កម្ពុជាជំរុញនិរន្តរភាពការអភិវឌ្ឍតាមរយៈការលើកកម្ពស់ចំណេះដឹងទិន្នន័យផ្នែកកសិកម្ម

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ កម្ពុជាបន្តវឌ្ឍនភាពរបស់ខ្លួនដោយជំរុញការប្រើប្រាស់ទិន្នន័យអង្កេតកសិកម្ម ដើម្បីជាប្រយោជន៍ដល់ការសម្រេចចិត្តផ្នែកគោលនយោបាយ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការចេញផ្សាយទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ និងឆ្នាំ២០២៣ (CAS ឆ្នាំ២០២២ និង CAS ឆ្នាំ២០២៣) គឺជាពេលវេលាដ៏ស័ក្ដិសមដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ជាតិក្នុងការលើកកម្ពស់ស្ថិតិកសិកម្ម និងពង្រឹងសមត្ថភាពរបស់ខ្លួនលើដំណើរការចងក្រងគោលនយោបាយដោយផ្អែកលើភស្តុតាងជាក់ស្ដែង។

នៅក្នុងការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ ក៏មានដាក់បញ្ចូល ម៉ូឌុលដែលពន្យល់ពីបច្ចេកទេសផលិតកម្ម និងផ្នែកបរិស្ថាន (PME) ដោយផ្តល់ជាចំណេះដឹងល្អៗ ជាច្រើនអំពីការគ្រប់គ្រងធនធានក៏ដូចជាផលប៉ះពាល់របស់បរិស្ថានលើវិស័យកសិកម្ម និងការប្រកបរបរកលើវិស័យនេះប្រកបដោយនិរន្តរភាព។ ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ ដែលត្រូវបានធ្វើឡើងស្របពេលនៃការធ្វើជំរឿនកសិកម្ម គឺផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើទិដ្ឋភាពស្នូលមួយចំនួនមានជាអាទិ៍ ការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការចិញ្ចឹមបក្សីស្រុកមាន់ទាជាដើម វារីវប្បកម្ម និងផលចាប់នៃការនេសាទត្រីដើម្បីជួយដោះស្រាយតម្រូវការចាំបាច់នានា។

ដើម្បីធានាបាននូវសង្គតិភាពក៏ដូចជាទំនុកចិត្តទិន្នន័យការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ នេះ ត្រូវបានធ្វើព្យាសកម្មឡើងវិញ ដើម្បីឱ្យស្របទៅនឹងទិន្នន័យជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ (CAC ២០២៣) ដែលគ្រោងនឹងចេញផ្សាយនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ ការធ្វើព្យាសកម្មឡើងវិញ គឺដើម្បីធានាបាននូវទិន្នន័យកសិកម្មប្រកបដោយសុក្រឹតភាព និងមានទំនាក់ទំនងគ្នារវាងលទ្ធផលដែលបានរកឃើញនៅក្នុងការអង្កេត និងការធ្វើជំរឿន។

លទ្ធផលនៃការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ និង២០២៣ ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាមួយដែលមានការចូលរួមពីអ្នកជំនាញជាន់ខ្ពស់មកពីវិទ្យាស្ថានស្ថិតិជាតិ (NIS) ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមជាមួយដៃគូអភិវឌ្ឍន៍នានា។ លទ្ធផលទាំងនេះបានបង្ហាញពីការរួមចំណែកដ៏សំខាន់របស់កម្ពុជាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) មួយចំនួនរួមមាន៖ SDG ២.៣.១ បរិមាណផលិតកម្មក្នុងមួយឯកតាតាមទំហំសហគ្រាសកសិកម្ម។ SDG ២.៣.២ ប្រាក់ចំណូលជាមធ្យមរបស់ក្រុមអ្នកផលិតអាហារខ្នាតតូចដោយត្រូវបានកំណត់ទៅតាមភេទ និងលក្ខខណ្ឌរបស់ជនជាតិដើមភាគតិច។SDG ២.៤.១ ទំហំផ្ទៃដីដែលត្រូវបានប្រើ ដើម្បីនិរន្តរភាពការប្រកបរបរកសិកម្ម។ SDG ៥.ក.១ សិទ្ធិកាន់កាប់ និងការផ្ដល់កម្មសិទ្ធិដីកសិកម្មត្រូវបានបែងចែកស្របតាមស្ថានភាពយេនឌ័រ។

Cambodia Advances Sustainable Development with Data-Driven Agricultural Insightsខ្លឹមសារសំខាន់ៗ នៃលទ្ធផលការអង្កេតកសិកម្មកម្ពុជារួមមាន ការកាន់កាប់ដីកសិកម្មបែបគ្រួសារមានប្រមាណ១.៨៦លានគ្រួសារ ដែលស្មើនឹង ៥២ភាគរយនៃចំនួនគ្រួសារទាំងអស់នៅទូទាំងប្រទេស។ ការកាន់កាប់ដីកសិកម្មសម្រាប់ការដាំដុះដំណាំមានចំនួន ៩៣ភាគរយ រីឯការចិញ្ចឹមសត្វ ឬបសុបក្សីមាន ៧៥ភាគរយ។ ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២បានផ្តល់នូវចំណេះដឹងប្រកបដោយគុណវិស័យខ្ពស់ ដើម្បីបម្រើឱ្យការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព រួមមានការគ្រប់គ្រងដី និងទឹក កសិរុក្ខកម្ម និងភាពធន់ទៅនឹងអាកាសធាតុ។

ទិន្នន័យលម្អិតអំពីការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ត្រូវបង្ហោះផ្សាយជាសាធារណៈនៅលើបញ្ជីទិន្នន័យជាតិរបស់កម្ពុជា https://microdata.nis.gov.kh  ដែលការណ៍នឹងជួយធានាបាននូវប្រភពធនធានទិន្នន័យដ៏សម្បូរបែបសម្រាប់ការងាររបស់អ្នកស្រាវជ្រាវ និងអ្នកចងក្រងគោលនយោបាយផ្សេងៗ។ ទិន្នន័យលម្អិត (មីក្រូទិន្នន័យ) នៃការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅដើម២០២៥ខាងមុខនេះ។

ការអង្កេតកសិកម្មកម្ពុជា គឺជាកម្មវិធីដែលត្រូវបានអនុវត្តក្រោមការដឹកនាំរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងដោយមានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) តាមរយៈគំនិតផ្តួចផ្តើម ៥០x២០៣០ ដោយមានគោលដៅបិទបញ្ចប់គម្លាតទិន្នន័យកសិកម្ម។ គំនិតផ្តួចផ្តើមនេះបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាលើការចងក្រងគោលនយោបាយផ្អែកលើភស្តុតាងជាក់ស្ដែង និងការដឹកនាំរបស់ប្រទេសសមីលើការជំរុញស្ថិតិកសិកម្មរបស់ខ្លួន។

Cambodia Advances Sustainable Development with Data-Driven Agricultural Insightsស្របពេលនៃពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្ម​នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ​បាន​ពន្យល់​ថា៖​​ «ប្រភពទិន្នន័យអង្កេតកសិកម្មនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការប្រើប្រាស់សម្រាប់គណនាតម្លៃបន្ថែម និងកំណើនសេដ្ឋកិច្ចនៃវិស័យកសិកម្មនៅកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា»។

ចំណែកលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃលទ្ធផលការអង្កេតកសិកម្មនេះថា៖ «លទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ គឺមានអត្ថន័យ លើសពីស្ថិតិទៅទៀត។ ទិន្នន័យទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការ និងចក្ខុវិស័យរួមក៏ដូចជាការប្តេជ្ញាចិត្តឥតងាករេរបស់យើង។ ជោគជ័យដ៏ត្រចះត្រចង់នាថ្ងៃនេះ គឺបានស្ដែងឱ្យឃើញនូវភាពជាដៃគូដ៏ស្អិតរមួតរវាងវិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមកិច្ចគាំទ្រនៃគំនិតផ្តួចផ្តើម៥០x២០៣០ ដែលគោលដៅគឺដើម្បីបិទបញ្ចប់គម្លាតទិន្នន័យកសិកម្ម»។

Cambodia Advances Sustainable Development with Data-Driven Agricultural Insightsលោកស្រីក៏បានគូសបញ្ជាក់បន្ថែមអំពីអត្ថប្រយោជន៍ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការនេះថា៖ «កិច្ចសហប្រតិបត្តិការរបស់យើងបានរួមចំណែកយ៉ាងច្រើនដល់ការលើកកម្ពស់វិធីសាស្ត្រ ព្រមទាំងបង្កើតបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីទទួលបានទិន្នន័យប្រកបដោយគុណភាពខ្ពស់ ដែលការណ៍នេះនឹងជួយផ្តល់ភាពអង់អាចដល់អ្នកចងក្រងគោលនយោបាយ
អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយពុទ្ធិ ទោះកំពុងរងនូវអថិរភាពផ្នែកសេដ្ឋកិច្ចក៏ដោយ»។

ការដាក់ឱ្យដំណើរការការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ និង២០២៣នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការអង្កេតបន្តបន្ទាប់នាពេលអនាគតរួមទាំងការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដែលទើបតែបានបិទបញ្ចប់ការប្រមូលទិន្នន័យកាលពីពេលថ្មីៗ កន្លងទៅនេះផងដែរ ហើយក្នុងនោះក៏មានម៉ូឌុលមួយដែលពន្យល់ពីការប្រើប្រាស់គ្រឿងយន្ត បរិក្ខារ និងសម្ភារៈផ្សេងៗ (MEA)។

Cambodia Advances Sustainable Development with Data-Driven Agricultural Insightsបន្ថែមពីលើនេះ ជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ កំពុងស្ថិតក្នុងដំណាក់កាលនៃការវិភាគចុងក្រោយ និងត្រូវបានរំពឹងថានឹងចេញផ្សាយនៅដើមឆ្នាំ២០២៥ខាងមុខ។ ដោយទទួលបានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ នឹងបន្តរួមចំណែកដល់ការពង្រឹងគុណភាពទិន្នន័យ និងសមត្ថភាពជាតិលើការវិភាគស្ថិតិ ព្រមទាំងជួយជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព។

ប្រភពធនធានឯកសារ៖ https://www.nis.gov.kh/index.php/km ទិន្នន័យលម្អិត (មីក្រូទិន្នន័យ) https://microdata.nis.gov.kh តារាងទិន្នន័យ CAMSTAT៖ https://camstat.nis.gov.kh/topic/agriculture

រូបភាពដោយ៖ សហការី

Cambodia Advances Sustainable Development with Data-Driven Agricultural Insights

LEAVE A REPLY

Please enter your comment!
Please enter your name here