ភ្នំពេញ៖ លោកស្រី Samantha Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID បានប្រកាសអំពីគម្រោងថ្មីៗ របស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជានាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ នេះ។
លោកស្រី Power បានប្រកាសអំពីគម្រោងថ្មីរយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេស កម្ពុជាដែលជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។ ទីភ្នាក់ងារផ្តល់ជំនួយ USAID ដែលមានឈ្មោះថា USAID’s Community Mobilization Initiatives to End Tuberculosis 2 (COMMIT 2) នឹងត្រូវអនុវត្តដោយអង្គការ KHANA ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាធ្វើការលើជំងឺអេដស៍។
USAID សន្យាផ្តល់មូលនិធិចំនួន ៤លានដុល្លារសម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ តាមរយៈ COMMIT 2 ជំនួយនេះស្ថិតក្នុងចំណោមជំនួយធំបំផុតដែល USAID បានផ្តល់ដល់អង្គការក្នុងស្រុកមួយនៅកម្ពុជា ហើយ USAID នឹងសហការជាមួយកម្ពុជាដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្មដោយធ្វើការជាមួយសហគមន៍ក្នុងមូលដ្ឋានដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង កែលម្អការរាយការណ៍តាមប្រព័ន្ធឌីជីថលនៃករណីជំងឺរបេង និងបង្កើនការទទួលបានការបង្ការថែទាំជំងឺរបេង។
លោកស្រីនាយិកា Power ក៏បានប្រកាសអំពីការសន្យាផ្តល់មូលនិធិចំនួនជាង ១លានដុល្លារសម្រាប់ការសហការជាមួយនឹងអង្គការ UNICEF និងរាជរដ្ឋាភិបាលកម្ពុជា។ ការសហការនេះ រួមមានការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណ និងជាតិអាសេនិកក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះក្នុងបរិស្ថាន និងផលិតផលផ្សេងៗ។ លទ្ធផលនៃការអង្កេតនឹងជួយឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តុតាង ដើម្បីកែលម្អគោលនយោបាយ ស្តង់ដារ និងបទបញ្ជាទាក់ទងនឹងសារធាតុលោហៈធ្ងន់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ ហើយអាចបំពេញការងារដោយពេញលេញ។
លោកស្រី Power ក៏បានប្រកាសអំពីការផ្តល់មូលនិធិថ្មីចំនួន ១២លានដុល្លារ ដើម្បីគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់សម្រាប់សហគមន៍មូលដ្ឋាន។ រហូតមកដល់ពេលនេះ ដៃគូរបស់សហរដ្ឋអាមេរិកបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង ១,៥ លាននៅលើទំហំផ្ទៃដីប្រមាណ ២៣០ ០០០ (ម្ភៃបីម៉ឺន) Acre នៅកម្ពុជា ហើយការបន្តការងារនេះនឹងជួយសង្គ្រោះជីវិត និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាព ហើយប្រជាជនមានសុខភាពល្អ។
ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពនៅកម្ពុជា គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងដឹងថា យើងទាំងអស់គ្នាមានសុវត្ថិភាពកាន់តែច្រើន នៅពេលដែលជំងឺឆ្លងដូចជាជំងឺរបេងមានកម្រិតទាប ហើយយើងកាន់តែរឹងមាំ នៅពេលយើងទទួលបានការថែទាំសុខភាពដោយស្មើភាពគ្នា។ ការវិនិយោគទាំងនេះជំរុញផលប្រយោជន៍រួមរបស់យើង ហើយវាបង្ហាញពីភាពជាដៃគូជ្រាលជ្រៅរវាង USAID និងប្រជាជនកម្ពុជា។ USAID នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួនដោយកែលម្អសុខភាពរបស់ប្រជាជនកម្ពុជារួមទាំងលុបបំបាត់ជំងឺរបេងឱ្យអស់ ដើម្បីកុំឱ្យគំរាមកំហែងសុខភាពនៅត្រឹមឆ្នាំ២០៣០ ការពារការប៉ះពាល់ដោយសារតែកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណក្នុងចំណោមម្តាយនិងកុមារ និងពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហានៃការគំរាមកំហែងមកលើសុខភាពសាធារណៈនាពេលអនាគត៕
រូបថតដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា