួលបានការផ្ញើប្រាក់ពីប្រទេសជាង 200 នៅទូទាំងពិភពលោក៕

រូបថតដោយ៖ សហការី