Home ខេមរភាសា មហោស្រពសិល្បៈទស្សនីយភាព «GOLDEN (r)AGE» ត្រៀមរៀបចំផ្ទាំងទស្សនីយភាពដ៏អស្ចារ្យឆាប់ៗ នេះ

មហោស្រពសិល្បៈទស្សនីយភាព «GOLDEN (r)AGE» ត្រៀមរៀបចំផ្ទាំងទស្សនីយភាពដ៏អស្ចារ្យឆាប់ៗ នេះ

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហោស្រពសិល្បៈទស្សនីយភាព GOLDEN (r)AGE ជាផ្លូវការលើកដំបូងដោយមានការសម្តែងស្នាដៃច្នៃប្រឌិតថ្មីចំនួន១៣ នៅតាមទីតាំងចំនួន ៧ផ្សេងៗ គ្នាពីសំណាក់សិល្បករ-សិល្បការិនីនៅក្នុងប្រទេសកម្ពុជា បារាំង និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។

GOLDEN (r)AGE Festival Brings Inspiring Performances and Cultural Exchange to Phnom Penhមហោស្រពសិល្បៈល្ខោន និងរបាំសម័យនេះនឹងរៀបចំឡើងដោយ The Last Stage ហើយវាបានក្លាយជាព្រឹត្តិការណ៍សិល្បៈទស្សនីយភាពដ៏សំខាន់ និងមិនអាចរំលងបាននៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថានបារាំងនៅកម្ពុជា គឺជាដៃគូសហការតាំងពីការរៀបចំសាកល្បង «លើកទី ០» ក្នុងឆ្នាំ២០២៥ មកម្ល៉េះ ហើយក៏ជាសហផលិតករនៃព្រឹត្តិការណ៍នេះផងដែរ។

ក្នុងនាមជាមហោស្រពសិល្បៈល្ខោនសហសម័យដំបូងបង្អស់នៅកម្ពុជា មហោស្រពសិល្បៈទស្សនីយភាព GOLDEN (r)AGE បានចាប់កំណើតឡើងពីបំណងប្រាថ្នាចង់បង្ហាញ ជូនសាធារណជននូវទេពកោសល្យរបស់សិល្បករ-សិល្បការិនីកម្ពុជាជំនាន់ថ្មីដែលទទួលបានការបណ្តុះបណ្តាលនៅសាលា The Last Stage។ បន្ទាប់ពីការសាកល្បងក្នុង «ឆ្នាំទី ០» នាឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះបានឈានចូលដល់ទម្រង់ពេញលេញ និងប្រកបដោយមហិច្ឆតានៅឆ្នាំ២០២៦នេះ ដោយមានការសម្តែងចំនួន១៣ នៅតាមទីតាំងចំនួន៧ (រួមមាន The Last Stage Riverside, The Last Stage Aquation, Factory Phnom Penh, សាលមហោស្រពចេនឡា, វិទ្យាស្ថានបារាំងនៅកម្ពុជា, មជ្ឈមណ្ឌល Friends Futures Factory F3 និងសារមន្ទីរសសរ)។

រៀបចំឡើងដោយសាលា The Last Stage / Acting Art Academy មហោស្រពនេះសបញ្ជាក់ឱ្យឃើញពីភាពរស់រវើកនៃវិស័យសិល្បៈសម្តែងសហសម័យរបស់កម្ពុជាដែលកំពុងតែរីកចម្រើនលូតលាស់យ៉ាងខ្លាំងដែលជំរុញដោយសិល្បករ-សិល្បការិនីនានាចោទសួរពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងរបស់ពួកគេទៅកាន់ពិភពលោក តាមរយៈភាសាសម្តែងបែបសហសម័យយ៉ាងពិតប្រាកដ។ ស្នាដៃ​នានាភាគច្រើន​ក្នុង​កម្មវិធីមហោស្រព​ត្រូវ​បាន​បង្ហាញ​ជា​ភាសា​ខ្មែរ និង​មាន​អក្សរ​រត់​ពី​ក្រោម​ជា​ភាសា​បារាំង និង​ភាសាអង់គ្លេស។

វិទ្យាស្ថានបារាំងបានគាំទ្រមហោស្រព GOLDEN (r)AGE តាំងពីដើមដំបូងមកម្ល៉េះ ទាំងផ្នែកហិរញ្ញវត្ថុក្នុងក្របខណ្ឌនៃគម្រោង PICC «សំឡេងនៃឆាកសិល្បៈ» (Les Voix de la scène) ដែលទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានបារាំងនៅទីក្រុងប៉ារីស និងទាំងផ្នែកសិល្បៈដោយបានចូលរួមសហការផលិតរួមគ្នានូវស្នាដៃច្នៃប្រឌិតថ្មីចំនួន៣ ក្នុងចំណោមស្នាដៃសម្តែងទាំង ១៣ នៅក្នុងកម្មវិធីមហោស្រពរួមមាន៖ ស្នាដៃ «Finding Myself (In Mirages)» ដោយលោក Frédéric Fisbach, ស្នាដៃ « A Little Bit All Over the Place » ដោយលោក Michael Laub និងស្នាដៃ « Out of My Skin » ដោយលោក ហ្សង់បាទីស្ទ ភូ។ ការប្តេជ្ញាចិត្តនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីបេសកកម្មរបស់វិទ្យាស្ថានបារាំង ពោលគឺការបង្កើតលក្ខខណ្ឌអំណោយផលនានាសម្រាប់កិច្ចសន្ទនាសិល្បៈប្រកបដោយនិរន្តរភាពរវាងកម្ពុជា និងឆាកអន្តរជាតិ។

«GOLDEN (r)AGE គឺជាអ្វីដែលយើងកំពុងស្វែងរកដើម្បីផ្តល់ការគាំទ្រ និងរួមដំណើរជាមួយ នោះគឺការបង្កើតស្នាដៃសិល្បៈសហសម័យកម្ពុជាមួយដែលទទួលស្គាល់ និងរក្សានូវឫសគល់របស់ខ្លួនព្រមទាំងបង្ហាញខ្លួនទៅកាន់ពិភពលោក។ តាមរយៈការចូលរួមសហការផលិតរួមគ្នានូវស្នាដៃទាំងនេះ វិទ្យាស្ថានបារាំងមិនត្រឹមតែគាំទ្រដល់ការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគលើការជួបជុំភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្សនៅក្នុងភាសាសិល្បៈដែលត្រូវបានបង្កើតឡើងរួមគ្នារវាងអ្នកដឹកនាំឆាកជនជាតិបារាំង និងសិល្បករ-សិល្បការិនីខ្មែរ។ គឺសហថាមពល នេះហើយដែលជួយឱ្យសំឡេងនៃសិល្បករ-សិល្បការិនីជំនាន់ថ្មីរបស់កម្ពុជាអាចឈានជើងចូលទៅក្នុងបណ្តាញអន្តរជាតិប្រកបដោយនិរន្តរភាព»។  លោកស្រី ហ្វានី ប៉ាហ៊្សែស (Fanny Pagès) នាយិកាប្រតិភូនៃវិទ្យាស្ថានបារាំងនៅកម្ពុជា និងជាអនុព័ន្ធវប្បធម៌។

ទស្សនីយភាពច្នៃប្រឌិតថ្មីចំនួនពីរដែលមិនគួររំលង

A Little Bit All Over the Place — ដោយ Michael Laub & ខេន វណ្ណធី 

ថ្ងៃទី៥ និងទី៦ ខែមិថុនា វេលាម៉ោង ៧:៣០ យប់នៅសាលមហោស្រពចេនឡាដោយមានការគាំទ្រពីក្រុមហ៊ុន OCIC ជាស្នាដៃបង្កើតថ្មី និងពោរពេញដោយភាពច្នៃប្រឌិតប្លែកដ៏ជ្រាលជ្រៅ «A Little Bit All Over the Place» គឺជាផ្លែផ្កានៃការជួបជុំសិល្បៈមិនធ្លាប់មានពីមុនមករវាងលោក Michael Laub ដែលជាអ្នកដឹកនាំឆាកសហសម័យដ៏ល្បីល្បាញលើឆាកអន្តរជាតិ និងអ្នកនាង ខេន វណ្ណធី ដែលជាអ្នកច្នៃបង្កើតក្បាច់រាំខ្មែរដ៏មានជំនាញច្បាស់លាស់លើទម្រង់របាំប្រពៃណី។ ទស្សនីយភាពនេះ ប្រមូលផ្តុំអ្នករាំចំនួន ៩ រូបនៅលើឆាកដោយរួមបញ្ចូលគ្នានូវទម្រង់តែងនិពន្ធឆាកសហសម័យជាមួយនឹងភាពហ្មត់ចត់នៃរបាំបុរាណខ្មែរអមដោយតន្ត្រីរបស់ Mute Speaker និងពិភពទស្សនីយភាពបែប TikTok។ នេះគឺជាស្នាដៃមួយដែលបំបែកព្រំដែននៃទម្រង់សិល្បៈនានា។

Finding Myself (In Mirages) — ដឹកនាំឆាកដោយលោក Frédéric Fisbach

ថ្ងៃទី១០ និងទី១១ ខែមិថុនា វេលាម៉ោង ៧:៣០ យប់នៅ The Last Stage Riverside បន្ទាប់ពីការសម្តែងចំនួន៦លើកដែលទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតដល់លក់សំបុត្រអស់គ្មានសល់កាលពីខែមីនា ឆ្នាំ២០២៦ នៅរោងមហោស្រព The Last Stage Riverside «Finding Myself (In Mirages)» នឹងត្រលប់មកបង្ហាញខ្លួនជាថ្មីនៅក្នុងកម្មវិធីមហោស្រពនេះ។ ដឹកនាំឆាកដោយអ្នកដឹកនាំឆាកជនជាតិបារាំង លោក Frédéric Fisbach ដែលជាសិល្បករសហការនៃមហោស្រព Avignon និងជាសហស្ថាបនិកនៃមជ្ឈមណ្ឌល Centquatre នៅទីក្រុងប៉ារីស ស្នាដៃនេះប្រមូលផ្តុំសិល្បករ-សិល្បការិនីខ្មែរមកពីសាលា Acting Art Academy រួមជាមួយតារាសម្តែងអន្តរជាតិអ្នកនាង Madalina Constantin។ ទស្សនីយភាពនេះ នឹងត្រូវសម្តែងជាភាសាខ្មែរ ភាសាបារាំង និងភាសាអង់គ្លេសដោយមានអក្សររត់ពីក្រោមក្នុងពេលដំណាលគ្នា។ ស្នាដៃបង្កើតថ្មីនេះ ត្រូវបានគាំទ្រដោយវិទ្យាស្ថានបារាំង និងស្ថិតក្នុងក្របខណ្ឌនៃគម្រោង PICC «សំឡេងនៃឆាកសិល្បៈ» (Les Voix de la scène)។ នេះគឺជាឱកាសនៃកិច្ចសន្ទនាដ៏កម្រមួយរវាងសំឡេងស្ត្រីកម្ពុជា និងឆាកអន្តរជាតិតាមរយៈអត្ថបទដែលបំផុសគំនិតពីសេណារីយ៉ូ «White Noise » របស់លោក Antoine d’Agata។

ចតុ ២៖ ជំនួបសិល្បករអាជីពក្រៅកម្មវិធីមហោស្រព

ស្របពេលជាមួយគ្នានៃមហោស្រពនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «ជំនួបសិល្បករអាជីពចតុ២» ដែលជាកម្មវិធីផ្តោតលើផ្នអាជីពដំបូងបង្អស់ឧទ្ទិសទាំងស្រុងដល់សិល្បៈទស្សនីយភាពសហសម័យនៅក្នុងរាជធានីភ្នំពេញ។ រៀបចំឡើងដោយវិទ្យាស្ថានបារាំងនៅកម្ពុជា ស្ថានទូតបារាំង អង្គការសិល្បៈខ្មែរអមតៈ និងសាលា Acting Art Academy ព្រមទាំងឧបត្ថម្ភថវិកាដោយវិទ្យាស្ថានបារាំងនៅទីក្រុងប៉ារីសក្នុងក្របខណ្ឌនៃគម្រោង PICC «សំឡេងនៃឆាកសិល្បៈ» ជំនួបសិល្បករអាជីពនេះនឹងប្រមូលផ្តុំអ្នកជំនាញអាជីពកម្ពុជា និងអន្តរជាតិជិត ១០០នាក់រួមមានអ្នកគ្រប់គ្រងកម្មវិធីមហោស្រពអ្នកចែកចាយបន្តស្នាដៃសិល្បៈ សិល្បករ-សិល្បការិនី អ្នកនិពន្ធ និងអ្នកសារព័ត៌មានមកពីប្រទេសបារាំង បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ក្នុងរយៈពេលប្រាំមួយថ្ងៃតាមរយៈកិច្ចពិភាក្សាតុមូលនានា សិក្ខាសាលា និងជំនួបក្រៅផ្លូវការជាច្រើននឹងបង្កើតឱ្យមានលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសន្ទនាដោយផ្ទាល់មួយរវាងការបង្កើតស្នាដៃសិល្បៈដែលកំពុងលេចធ្លោរបស់កម្ពុជា និងតួអង្គសំខាន់ៗ ក្នុងប្រព័ន្ធចែកចាយស្នាដៃសិល្បៈអន្តរជាតិ។ ក្នុងចំណោមភ្ញៀវកិត្តិយសដែលបានបញ្ជាក់ពីការចូលរួមរួមមាន៖ លោក Paul Rondin នាយកនៃមជ្ឈមណ្ឌល Cité internationale de la langue française និងជាអតីតនាយកប្រតិភូនៃមហោស្រព Avignon លោកស្រី Shireen Binte Abdullah អ្នករៀបចំកម្មវិធីជាន់ខ្ពស់នៅ Esplanade – Theatres on the Bay ប្រទេសសិង្ហបុរី លោក Jeff Khan នាយកផ្នែកច្នៃប្រឌិតនៃ Asia TOPA ប្រទេសអូស្ត្រាលី លោក Adrien de Van នាយក Théâtre Paris-Villette និងអ្នកនាង Marie Sorbier អ្នកផលិតកម្មវិធី «Point Culture» នៅវិទ្យុ France Culture។ រាល់ការជួបជុំទាំងអស់នឹងត្រូវសម្របសម្រួលជាភាសាបារាំង ខ្មែរ និងអង់គ្លេស។

«ចតុ ២» ស្ថិតក្នុងដំណាក់កាលយុទ្ធសាស្ត្រមួយ៖ ខណៈពេលដែលប្រទេសកម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជំនួបសិល្បករអាជីពនេះសបញ្ជាក់ឱ្យកាន់តែច្បាស់ពីតួនាទីរបស់ទីក្រុងភ្នំពេញក្នុងនាមជាមណ្ឌលវប្បធម៌ក្នុងតំបន់ព្រមទាំងចាក់គ្រឹះមូលដ្ឋានសម្រាប់ការបង្កើនវត្តមានលើឆាកអន្តរជាតិប្រកបដោយនិរន្តរភាពនៃវិស័យសិល្បៈទស្សនីយភាពកម្ពុជា៕

រូបភាពដោយ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here