ភ្នំពេញ៖ កំណើនប្រជាជនយ៉ាងឆាប់រហ័ស សកលភាវូបនីយកម្ម និងការសឹករិចរិលបរិស្ថានកំពុងធ្វើឱ្យការគំរាមកំហែងសុខភាពកាន់តែមានភាពស្មុគស្មាញ។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការសហការគ្នាពីគ្រប់វិស័យ។ អភិក្រមសុខភាពតែមួយផ្តោតលើអន្តរទំនាក់ទំនងនៃសុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដែលការគំរាមកំហែងមកលើផ្នែកមួយ អាចជះឥទ្ធិពលទៅលើផ្នែកទាំងអស់។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) កម្មវិធី Fleming Fund សាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារកាត់បន្ថយ និងការពារការគំរាមកំហែង (DTRA) កំពុងដឹកនាំកិច្ចការដើម្បីលើកកម្ពស់អ្នកធ្វើការផ្នែកសុខភាពតែមួយ។ គំនិតផ្ដួចផ្តើមទាំងនេះផ្តោតលើការបង្ការនិង គ្រប់គ្រងជំងឺការដោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ការធានាសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺពីសត្វទៅមនុស្សនៅប្រទេសកម្ពុជា។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិបានចាប់ផ្តើមវេទិកាសាលារៀនអំពីជំងឺផ្តាសាយបក្សីជាលើកដំបូងរបស់ខ្លួនក្នុង ឆ្នាំ២០១៣ ដើម្បីអប់រំកុមារអំពីហានិភ័យនៃជំងឺនេះ។ វេទិកាទាំងនេះមានការចូលរួមពីសិស្សដែលកំណត់ចំពោះសិស្សមាន អាយុក្រោម១២ឆ្នាំ គ្រូបង្រៀន និងនាយកសាលាដោយផ្តោតលើវិធានការជាក់ស្តែងដើម្បីការពារជំងឺផ្តាសាយបក្សី។ ការវាយ តម្លៃក្នុងឆ្នាំ២០១៨ បានគូសបញ្ជាក់ពីភាពជោគជ័យរបស់វេទិកាក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយសុវត្ថិភាពក្នុង ចំណោមអ្នកចូលរួម។

កត្តាជំរុញនៅពីក្រោយវេទិកាទាំងនេះគឺផ្អែកយ៉ាងច្បាស់ថា ប្រហែល ៧៥% នៃករណីមនុស្សដែលឆ្លងជំងឺផ្តាសាយបក្សី H5N1 ក្នុងកម្រិតធ្ងន់ធ្ងរនៅប្រទេសកម្ពុជាបានកើតលើកុមារអាយុក្រោម១២ឆ្នាំ។ ជាការឆ្លើយតបអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បានកំណត់អាទិភាពឱ្យមានការចូលរួមពីសិស្សវ័យក្មេង និងអ្នកអប់រំរបស់ពួកគេ។ តាមរយៈមូលនិធិរបស់ USAID វេទិកាទាំងនេះបង្រៀនពីវិធានការបង្ការដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងនៅតំបន់ដែលមានហានិភ័យខ្ពស់។
លោក Christopher Kelly នាយកបេសកកម្មស្ដីទីប្រចាំកម្ពុជារបស់ USAID មានប្រសាសន៍ថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដែលកំពុងកើតមានដូចជាជំងឺផ្ដាសាយបក្សី H5N1 ធ្វើការក្នុងភាពជាដៃគូជាង៣០ឆ្នាំមកហើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាពនៅប្រទេសកម្ពុជា»។
លោកបន្ថែមថា៖ «ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្ហាញថាជំងឺមិនស្គាល់ព្រំដែនឡើយ ដែលនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើជាដៃគូជាមួយកម្ពុជា ដើម្បីពង្រឹងសន្តិសុខសុខភាពពិភពលោកតាមរយៈការដោះស្រាយការគំរាមកំហែងមកលើសុខភាពមនុស្ស សុខភាពសត្វ និងវិស័យបរិស្ថាន»។
ក្នុងឆ្នាំ២០២៤ទាំងមូល អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិបានរៀបចំវេទិកាសាលារៀនជាង១០០ នៅទូទាំងខេត្ត ចំនួន១០ ដែលបញ្ជ្រាបទៅដល់មនុស្សប្រមាណ ៣៦,០០០នាក់។ ព្រឹត្តិការណ៍នេះផ្តោតលើវិធានការសុវត្ថិភាពជាក់ស្តែងដូច ជាការអនុវត្តអនាម័យ និងការកាត់បន្ថយការទាក់ទងជាមួយបក្សីដែលអាចចម្លងជំងឺដើម្បីកាត់បន្ថយការចម្លងវីរុសនៅក្នុងភូមិ និងគ្រួសារ។
លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា៖ «ការការពារសហគមន៍របស់យើង ជាពិសេសកុមារពីជំងឺផ្តាសាយបក្សី តរូវការលើសពីកិច្ចខិតខំប្រឹងប្រែងតែម្ខាងប៉ុន្តែទាមទារឱ្យមានអភិក្រមសុខភាពតែមួយដ៏ពេញលេញ។ តាមរយៈការចូលរួមរបស់សិស្សានុសិស្សនិងគ្រូបង្រៀននៅក្នុងវេទិកាសាលារៀនរបស់យើង និងការតាមដានតំបន់ដែលមានហានិភ័យខ្ពស់ដូចជាទីផ្សារបក្សីរស់ ពួកយើងឆ្លើយតបទៅនឹងអន្តរទំនាក់ទំនងនៃសុខភាពមនុស្ស សត្វ និងបរិស្ថាន។ ដោយមានការគាំទ្រពីដៃគូដូចជា USAID ពួកយើងកំពុងកសាងអនាគតប្រកបដោយសុវត្ថិភាព និងសុខភាពល្អសម្រាប់ទាំងអស់គ្នាដែលរួមចំណែកដល់ផលិតកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវិតកាន់តែប្រសើរ ខណៈពេលដែលធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល»។

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិក៏បាននិងកំពុងតាមដានហានិភ័យនៃជំងឺផ្តាសាយបក្សីតាមរយៈការអង្កេតទីផ្សារបក្សីរស់ចាប់តាំងពីឆ្នាំ២០០៧។ ទីផ្សារបក្សីរស់ដែលសត្វស្លាបត្រូវបានលក់និងសម្លាប់នៅនឹងកន្លែងដើរតួនាទីយ៉ាងសំខាន់ក្នុងទីផ្សារបសុបក្សីប៉ុន្តែបង្កហានិភ័យយ៉ាងខ្លាំងក្លាក្នុងការរីករាលដាលវីរុសផ្តាសាយបក្សី។ ការអង្កេតតាមដានបានពង្រីកទូទាំងខេត្តចំនួន១២ ដោយបែងចែករវាងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ (NAHPRI) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC)។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិបានពង្រីកកិច្ចការតាមដានជំងឺនៅឆ្នាំ២០២៤ ដោយចាប់ផ្ដើមប្រមូលយកសំណាកនៅតាមសត្តឃាតដ្ឋានជ្រូក។ ការគាំទ្រពី USAID បានដើរតួយ៉ាងសំខាន់ក្នុងការងាររបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ជាពិសេសនៅតំបន់ដែលមានអាទិភាពខ្ពស់ដូចជាខេត្តបាត់ដំបងដែលជាមជ្ឈមណ្ឌលចិញ្ចឹមសត្វដ៏មានសក្ដានុពល ដែលត្រូវបានជ្រើសរើសសម្រាប់គំនិតផ្តួចផ្តើមបង្ការជំងឺគោលដៅ ក្រោមគម្រោង Global Surveillance for Health and Productivity (GSHP)។
រូបភាពដោយ៖ ទុយ អេងលី

