ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួនប្រមាណជាង ៦៧ មុឺនដុល្លាអាមេរិក (៦៦៥,១៨៦ ដុល្លារអាមេរិក) ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង។
កិច្ចសន្យាផ្តល់ជំនួយបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ្នកតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) លោក ស៊ូអ៊ិយ៉ាស៊ូ ម៉ាសាយូគ៌ នាយកគម្រោងអង្គការ JMAS និងលោកបណ្ឌិត អ៊ីរ៉ាណុ ស៊ិហ្គេយ៏គិ។
ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងប្រាប់ឱ្យដឹងថា រដ្ឋាភិបាលជប៉ុនរួមទាំងរូបលោកផ្ទាល់ ស្វាគមន៍ការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទីពីររវាងកម្ពុជា និងថៃកាលពីថ្ងៃទី២៧ ខែធ្នូ និងការវិលត្រឡប់របស់ទាហានកម្ពុជា ១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ហើយជប៉ុនសង្ឃឹមយ៉ាងមុតមាំថាកិច្ចព្រមព្រៀងបទបទឈប់បាញ់នឹងត្រូវបានបន្តអនុវត្តយ៉ាងប្រាកដប្រជា។ បន្ថែមពីនេះ រដ្ឋាភិបាលជប៉ុនសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការកាត់ បន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធព្រមទាំងផ្តល់ការគាំទ្រនានាផងដែរ ។
លោកថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន «អ៊ុនរ៉េន» បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០គម្រោងនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជា ជនកម្ពុជា។
អង្គការ JMAS បានចាប់ផ្តើមសកម្មភាពគាំទ្រការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាក្នុងឆ្នាំ២០០២ ហើយចាប់តាំងពីពេលនោះមកអង្គការបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនដោយសហការជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ អង្គការ JMAS នឹងបន្តធ្វើការបោសសម្អាតគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង ព្រមទាំងផ្តល់ការអប់រំអំពីការជៀសវាងពីគ្រោះថ្នាក់ និងផ្ដល់ ជំនួយផ្នែកកសិកម្ម។
ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ថា៖ «យើងសង្ឃឹមថា គម្រោងនេះនឹងជួយកាត់បន្ថយការស្លាប់ និងរបួសរបស់ប្រជាជនដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាជន នៅតំបន់ទាំងនោះ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍មូលដ្ឋាន»។
លោកបន្ថែមថា៖ «លើសពីនេះ កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងរួមចំណែកដល់ការសម្រេចបាននូវការលប់បំបាត់តំបន់ដែលមានគ្រាប់បែបចង្កោមដែលជាគោលដៅរបស់រដ្ឋាភិបាលកម្ពុជា»។
នៅក្នុងដំណាក់កាលទី២ ជប៉ុនសង្ឃឹមថា តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តទាក់ទងនិងការបោសម្អាតគ្រាប់មិនទាន់ផ្ទះ នឹងដំណើរការបានលឿន និងសុវត្ថិភាព ជាងមុន មិនត្រឹមតែនៅក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ដែលមាននៅសល់គ្រាប់មិនទាន់ផ្ទុះផ្សេងទៀតផងដែរ។
សូមបញ្ញជាក់ថានៅក្នុងគម្រោងនេះអង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ១៧០ហិចតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងផ្តល់ការអប់រំអំពីការបញ្ចៀសពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្ដុះបណ្ដាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម៕
រូបភាពដោយ៖ សហការី








